(ភ្នំពេញ)៖ ស្ថានទូតអូស្រ្តាលីនៅកម្ពុជា និងសមាគមអតីតនិស្សិតកម្ពុជាពីអូស្រ្តាលី បានរៀបចំកម្មវិធីជួបជុំ និងការប្រគល់ពានរង្វាន់បីប្រភេទ ដល់អតីតនិស្សិតឆ្នើម បញ្ចប់ការសិក្សានៅអូស្រ្តាលីប្រចាំឆ្នឈ២០១៦ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។

ពានរង្វាន់បីប្រភេទរួមមាន ពានរង្វាន់បុគ្គលិកឆ្នើមជាងគេប្រចាំឆ្នាំ ពានរង្វាន់ភាពជាអ្នកដឹកនាំវ័យក្មេង និងពានរង្វាន់ភាពជាអ្នកដឹកនាំសហគមន៍។

ពិធីបជុំ និងការប្រគល់ពានរង្វាន់ដល់ អតីតនិស្សិតឆ្នើមនេះ មានការចូលរួមក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិសា្ថន និងមន្រ្តីរាជរដ្ឋាភិបាល ធុរជន បញ្ញាវ័ន្ត និងថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលមួយចំនួនទៀតផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្តាលីនៅកម្ពុជាផ្សាយឲ្យដឹង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា លោកស្រី រូតស៍ ស្លូវ៉ាត ភារធារីស្ថានទូតអូស្រ្តាលី លើកឡើងថា «វាជាការល្អប្រសើរណាស់ដែលបានរកឃើញ អតីតសិស្សដែលបានបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យនៅប្រទេសអូស្រ្តាលីត្រលប់មកកម្ពុជាវិញ ជាមួយនឹងជំនាញ និងបទពិសោធន៍ថ្មីៗដើម្បីធ្វើការនៅក្នុងជួរ រាជរដ្ឋាភិបាល សហគមន៍ និងវិស័យធុរកិច្ច»

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលអូស្រ្តាលី បានផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់កម្ពុជា ដើម្បីធ្វើដំណើរ ស្នាក់នៅ និងសិក្សានៅសាកលវិទ្យាល័យ លំដាប់ពិភពលោករបស់ប្រទេសអូស្រ្តាលី។ ចាប់ពីឆ្នាំ១៩៩៤ រដ្ឋាភិបាលបានផ្តល់អាហារូបករណ៍ច្រើនជាង៧០០កន្លែង ដលើកម្ពុជាសិក្សានៅប្រទេសអូស្រ្តាលី។ឆ្នាំសិក្សា២០១៥ មានសិស្សកម្ពុជាច្រើនជាង១១០០នាក់ កំពុងសិក្សានៅសាកលវិទ្យាល័យ សាលា និងស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈនានានៅអូស្រ្តាលី៕