(ភ្នំពេញ)៖ មន្ដ្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ក៏ដូចជាមន្រ្តីនគរបាលជាន់ខ្ពស់នៅខេត្តត្បូងឃ្មុំ និងកំពង់ចាម បានលួចបង្ហើបប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកានេះថា ថ្នាក់ដឹកនាំបានសម្រេចផ្លាស់ប្ដូរតំណែង ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងកំពង់ចាមហើយ ដែលបានធ្វើឡើងកាលពីពេលថ្មីៗកន្លងទៅនេះ។
មន្រ្តីនគរបាលបានបញ្ជាក់ថា យោងតាមការសម្រេចរបស់ថ្នាក់ដឹកនាំ គឺផ្លាស់ប្ដូរលោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ពីស្នងការនគរបាលខេត្តត្បូងឃ្មុំ ទៅជាអនុប្រធានសេនាធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយឡែកលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវបានផ្លាស់ទៅកាន់ស្នងការនគរបាលខេត្តត្បូងឃ្មុំជំនួសវិញ។
ដោយឡែកលោក ឯម កុសល ស្នងការរងនគរបាល និងជាប្រធានការិយាល័យកណ្ដាលប្រឆាំងបទល្មើស ខេត្តកំពង់ចាម នឹងត្រូវឡើងជាស្នងការ ជំនួសលោកឧត្តមសេនីយ៍ បែន រ័ត្ន។
យ៉ាងណាក៏ដោយ នេះជាការលួចបង្ហើមរបស់មន្ដ្រីនគរបាលមួយចំនួនតែប៉ុណ្ណោះ ប៉ុន្ដែអង្គភាព Fresh News មិនទាន់អាចសុំការបញ្ជាក់ជាផ្លូវការ ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនៅឡើយទេ៕
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន
លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ
លោកឧត្តមសេនីយ៍ ឯម កុសល