(សៀមរាប)៖ ក្នុងមហាសន្និបាតសភាតំបន់អាស៊ី APA ដែលធ្វើឡើងក្រោមប្រធានបទស្តីពីការជំរុញសន្តិភាព និងការអភិវឌ្ឍ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានវាយសំពងធ្ងន់ៗទៅលើប្រទេសអាមេរិក និងប្រទេសតំបន់អឺរ៉ុប ក្នុងរឿងសង្រ្គាម នៅបណ្តាប្រទេសតំបន់មជ្ឈឹមបូព៌ា។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសង្រ្គាមនៅប្រទេសទាំងនោះកើតឡើងដោយបដិវត្តន៍ពណ៌ ព្រោះតែការស្អប់ខ្ពើមបុគ្គល ឬចង់ប្តូររបបដឹកនាំ ក្រោមរូបភាព នៃការប្រកាន់របបលទ្ធិប្រជាធិបតេយ្យ និងការទាមទារសិទ្ធិមនុស្ស។ (សូមស្តាប់ប្រសាសន៍សម្តេចតេជោប្រមាណ១៧នាទី នៅខាងក្រោម)៖
នៅចំពោះមុខថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា និងអង្គការពាក់ព័ន្ធមកពីប្រទេសក្នុងតំបន់អាស៊ីសរុបជាង២០ប្រទេស សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព នៅកម្ពុជា បានបង្ហាញកង្វល់យ៉ាងខ្លាំង ចំពោះការកើតមានភ្លើងសង្រ្គាមនៅបណ្តាប្រទេសមជ្ឈឹមបូព៌ា ដែលកំពុងនាំមកនូវទុក្ខវេទនាសម្រាប់ប្រជាពលរដ្ឋ និងមិនទាន់អាចស្វែងរកសន្តិភាពបាននៅឡើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចាត់ទុកសង្រ្គាមនៅបណ្តាប្រទេសទាំងអស់នោះ ផ្តើមចេញពីបដិវត្តន៍ពណ៌ ផ្តើមចេញពីការស្អប់បុគ្គល និងការការចង់ផ្តួលរំលំរបបមួយ ដែលពួកគេមិនពេញចិត្ត។ សម្តេចតេជោ ហ៊ុន សែន ថា កម្ពុជាក៏ត្រូវបានធ្លាក់ក្នុងភ្លើងសង្រ្គាមក្នុងទសវត្សរ៍ឆ្នាំ៧០ ដែលផ្តើមចេញពីការស្អប់ ប្រមុខដឹកនាំកម្ពុជាសម្តេច នរោត្តម សីហនុ ក្នុងសម័យនោះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «តើដល់ពេលយើងត្រូវវាយតម្លៃពីបដិវត្តន៍ពណ៌ហើយឬនៅ? មកដល់ពេលនេះអ្នកដែលបានផ្តួចផ្តើមធ្វើ គំនិតពណ៌ ហើយអ្នកធ្លាប់អបអរសាទរបដិវត្តន៍ពណ៌ ពួកគេទៅពួនសម្ងំនៅទីណា? ទីកន្លែងដែលកើតឡើងនូវតំបន់សង្រ្គាមផ្តួលរំលំតាមកម្លាំងយោធា និងរំលំ តាមរយៈបដិវត្តន៍ពណ៌កំពុងតែរងនូវវិនាសកម្មយ៉ាងធ្ងន់ធ្ងរ នោះក្រោមរូបភាពនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ការផ្តួលរំលំរបប សាដាំ ហូសេន តើបានផ្តល់ផលប្រយោជន៍អ្វីខ្លះទៅ សម្រាប់ប្រជាជនអ៉ីរ៉ាក់ ការផ្តួលរំលំ បេន អាលី នៅទុយនេស៊ី ការផ្តួលរំលំ ហ្គាដាហ្វី នៅលីប៊ី ការផ្តួលរំលំ ហូស្នី មូបារ៉ាក់ នៅអេហ្ស៊ី ការប្រឆាំងនឹងរបបដឹកនាំដោយប្រធានាធិបតីអាសាដ ក៏ដូចជាសង្រ្គាមផ្ទុះនៅយ៉េមែន ទាំងអស់នេះ តើនរណាជាអ្នកទទួលខុសត្រូវ? តើដើម្បីប្តូរមនុស្សម្នាក់ និងបុគ្គលម្នាក់ ឬក៏រដ្ឋាភិបាលមួយ នាំទៅដល់ការស្លាប់មនុស្សរាប់ម៉ឺន រាប់សែន រាប់លានបែបនេះ ឬទេ?»។
សម្តេចតេជោ ហ៊ុន សែន ចោទជាសំណួរទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិផងដែរថា តើគួរតែកាត់ទោសក្រុមប្រទេសដែលនាំឲ្យមានសង្រ្គាមនេះ ឬក៏ត្រូវផ្តល់រង្វាន់ ណូប៊ែលដល់ពួកគេ។
សម្តេចនាយករដ្ឋមន្រ្តី ថ្លែងយ៉ាងដូច្នេះ «តើបដិវត្តន៍ពណ៌វាជាទីគួរឲ្យស្រឡាញ់ ឬក៏ជាទីគួរឲ្យស្អប់ខ្ពើម? តើតុលាការឧក្រិដ្ឋកម្មអន្តរជាតិ គួរកាត់ទោសពួកមេក្លោង ដែលធ្វើឲ្យប្រជាជនអ៉ីរ៉ាក់ និងប្រជាជននៅបណ្តាប្រទេសនៅមជ្ឈឹមបូព៌ាយកទៅកាត់ទោស ឬត្រូវពាក់មេដាយ ជាពានណូបែលឲ្យពួកអ្នកទាំងនេះ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានទាមទារឲ្យប្រទេសនៅតំបន់អឺរ៉ុប ទទួលខុសត្រូវលើជោគវាសនារបស់ប្រជាពលរដ្ឋនៅតំបន់មជ្ឈឹមបូព៌ា ដែលកំពុងរងទុកវេទនា ហើយស្វែងរកការជ្រកកោណនៅតំបន់អឺរ៉ុបផងដែរ។
សម្តេចតេជោ ថ្លែងបន្តថា «ម៉ោងនេះ ខ្ញុំគិតថា តំបន់មួយចំនួននៅក្នុងប្រទេសអ៉ីរ៉ាក់ ជាពិសេសក្រុងមូស៊ូល និងតំបន់មួយចំនួននៅប្រទេសស៊ីរី កំពុងរងការវាយប្រហារ គ្នាយ៉ាងធ្ងន់ធ្ងរ។ ជាមួយជនភៀសខ្លួនមួយចំនួនដែលកំពុងរត់ភៀសខ្លួនពីលីប៊ី ចេញពីស៊ីរី ចេញពីយេម៉ែន ទៅកាន់អឺរ៉ុប ក្នុងពេលអឺរ៉ុប កំពុងបិទទ្វារ។ ខ្ញុំអំពាវនាវចំពោះ ប្រទេសអឺរ៉ុប ទទួលយកជនភៀសខ្លួនទាំងនោះ ឲ្យមានការស្នាក់នៅសមរម្យ មានការងារធ្វើ ព្រោះនេះជាការទទួលខុសត្រូវរបស់អស់លោកអ្នក ដែលគាំទ្រនយោបាយរបស់សហរដ្ឋអាមេរិក លើបញ្ហាបដិវត្តន៍ពណ៌»។
សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងទៅកាន់សមាជិកសភាតំបន់អាស៊ីផងដែរថា ដើម្បីរក្សាបាននូវសុខសន្តិភាព គឺត្រូវតែទប់ស្កាត់កុំឲ្យមាន អ្នកលូកដៃបង្កើតនូវភ្លើងសង្រ្គាម៕
សូមស្តាប់ប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងចេញពីខេត្តសៀមរាបអំពីបញ្ហាសង្គ្រាមនៅមជ្ឈឹមបូព៌ា៖