(សៀមរាប)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញពីបំណងដ៏ពិតប្រាដករបស់កម្ពុជា ចង់ឲ្យប្រជាជាតិទាំងអស់លើពិភពលោក រួមគ្នាទប់ស្កាត់សកម្មភាពបដិវត្តន៍ពណ៌ ដែលធ្វើឲ្យមនុស្សរាប់លាននាក់ បានស្លាប់បាត់បង់ជីវិត។
ថ្លែងនៅក្នុងកិច្ចប្រជុំមហាសន្និបាត សភាតំបន់អាស៊ី លើកទី៩ នៅទឹកដីខេត្តសៀមរាប នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយសម្តេចបានចោទជាសំណួរ ទៅកាន់តុលាការអន្តរជាតិថា តើគួរនាំពួកអ្នកផ្តួចផ្តើមឲ្យមានបដិវត្តន៍ពណ៌ទៅកាត់ទោស ឬត្រូវបំពាក់មេដាយនូប៊ែលសន្តិភាព?
នាយករដ្ឋមន្រ្តីដ៏មានឥទ្ធិពលរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ត្រូវតែរួមគ្នាទប់ស្កាត់នូវសកម្មភាពបដិវត្តន៍ពណ៌ ដែលផ្តើមចេញពីការស្អប់ខ្ពើមបុគ្គលម្នាក់ បែរជាធ្វើទង្វើវីនាសកម្មសម្លាប់មនុស្សរាប់ម៉ឺនរាប់លាននាក់ ដូចជានៅកម្ពុជា ព្រោះតែការស្អប់សម្តេច សីហនុ បែរជាធ្វើឲ្យមានភ្លើងសង្រ្គាម និងសម្លាប់ពលរដ្ឋខ្មែររាប់លាននាក់»។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រទេសអឺរ៉ុប ទទួលយកជនភៀសខ្លួន មានការស្នាក់នៅសមរម្យ និងមានការងារធ្វើ ព្រោះនេះទង្វើរបស់អឺរ៉ុប ដែលគាំទ្រនយោបាយរបស់អាមេរិក។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសរសើរតួកគី ដែលមានបំណងបើកច្រកព្រំដែន ឲ្យជនភៀសខ្លួនធ្វើដំណើរទៅកាន់អឺរ៉ុប។ សម្តេចតេជោ ហ៊ុន សែន ថា បញ្ហាជនភាសខ្លួននេះ គឺជាការទទួលខុសត្រូវរបស់អឺរ៉ុប។
សម្តេចតេជោបានថ្លែងបន្តថា «ដើម្បីរក្សាសន្តិភាពបាន ទាល់តែកុំឲ្យមានអ្នកបំផ្លាញសន្តិភាព ដើម្បីរក្សាសន្តិភាពបាន ទាល់តែទប់ស្កាត់អ្នកបង្កសង្រ្គាម។ ការអភិវឌ្ឍ និងសន្តិភាព មិនអាចកាត់ផ្តាច់គ្នាបាននោះឡើយ គ្មានសន្តិភាព មិនអាចមានការអភិវឌ្ឍបាននោះឡើយ»។
សូមបញ្ជាក់ថា មហាសន្និបាតសភាតំបន់អាស៊ី APA (Asian Parliamentary Assembly) លើកទី០៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី២ បានចាប់ផ្តើមហើយនៅវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅលើទឹកដីសៀមរាបអង្គរ។
មហាសន្និបាតនេះ ត្រូវបានប្រារព្ធធ្វើឡើងដោយមានការអញ្ជើញចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ នៃរដ្ឋសភា ព្រឹទ្ធសភា មកពីបណ្តាប្រទេសជាសមាជិកសភាតំបន់អាស៊ី ២៣ប្រទេស ជាមួយនឹងវត្តមានគណៈប្រតិភូបណ្តាប្រទេសជាអ្នកសង្កេតការណ៍ អង្គការដៃគូរបស់សភាតំបន់អាស៊ីជាច្រើនទៀត។
មហាសន្និបាតសភាតំបន់អាស៊ីលើកទី៩ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនីរន្តរភាពនៅក្នុងតំបន់»។
មហាសន្និបាតត្រូវបានចាប់ផ្តើមជាមួយនិងព្រះរាជសារស្វាគមន៍របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ សម្តេចតេជោ ហ៊ុន សែន សម្តេច ហេង សំរិន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានឡើងថ្លែងនូវសុន្ទរកថាគន្លឹះផងដែរ៕