(ភ្នំពេញ)៖ លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស គឺជាផ្នែកមួយដ៏សំខាន់ នៃយុទ្ធសាស្ដ្រសេដ្ឋកិច្ចរយៈពេលវែងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញវិស័យឧស្សាហកម្ម ផលិតកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការបង្កើននូវបរិយាការវិនិយោគ ជាពិសេសការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស ការជំរុញ និងការបង្កើនការនាំចេញ ការបង្កើតការងារ និងជំនាញជូនពលរដ្ឋកម្ពុជា ព្រមទាំងសកម្មភាពសេដ្ឋកិច្ចជាច្រើនទៀតផង។
ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងឱកាសដែរ លោកអគ្គនាយក និងប្រតិភូអមដំណើរ បានទៅបំពេញទស្សនកិច្ចចុះពិនិត្យ តំបន់សេដ្ឋកិច្ចពិសេស និងភណ្ឌាគារគយមានដែនកំណត់ របស់ក្រុមហ៊ុន ឃែរី វើលដ៍ប្រ៊ីដ ឡូជីស្ទីក ដែលគ្រោងចំណាយទុនវិនិយោគប្រមាណ២៥០លានដុល្លារ លើទំហំផ្ទៃដីប្រមាណ៦៣ហិកតា តាមដងផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិសាស្ដ្រ ភូមិដំណាក់សង្កែ និងភូមិព្រែកកំពឹស ខណ្ឌដង្កោ។
ក្នុងឱកាសនោះ លោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានជួបសំណេះសំណាលជាមួយលោកឧកញ៉ា អគ្គនាយកក្រុមហ៊ុន Kerry Worldbridge Logistics Limitted និងធុរជនមួយចំនួន ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយ លើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ព្រមទាំងជំរុញលើកទឹកចិត្ត និងគាំទ្រឲ្យមានការវិនិយោគឲ្យបានច្រើនក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ។
ជាមួយគ្នានោះដែរ លោកអគ្គនាយកគយ និងរដ្ឋាករកម្ពុជា និងប្រតិភូអមដំណើរ ក៏បានពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់សេដ្ឋកិច្ចពិសេស Kerry Worldbridge Logistics Limitted ជាពិសេសការិយាល័យធ្វើការ ទីតាំងឃ្លាំង និងកន្លែងតាំងបង្ហាញទំនិញ របស់ភណ្ឌាគារគយមានដែនកំណត់ ដែលនឹងឈានទៅពិនិត្យលក្ខខណ្ឌកិច្ចសន្យា និងអាចដាក់ឲ្យដំណើរការនាពេលដ៏ខ្លីខាងមុខនេះ។
សូមបញ្ជាក់ថា ផ្ទៃដីមួយផ្នែកប្រមាណ១៥ហិកតា នៃតំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកភាពជាគោលការណ៍ អនុញ្ញាតឲ្យបង្កើត និងធ្វើអាជីវកម្មភណ្ឌាគារគយមានដែនកំណត់ ដើម្បីពិនិត្យលទ្ធភាពសម្រួលពាណិជ្ជកម្មបន្ថែមទៀត ជូនវិនិយោគិន៕