(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំដល់ក្រុមហ៊ុន នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ដល់ការធានាសុវត្ថិភាព និងសុខភាពរបស់កម្មករនិយោជិត ពិសេសត្រូវចូលរួមគាំទ្រដល់ការអនុវត្តការងាររបស់ បេឡាជាតិរបបសន្តិសុខសង្គម។
ការផ្ដល់អនុសាសន៍ណែនាំនេះ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម រវាងលោករដ្ឋមន្រ្តី អ៉ិត សំហេង ជាមួយលោក Chen Jiangang អគ្គនាយកក្រុមហ៊ុន នៃតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្នុងទីស្តីការក្រសួងការងារ។
លោក Chen Jiangang បានថ្លែងអំណរគុណចំពោះការជួយគាំទ្រយ៉ាងកក់ក្តៅពី រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងការធានាបាននូវសុខដុមនីយកម្មទំនាក់ទំនង់វិជ្ជាជីវៈ ដែលបានធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទទួលបាននូវជំនឿទុកចិត្ត រួមទាំងការទាក់ទាញអ្នកវិនិយោគ ធ្វើឱ្យក្រុមហ៊ុនមានការវិវត្តរីកចម្រើនជាខ្លាំង។
លោកអគ្គនាយកបានបន្តថា «បច្ចុប្បន្ននេះ មានក្រុមហ៊ុនវិនិយោគកើនឡើងដល់ទៅ ១០៥ក្រុមហ៊ុន ផ្តល់ការងារជូនកម្មករនិយោជិតប្រមាណ ១៦,០០០នាក់។ ជាគោលដៅនាពេលអនាគត នឹងបង្កើនផ្តល់ការងារជូនកម្មករនិយោជិតប្រមាណ ១០ម៉ឺននាក់»។
លោកអគ្គនាយក Chen Jiangang បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោករដ្ឋមន្រ្តី អ៉ិត សំហេង ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ លើគម្រោងសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈដែលនឹងជិតបញ្ចប់ នាពេលឆាប់ៗនេះ។
លោករដ្ឋមន្រ្តី អ៉ិត សំហេង បានចាត់ទុកថា «តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ជាសួនឧស្សាហកម្មគ្រប់ជ្រុងជ្រោយមួយ ដែលអាចជាគំរូដល់តំបន់សេដ្ឋកិច្ចពិសេសនានា នៅកម្ពុជា ព្រោះមិនត្រឹមតែមានប្រព័ន្ធគ្រប់គ្រងល្អទេ ថែមទាំងមានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ផ្តល់ជំនាញជូនដល់កម្មករនិយោជិត នាពេលអនាគត»។
លោករដ្ឋមន្រ្តីក៏បានស្នើឱ្យក្រុមហ៊ុនបន្តយកចិត្តទុកដាក់សហការ ឱ្យបានល្អបន្តទៀត ព្រមទាំងចូលរួមជួយផ្សព្វផ្សាយច្បាប់ស្តីពី សហជីព និងសំណូមពរឱ្យយកចិត្តទុកដាក់ខ្ពស់ដល់សុខភាព និងសុវត្ថិភាពការងាររបស់កម្មករនិយោជិត ជាពិសេសសុវត្ថិភាពដឹកជញ្ជូនកម្មករនិយោជិត ព្រមទាំងចូលរួមគាំទ្រដល់ការអនុវត្ត របបធានារ៉ាប់រងសុខភាពជូនកម្មករនិយោជិត របស់បេឡាជាតិរបបសន្តិសុខសង្គម។
លោក Chen Jiangang បានសន្យាចូលរួមសហការអនុវត្តទៅតាមអនុសាសន៍របស់ លោករដ្ឋមន្រ្តី ឱ្យបានល្អប្រសើរ។ ក្រុមហ៊ុននឹងសហការចូលរួមផងដែរ នៅក្នុងពិព័រណ៍ការងារ និងយុទ្ធនាការបង្កើនផលិតភាព ដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ គ្រោងនឹងរៀបចំនៅក្នុងខែមីនា ឆ្នាំ២០១៧ ក្រោមអធិបតីភាពរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោក Chen Jiangang គ្រោងនឹងអញ្ជើញលោករដ្ឋមន្រ្តី អ៉ិត សំហេង ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីជួយផ្សព្វផ្សាយពីសក្តានុពលវិនិយោគ ជាពិសេសការទាក់ទាញដល់ការបង្កើត មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតាមតំបន់សេដ្ឋពិសេសព្រះសីហនុនោះ ផងដែរ៕