(ភ្នំពេញ)៖ ក្រុមហ៊ុនសន្តិសុខ MPA ដ៏ធំមួយ ស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន បានរងការចោទប្រកាន់ថា បង្ខំឲ្យបុគ្គលិករបស់ខ្លួនម្នាក់ កក់ប្រាក់៦០ដុល្លារទុកសិនទើបដក​អត្តសញ្ញាណប័ណ្ណ ដើម្បីយកទៅចុះឈ្មោះបោះឆ្នោតបាន។

ការចោទប្រកាន់នេះបានកើតមានឡើង ក្រោយពីបុគ្គលិករបស់ក្រុមហ៊ុនសន្តិសុខ MPA លោក លឹម រី អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះជួលផ្លូវរថភ្លើង ក្រុម៥ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានរៀបរាប់ប្រាប់អ្នកសារព័ត៌ថា ដោយមានផលលំបាកច្រើន ក្នុងការធ្វើដំណើរ ដោយថ្មើរជើងចេញពីផ្ទះ ទៅកន្លែងយាមនៅភោជនីយដ្ឋាន «Grand Palace» ក្បែរផ្សារធំថ្មី គឺវាឆ្ងាយពេក គាត់ក៏បានលាឈប់ពីការងារជាសន្តិសុខរបស់ រយះពេលជាងមួយខែមកហើយ តែអត្តសញ្ញាណប័ណ្ណច្បាប់ដើមត្រូវបានតម្កល់នៅក្នុងក្រុមហ៊ុន ហើយដកមិនបាននោះទេ។

លោកបន្តទៀតថា «២ដងមកហើយ ដែលខ្ញុំបានស្នើក្រុមហ៊ុនសន្តិសុខ MPA ដើម្បីសុំដកអត្តសញ្ញាណប័ណ្ណ ក្នុងគោលបំណងយកទៅចុះឈ្មោះបោះឆ្នោត កាលពីដើម ខែវិច្ឆិកាប៉ុន្តែមិនបាន​សម្រេចឡើយ ដោយក្រុមហ៊ុនតម្រូវឲ្យបង់ប្រាក់កក់ទុក៦០ដុល្លារសិនទើបដកអត្តសញ្ញាណប័ណ្ណបាន»

លុះមកដល់ចុងខែវិច្ឆិកាថ្មីៗនេះ ដោយសារវាកាន់តែខិតជិត ដល់ថ្ងៃបញ្ចប់នៃការចុះឈ្មោះបោះឆ្នោតទើបខ្ញុំសម្រេចទៅក្រុមហ៊ុនសន្តិសុខម្ដងទៀត ដើម្បីស្នើរសុំដកអត្តសញ្ញាណប័ណ្ណ ក៏៏នៅតែមិនបានសម្រេចដដែល។

ដោយឡែក តំណាងក្រុមហ៊ុនសន្តិសុខ MPA បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មិនទាន់អាចបញ្ជាក់បាននៅឡើយទេ  ចំពោះការចោទប្រកាន់​នេះ ដោយសារក្រុមការងារធនធានមនុស្សរបស់ក្រុមហ៊ុន ជាប់រវល់ទៅបំពេញភារកិច្ចនៅប្រទេសម៉ាឡេស៊ីទាល់តែថ្ងៃទី២ ដើមខែធ្នូ ឆ្នាំ២០១៦ ទើបត្រឡប់មកវិញ និងអាចឆ្លើយបកស្រាយ​បំភ្លឺជូនអ្នកសារព័ត៌មានបាន។  

ទោះបីយ៉ាងណា ជនរងគ្រោះស្នើសុំឲ្យមានកិច្ចអន្តរាគមន៍ពី សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យលើករណីនេះផង ព្រោះពលរដ្ឋត្រូវការចាំបាច់នូវ​អត្តសញ្ញាណប័ណ្ណដើម្បី​យក​ទៅបម្រើការងារផ្សេងៗ ក៏ដូចជា ចុះឈ្មោះបោះឆ្នោតផងដែរ ហើយក្រុមហ៊ុននីមួយៗ ពេលជ្រើសរើសបុគ្គលិកមិនគួរណា យកអត្តសញ្ញាណប័ណ្ណច្បាប់ដើមរបស់ពួកគេទៅរក្សាទុកដែរ គួរតែថតចម្លង(Copy)៕