(ពោធិ៍សាត់)៖ បុរសម្នាក់ បានសម្រេចចិត្តគិតខ្លី ចងកសម្លាប់ខ្លួនឯង ជាមួយអាវយឺតព័ណ៌ក្រហមជាប់នឹងដើមស្នាយ ដោយសារតែខឹងម្តាយ ស្តីបន្ទោសរឿងទាត់ធុងប៉េត្រូដងទឹកបែក។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចដើមស្នាយ ក្នុងគុម្ពព្រៃឬស្សី ក្រោយផ្ទះជងរងគ្រោះប្រមាណ ១០០ម៉ែត្រ ស្ថិតក្នុងភូមិសំរោង ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
លោក លីវ សេងហ៊ីម អធិការនគរបាលស្រុកកណ្តៀង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា សាកសពបុរសចងកសម្លាប់ខ្លួនឯងនោះ មានឈ្មោះ កែប ម៉ាប់ អាយុ២៥ឆ្នាំ។ លោកអធិការបានបន្តថា កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា ម្តាយរបស់ជនរងគ្រោះ បានរករឿងថា «អាហ្ហែងទាត់ធុងប៉េត្រូអាញ់បែក អាញ់ឈប់ឲ្យប្រើហើយ» ពេលនោះរងគ្រោះ បានតូចចិត្តក៏ដើរចេញទៅបាត់ លុះដល់ព្រឹកឡើងប្រហែលម៉ោង៦៖១០ ទើបដឹងថាកូន ចងកសម្លាប់ខ្លួនឯង ជាមួយអាវយឺតពណ៌ក្រហម ជាប់នឹងដើមស្នាយ បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅពិនិត្យសាកសព ឃើញថាជនរងគ្រោះ ពិតជាបានចងកសម្លាប់ខ្លួនឯងប្រាកដមែន ដោយសារតែខឹងម្តាយ ស្តីបន្ទោសរឿងទាត់ធុងប៉េត្រូដងទឹកបែក។ បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕