(ភ្នំពេញ)៖ បន្ទាប់ពីចូលរួមកិច្ចប្រជុំកម្រិត ពិភពលោកនៅអាមេរិករួចមក សមាគមនអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា បានរៀបចំកិច្ចប្រជុំសមាជិកទូទៅមួយ ដើម្បីចែករំលែកបទពិសោធន៍ ដែលបានមកពីកិច្ចប្រជុំពិភពលោក ទៅដល់សមាជិក ក្នុងសមាគមវាយតម្លៃអចលនវត្ថុកម្ពុជា។
លោក គីម ហ៊ាង ប្រធានសមាគមវាយតម្លៃអចលនវត្ថុកម្ពុជា បានថ្លែងឲ្យដឹងថា ក្នុងដំណើរទស្សនៈ នៅសហរដ្ឋអាមេរិកនេះ លោកបានចុះហត្ថលេខា លើអនុស្សារណៈយោគយល់គ្នាចំនួន៣ ការចុះហត្ថលេខានេះ គឺបានផ្ដល់ប្រយោជន៍យ៉ាងច្រើន ដល់សមាគមនដូចជា ជួយទៅដល់សមាគមអ្នកវាយតម្លៃ អចលនវត្ថុកម្ពុជា ផ្លាស់ប្ដូរបទពិសោធន៍ ដល់គ្នាទៅវិញទៅមក ផ្ដោះប្ដូរ Logo គ្នាទៅវិញទៅមក មានន័យថា ក្នុង Website របស់គេ គឺដាក់ Logo របស់យើង ហើយក្នុង Website របស់យើងដាក់ Logo របស់គេ នៅពេលដែលមានប្រព្រឹត្តិការណ៍ ឬកម្មវិធីអ្វីមួយទាក់ទងនឹងសមាគមនោះ គេនឹងអញ្ជើញយើងចូលរួម។
លោកបានបន្ដទៀតថា ការចុះអនុស្សារណៈនេះ មិនមានការខាតបង់អ្វីនោះឡើយ គឺមានតែការចំណេញ មួយវិញទៀត ប្រសិនបើយើងត្រូវការអ្នកណែនាំខាងវិស័យដីធ្លី ឬត្រូវការឯកសារ គឺគ្រប់សមាគមទាំងអស់គេមាន នឹងចែករំលែកមកដល់យើង។
លោក ចេង ខេង អគ្គនាយកក្រុមហ៊ុន Huttons CPLបានថ្លែងថា បន្ទាប់ពីដំណើរទស្សនកិច្ច នៅសហរដ្ឋអាមេរិកមក យើងសង្កេតឃើញថា ប្រទេស មហាអំណាចលេខ១ លើពិភពលោកត្រូវការ ការវិនិយោគលើវិស័យសំណង់ និងដីធ្លីគឺជាការចាំបាច់បំផុត។
លោកបានបន្ដទៀតថា ក្នុងវិស័យរដ្ឋ និងឯកជនរបស់អាមេរិក គឺមានការខិតខំខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណាទាក់ទាញ យកអ្នកចំណូលថ្មីឲ្យមកវិនិយោគ និងរស់នៅតាមរយៈកម្ចី រហូតដល់៨០ទៅ៩០ភាគរយ នៃតម្លៃផ្ទះតែម្ដងហើយ បើជាមន្ដ្រីយោធាអាមេរិកវិញ គេឲ្យកម្ចីដល់ទៅ១០០ភាគរយ តែម្ដងដោយមាន ការធានារ៉ាប់រង ដោយរដ្ឋាភិបាលអាមេរិក។ សម្រាប់ការប្រាក់វិញ គឺចន្លោះពី៣-៤ភាគរយប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយទាំងនេះ គឺបើកយ៉ាងទូលំទូលាយឲ្យ ជនបរទេស ក៏អាចទិញបានដែរទាំងអាគារ និងដីធ្លី។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ ថ្នាក់ដឹកនាំសមាគមនវាយតម្លៃអចលនវត្ថុកម្ពុជា១២រូប បានចាកចេញពីកម្ពុជា ទៅធ្វើទស្សកិច្ចនៅអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកម្រិតពិភពលោក ដែលមានប្រទេសជាង៦០ចូលរួម ដើម្បីបង្ហាញពីការអភិវឌ្ឍន៍ វិស័យអចលនាវត្ថុកម្ពុជា និងដើម្បីស្វែងយល់ពីបទពិសោធន៍ថ្មី ពីវិស័យអចលនទ្រព្យនៅអាមេរិកផងដែរ៕