(សៀមរាប)៖ ថ្លែងទៅកាន់ថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា មកពីបណ្ដាប្រទេសជាសមាជិក សភាតំបន់អាស៊ី ទាំង២៣ប្រទេសព្រមទាំងគណៈប្រតិភូ បណ្ដាប្រទេសជាអ្នកសង្កេតការណ៍ និងអង្គការជាដៃគូរជាច្រើននាក់ ក្នុងមហាសន្និបាតសភាតំបន់អាស៊ី APA (Asian Parliamentary Assembly) លើកទី៩ នៅទឹកដីសៀមរាបអង្គរ ខេត្តសៀមរាប នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់លែងត្រូវការសង្គ្រាមទៀតហើយ។

(សូមស្តាប់ប្រសាសន៍សំខាន់របស់ សម្តេចតេជោខាងក្រោម)៖

នាយករដ្ឋមន្រ្តីកម្ពុជា ដែលយកជីវិតធ្វើដើមទុន ដើម្បីបញ្ចប់សង្គ្រាម ហើយប្រឹងទាំងភាពវេទនាបំផុតលើការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនោះបានបញ្ជាក់ថា «កម្ពុជាត្រូវបានញ៉ាំញីដោយភ្លើងសង្រ្គាមចាប់តាំងពីសង្រ្គាមលោកលើកទី២ ហើយត្រូវបានបិទបញ្ចប់ទំព័រខ្មៅងងឹងនៅក្រោយថ្ងៃទី០៧ មករា ១៩៧៩។ ដូច្នេះ ប្រជាពលរដ្ឋកម្ពុជា មិនចង់ឃើញភ្លើងសង្រ្គាមទៀតនោះឡើយ ហើយប្រជាជាតិដទៃ ក៏មិនចង់ឃើញផងដែរ ដែលទាមទារឲ្យមានការរួមគ្នា ដើម្បីទប់ស្កាត់នូវភ្លើងសង្រ្គាមនេះ»។

សូមបញ្ជាក់ថា មហាសន្និបាតសភាតំបន់អាស៊ី APA (Asian Parliamentary Assembly) លើកទី០៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី២ បានចាប់ផ្តើមហើយនៅវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅលើទឹកដីសៀមរាបអង្គរ។

មហាសន្និបាតនេះ ត្រូវបានប្រារព្ធធ្វើឡើងដោយមានការអញ្ជើញចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំ នៃរដ្ឋសភា ព្រឹទ្ធសភា មកពីបណ្តាប្រទេសជាសមាជិកសភាតំបន់អាស៊ី ២៣ប្រទេស ជាមួយនឹងវត្តមានគណៈប្រតិភូបណ្តាប្រទេសជាអ្នកសង្កេតការណ៍ អង្គការដៃគូរបស់សភាតំបន់អាស៊ីជាច្រើនទៀត។

មហាសន្និបាតសភាតំបន់អាស៊ីលើកទី៩ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនីរន្តរភាពនៅក្នុងតំបន់»។ មហាសន្និបាតត្រូវបានចាប់ផ្តើមជាមួយនិងព្រះរាជសារស្វាគមន៍របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ សម្តេចតេជោ ហ៊ុន សែន សម្តេច ហេង សំរិន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានឡើងថ្លែងនូវសុន្ទរកថាគន្លឹះផងដែរ៕

សូមស្តាប់ប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន​ សែន ថ្លែងអំពីបញ្ហាសង្គ្រាមនៅនៅមជ្ឈឹមបូព៌ា៖