(សៀមរាប)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានលើកឡើងថា ប្រជាជនប៉ាគីស្ថាន ចាប់អារម្មណ៍ ការធ្វើទេសចរនៅកម្ពុជា និងធ្វើពាណិជ្ជកម្ម បើទោះបីចំនួនអ្នក​ទេសចរ និងទំហំពាណិជ្ជកម្ម រវាងប្រទេសទាំង២ នៅមានកម្រិត នៅឡើយ។

សម្តេច សាយ ឈុំ បានថ្លែងទៀតថា តែទោះជាយ៉ាងណា នេះជាសញ្ញានៃការចាប់ផ្តើមក្រាលផ្លូវ ឆ្ពោះទៅរកការរីកចម្រើន នៃទំនាក់ទំនងលើគ្រប់វិស័យនាពេលអនាគត។ប្រទេសយើងទាំង​ពីរក៏បានគាំទ្រគ្នាទៅវិញទៅមក នៅក្នុងក្របខណ្ឌ កិច្ចសហប្រតិបត្តិការនៅលើឆាកអន្តរជាតិ ព្រមទាំងបានចុះកិច្ចព្រមព្រៀងស្តីពីការជំរុញនិងការការពារវិនិយោគ និង អនុស្សារណៈយោគ​យល់​គ្នាស្តីពីការប្រយុទ្ធប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនផងដែរ។

សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ខណៈសម្តេចទទួលជួបធ្វើសវនាការ ជាមួយលោក Mian Raza Rabbani ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ក្នុងឱកាសដែលលោក ដឹកនាំគណៈប្រតិភូ មកចូលរួម មហាន្និបាតលើកទី៩ នៃសភាតំបន់អាស៊ី (APA) នៅសណ្ឋាគារ Ankor Palace Resort នៅខេត្តសៀមរាប នៅថ្ងៃ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅចំពោះប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋ អ៊ីស្លាមប៉ាគីស្ថាន ដែលបានអញ្ជើញមកចូលរួមមហាសន្និបាតលើកទី៩ នៃសភាតំបន់អាស៊ី (APA) នាខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ សម្តេចសង្ឃឹមថា មហាសន្និបាតលើកទី៩ នៃសភាតំបន់អាស៊ី នឹងទទួល បានជោគជ័យ និងមានលទ្ធផលជាផ្លែផ្កា។

លោក Mian Raza Rabbani បានលើកសំណើរជូនសម្តេចប្រធានអំពីការប្រារព្ធខួបអនុស្សារីយ៍ទី៦៥ឆ្នាំនៃការទទួល ស្គាល់ទំនាក់ទំនងរវាងកម្ពុជា និងប្រទេសប៉ាគីសស្ថាន បន្ថែមពីលើព្រឹត្តិការផ្សេងៗរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរនឹង រួមគ្នាប្រារព្វឡើង។

លោក បានវាយតម្លៃខ្ពស់ចំពោះ អគ្គលេខាធិការព្រឹទ្ធសភាកម្ពុជា បានបំពេញទស្សនកិច្ចនៅប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។  ក្នុងដំណើរទស្សនកិច្ចនេះ អគ្គលេខាធិការដ្ឋានទាំងពីរ បានចុះហត្ថលេខា លើអនុស្សារណៈយោគយល់ ស្តីពីការជំរុញ កិច្ចសហប្រតិបត្តិការដ៍ជិតស្និតក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។

ជាការឆ្លើយតប សម្តេចវិបុលសេនាភក្តី បានបញ្ជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេស ទាំងពីរមានការរីកចម្រើនឈានឡើងមួយកម្រិតថ្មីទៀតបន្ទាប់ពី បានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៩២។

សម្តេច សាយ ឈុំ បានបន្តឲ្យដឹងថា ដើម្បីឆ្លើយតបនឹងការស្នើឲ្យទៅបំពេញនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានសម្តេច ប្រធានសន្យាថា នឹងជ្រើសរើសពេលសមស្របណាមួយ នាពេលខាមុខ សម្រាប់ដំណើរទស្សនកិច្ចមួយនេះ៕