(ភ្នំពេញ)៖ សាលាខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៨ ខែវិចិ្ឆកា ឆ្នាំ២០១៦នេះ បានរៀបចំសិក្ខាសិលា សមាហរណកម្ម កម្មវិធីវិនិយោគសង្កាត់ នៅថ្នាក់ខណ្ឌ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខណ្ឌ ២០១៧-២០១៩ ដើម្បីផ្សព្វផ្សាយពីគំរោងសកម្មភាពសង្កាត់ខណ្ឌ២០១៦ សម្រាប់អនុវត្តឆ្នាំ២០១៧។

ពិធីនេះធ្វើឡើងក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ លោក ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌ លោក សេង គន្ធ អភិបាលស្តីទី លោក កែវ សុភា អភិបាលរងលោក គឹម ច័ន្ទឌីណា ប្រធានមន្ទីរផែនការរាជធានីភ្នំពេញ ប្រធាននិងអនុប្រធានមន្ទីរអង្គការនិងសប្បុរសជន ចៅសង្កាត់ទាំង១០សង្កាត់និងមន្ត្រីសាលាខណ្ឌជាច្រើនរូបទៀត។

លោក សេង គន្ធ អភិបាលស្តីទី ថ្លែងនៅក្នុងពិធីបានឲ្យដឹងថា សិក្ខាសិលាសមាហរណកម្ម កម្មវិធីវិនិយោគសង្កាត់ នៅថ្នាក់ខណ្ឌនិងកម្មវិធីវិនិយោគបីឆ្នាំ រំកិលខណ្ឌ២០១៧-២០១៩ នាពេលនេះ សិក្ខាសិលានេះជាការរួមចំណែក យ៉ាងសំខាន់ដើម្បីគាំទ្រនូវ គម្រោងសកម្មភាពដែលជាតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក សេង គន្ធ បានឲ្យដឹងថា ការរៀបចំសិក្ខាសិលាសមាហរណកម្មផែនការសង្កាត់និងកម្មវិធីវិនិយោគនៅពេលនេះ មានគោលបំណង ដើម្បី៖១.ផ្សព្វផ្សាយពីគំរោងសកម្មភាពក្នុងកម្មវិធីវិនយោគសង្កាត់ខណ្ឌ២០១៦ សម្រាប់អនុវត្តក្នុងឆ្នាំ២០១៧ និងទី២.ស្នើរសុំការគាំទ្រពីមន្ទីជំនាញអង្គការ ដៃគូអភិវឌ្ឍន៍នានាផ្នែកឯកជននិងសប្បុរសជន ដែលចាប់អារម្មណ៍លើគម្រោងស្នើឡើងរបស់ សង្កាត់និងខណ្ឌទោះបីតិចក្តីច្រើនក្តី។

លោកបានបន្តថា លទ្ធផលនៃការអនុវត្តគម្រោងកម្មវិធីវិនិយោគបីឆ្នាំ រំកិលខណ្ឌដែលបានគាំទ្រក្នុងសិក្ខាសាលាសមាហរណកម្មឆ្នាំ២០១៦ ទទួលបានការគាំទ្រ សរុបចំនួន៩៦គម្រោងអនុវត្ត៨៩គម្រោងសម្រេចបាន៩២%ក្នុងនោះរួមមាន៖ផ្នែកសេដ្ឋកិច្ចមានចំនួន២៣គម្រោង អនុវត្តបាន១៩គម្រោងស្មើ៨២% ផ្នែកសង្គមកិច្ចចំនួន៤៨ គម្រោងអនុវត្តបាន៤២គម្រោងស្មើ៨៧%  ផ្នែកគ្រប់គ្រងដីធ្លីធនធានធម្មជាតិបរិស្ថានចំនួន១១ គម្រោងអនុវត្តបាន១១គម្រោងស្មើ១០០% ផ្នែកសេវាកម្មរដ្ឋបាលនិងសន្តិសុខ ចំនួន១៤គម្រោងអនុវត្តបាន១៤គម្រោងស្មើ១០០% ។

លោកបានបព្ជាក់បន្ថែមទៀតថា គម្រោងកម្មវិធីវិនិយោគបីឆ្នាំ រំកិលខណ្ឌ២០១៧-២០១៩ មានចំនួន១០២គម្រោងរួមមាន៖ ផ្នែកសេដ្ឋកិច្ចមានចំនួន៣០គម្រោង ផ្នែកសង្គមកិច្ច មានចំនួន៤៥គម្រោងផ្នែកសេវាកម្ម រដ្ឋបាល និងសន្តិសុខមានចំនួន១៧គម្រោង និងគម្រោងអាទិភាពប្រចាំឆ្នាំ២០១៧ របស់សង្កាត់ទាំង១០ មានចំនួន៤១៥ គម្រោងរួមមាន៖ វិស័យកសិកម្ម៤១គម្រោង វិស័យអាជីកម្ម២៧ គម្រោង វិស័យអប់រំ ១២គម្រោង វិស័យសុខភាព៩៤គម្រោង វិស័យភាពងាយរងគ្រោះ០៤គម្រោង វិស័យបរិស្ថាន ៥៣គម្រោងវិស័យរដ្ឋបាលនិង សន្តិសុខ១៤៣គម្រោងនិងវិស័យយេនឌ័រ៣៧គម្រោង៕