(សៀមរាប)៖ អ្នកនាំពាក្យមហាសន្និបាតសភាតំបន់អាស៊ី APA លោក ឈាង វុន បានថ្លែងថា សភាតំបន់អាស៊ី ដែលមានសមាជិកប្រមាណ ២៣ប្រទេស បានចាត់ទុកកម្ពុជា ជាប្រឈានមុខមួយនៅតំបន់អាស៊ីក្នុងការបញ្ចប់ភ្លើងសង្រ្គាម និងរក្សាបានសុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋនាំមកនូវការអភិវឌ្ឍប្រទេសជាតិ។
ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅមុនបើកមហាសន្និបាតនៅសណ្ឋាគារសុខា នាទីក្រុងសៀមរាបអង្គរ នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០ ១៦នេះ លោក ឈាង វុន បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលបានហែលឆ្លងទុក្ខលំបាកយ៉ាងខ្លោចផ្សារបំផុត ដោយសារភ្លើងសង្រ្គាមជាច្រើនទសវត្សរ៍។ តែទីបំផុតភ្លើងសង្រ្គាមនេះ ត្រូវបានបិទបញ្ចប់ក្រោមការស្វះស្វែងរបស់អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
លោក ឈាង វុន ថា ព្រោះតែគំរូជាប្រវត្តិសាស្រ្តនេះហើយ ជាហេតុនាំឲ្យសភាតំបន់អាស៊ីមានការស្ញប់ស្ញែង និងជ្រើសយកកម្ពុជាជាគំរូ និងជាកន្លែងដកពិសោធន៍ក្នុងការបញ្ចប់សង្រ្គាម និងស្វែងរកនូវសន្តិភាព សម្រាប់បណ្តាប្រទេសក្នុងតំបន់អាស៊ីមួយចំនួន ដែលកំពុងជួបវិបត្តិ នៃភ្លើងសង្រ្គាម។
លោក ឈាង វុន បានថ្លែងដូច្នេះ «ឥឡូវសភាអាស៊ីនេះ គេបានវាយតម្លៃខ្ពស់ថា ត្រូវមកដកពិសោធន៍នៅកម្ពុជា ពីការឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជានេះ ដើម្បីផ្តល់ជាឧទាហរណ៍ ផ្តល់ជាបទពិសោធន៍ធំៗ ដល់ប្រទេសផ្សេងៗទៀត ដែលមានសង្រ្គាម។ យើងដឹងហើយថា សន្តិភាពនៅកម្ពុជា គឺជាការផ្តួចផ្តើមគំនិត ផ្តួចផ្តើមកម្លាំងពូនជ្រុំរួមគ្នារវាងអតីតព្រះមហាក្សត្រខ្មែរ សម្តេច នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន»។
លោក ឈាង វុន បានចាត់ទុកការសម្រេចជ្រើសរើសកម្ពុជាជាគំរូ និងដកពិសោធន៍បញ្ចប់ភ្លើងសង្រ្គាម និងស្វែងរកសុខសន្តិភាព ក៏ដូចជាកន្លែងពិភាក្សាក្នុងការស្វែងរកនូវសន្តិភាព សម្រាប់ប្រទេសក្នុងតំបន់អាស៊ីនេះ គឺជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា មហាសន្និបាតសភាតំបន់អាស៊ីលើកទី៩ ត្រូវបានប្រទេសជាសមាជិកសម្រេចជ្រើសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជ្រើសរើសប្រធានបទ «ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនីរន្តរភាពនៅក្នុងតំបន់»។ លោក ឈាង វុន បានគូសបញ្ជាក់ថា ការដាក់ចេញប្រធានបទនេះ គឺសភាតំបន់អាស៊ីមានទិសដៅខ្ពស់ក្នុងការស្វះស្វែងរកសុខសន្តិភាព សម្រាប់បណ្តាប្រទេសជាសមាជិក និងប្រទេសក្នុងតំបន់អាស៊ីផងដែរ៕