Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ មានគុណភាពស្ដង់ដារ​ទទួលស្គាល់ជាសាកល ធានាសុវត្តិភាពអ្នកជំងឺ ល្អជាងគេនៅ​កម្ពុជា

28-11-2016 19:17

(ភ្នំពេញ)៖ ក្នុងពិធីបើកសម្ពោធ «មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ» នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក សំអាច វង្សខុមថង នាយកប្រតិបត្តិនៃមន្ទីរពេទ្យ បានជម្រាបជូនថា មន្ទីរពេទ្យដ៏ធំជាងគេងនៅកម្ពុជានេះ ជាមន្ទីរពេទ្យមានគុណភាពស្ដង់ដារខ្ពស់ទទួលស្គាល់ជាសាកល ធានាសុវត្ថិភាពជូនអ្នកជំងឺ ជាមន្ទីរពេទ្យល្អជាងគេតែមួយគត់ នៅកម្ពុជា។

នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន និងអតិថិជន លោក សំអាច វង្សខុមថង បានឲ្យដឹងថា «មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ បានខិតខំប្រឹងប្រែងប្ដេជ្ញាចិត្ត ក្នុងការទទួលខុសត្រូវយ៉ាងមុតមាំ ដើម្បីធានាថា មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ គឺមានគុណភាពស្ដង់ដារ ដែលទទួលស្គាល់ជាសាកល ក្នុងគោលបំណងដើម្បីឲ្យក្រុមគ្រូពេទ្យ គិលានុបដ្ឋាយិកា និងបុគ្គលិកផ្នែកផ្សេងៗទៀត ដែលពាក់ព័ន្ធក្នុងការងារនេះ បានស្គាល់ លើកកម្ពស់ និងធ្វើតាមដើម្បីធានាសុវត្ថិភាពដល់អ្នកជំងឺ»

នាយកប្រតិបត្តិ ដែលប្រកបដោយបទពិសោធន៍ខ្ពស់យូរឆ្នាំរូបនេះ បានបន្តថា ក្នុងមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញនេះ មានការថែទាំអ្នកជំងឺយ៉ាងយកចិត្តទុកដាក់បំផុត ពិសេសលើបញ្ហាសុវត្ថិភាព ក្នុងនោះមានប្រព័ន្ធសុត្ថិភាពស្ដង់ដារដ៏ល្អបំផុតមួយ និងមានការគោរពច្បាប់ដែលបានកំណត់ យ៉ាងក្រឹតក្រមបំផុតដែរ។

លោក សំអាច បានបន្ថែមថា មានសកម្មភាពស្ដង់ដារចំនួន ៨ចំណុច ដែលជាគោលការណ៍សំខាន់ៗ ក្នុងមន្ទីរពេទ្យរបស់លោក រួមមាន៖ ទី១.ការផ្ដល់សិទ្ធិដល់បុគ្គលិកគ្រប់លំដាប់ថ្នាក់ ដើម្បីផ្ដល់ព័ត៌មានជាបន្ទាន់រាល់កំហុសឆ្គងទាំងឡាយ ក្នុងការធានាទៅតាមស្ដង់ដារអន្តរជាតិ, ទី២.ការកំណត់អត្តសញ្ញាណអ្នកជំងឺឲ្យបានត្រឹមត្រូវ, ទី៣.ការផ្ដល់ព័ត៌មានរវាងអ្នកផ្ដល់សេវា
និងអ្នកទទួលខុសឲ្យមានប្រសិទ្ធភាពខ្ពស់, ទី៤.ការពង្រឹងសុវត្ថិភាពនៃការប្រើប្រាស់ថ្នាំដែលមានហានិភ័យខ្ពស់, ទី៥.ការវះកាត់ប្រកបដោយសុវត្ថិភាព, ទី៦.ការកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគផ្សេងៗ, ទី៧.ការកាត់បន្ថយហានិភ័យនៃការដួលរបស់អ្នកជំងឺ, និងទី៨.ប្រព័ន្ធគ្រប់គ្រងអាគារប្រកបដោយសុវត្ថិភាព ដូចជាបញ្ហាអគ្គីភ័យ ការសង្គ្រោះបន្ទាន់ សន្តិសុខ បច្ចេកវិទ្យាផ្នែកវេជ្ជសាស្រ្ត និងប្រព័ន្ធប្រើប្រាស់ឧបករណ៍ផ្សេងៗ។

មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ បានដំណើរការអស់រយៈពេល ២ឆ្នាំ មកហើយ រហូតមកដល់ពេលនេះ មានអ្នកជំងឺប្រមាណ ៣០០នាក់ហើយ បានចូលមកសម្រាកព្យាបាល ក្នុងមួយថ្ងៃៗ ដែលនេះ ក៏ដោយសារប្រជាពលរដ្ឋមានការជឿទុកចិត្តចំពោះមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ។

លើសពីនេះ លោក សំអាច វង្សខុមថង បានបញ្ជាក់ទៀតថា «ទាំងបច្ចេវិទ្យា ទាំងឧបករណ៍ប្រើប្រាស់ទំនើបៗ ដែលមន្ទីរពេទ្យស្ដង់ដារអន្តរជាតិនានា ដាក់ឲ្យដំណើរការ និងប្រើប្រាស់នោះ គឺមាននៅក្នុងមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ នេះទាំងអស់ ដែលមានការទទួលស្គាល់ដោយក្រុមការងារ JCI-Hospital Accreditation ព្រោះមិនងាយមានមន្ទីរពេទ្យណា ដែលទទួលស្គាល់ដោយក្រុម JCI-Hospital Accreditation នេះទេ»

សូមជម្រាបថា មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ មានទីតាំងស្ថិតតាមបណ្ដោយ មហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕