(ភ្នំពេញ)៖ ការចុះអនុស្សរណៈ នៃការយោគយល់លើកដំបូង រវាងអាជ្ញាធរជាតិអប្សរា និងវិទ្យាស្ថានជាតិ នរវិទ្យា និងប្រវត្តិវិទ្យា នៃសហរដ្ឋម៉ិចស៊ិចកូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអភិរក្សបេតិកភណ្ឌ វប្បធម៌ និងអភិវឌ្ឍវិស័យទេសចរណ៍វប្បធម៌ នៃប្រទេសទាំងពីរ។

ការចុះអនុស្សរណៈនេះ ត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំអន្ដរជាតិលើកទី១ ស្ដីពីសារមន្ទីរបុរាណវិទ្យា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងម៉ិចស៊ិចកូ នៃសហរដ្ឋម៉ិចស៊ិចកូ​។ កិច្ចប្រជុំនេះ បានរៀបចំឡើងដោយស្ថាប័នជាតិ នៃសហរដ្ឋម៉ិចស៊ិចកូ ដែលមានឈ្មោះថា វិទ្យាស្ថានជាតិ នរវិទ្យា និងប្រវត្តិវិទ្យា (National Institute of Anthropology and History ហៅកាត់ថា INAH)។ វិទ្យាស្ថាន INAH មានបេសកកម្មពិសេស ក្នុងការងារស្រាវជ្រាវ អភិរក្ស ការពារ និងផ្សព្វផ្សាយអំពីបុរេប្រវត្តិ បុរាណវិទ្យា នរវិទ្យា ប្រវត្តិសាស្ត្រ និងបេតិកភណ្ឌរបស់ប្រទេស ម៉ិចស៊ិចកូ។ ក្នុងនោះដែរ ក៏មានការចូលរួមពី អេស្ប៉ាញ ទួគី ពេរូ ប្រេស៊ីល និងហូឡង់ដ៍​ ផងដែរ។

គណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយ លោក សុខ សង្វារ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានទទួលការអញ្ជើញពីក្រសួងវប្បធម៌ នៃសហរដ្ឋម៉ិចស៊ិចកូ ដើម្បីចូលរួមចែករំលែកបទពិសោធន៍ ក្នុងការគ្រប់គ្រងបេតិកភណ្ឌវប្បធម៌ បុរាណវិទ្យា និងទេសចរណ៍វប្បធម៌ ដែលសព្វថ្ងៃ អាជ្ញាធរជាតិអប្សរា បាននឹងកំពុងបំពេញបេសកកម្មយ៉ាងមមាញឹក ក្នុងកិច្ចការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ក្នុងក្របខណ្ឌបេតិកភណ្ឌពិភពលោក។

ក្រោយការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា រមណីយដ្ឋានអង្គរ ត្រូវបានសហគមន៍អន្តរជាតិ ទទួលស្គាល់ថា ជាបេតិភណ្ឌពិភពលោក ដែលមានការគ្រប់គ្រង​ ដោយ​យកចិត្តទុកដាក់ខ្ពស់ពីសំណាក់អ្នក ជំនាញជាតិ-អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ ក្នុងកិច្ចការពារអភិរក្ស និងអភិវឌ្ឍន៍ដោយចីរភាព។ ផ្អែកលើ បទពិសោធន៍ទាំងនេះហើយ ទើបក្រសួងវប្បធម៌ នៃសហរដ្ឋម៉ិចស៊ិចកូ អញ្ជើញគណៈប្រតិភូ ពីអាជ្ញាធរជាតិអប្សរា ដើម្បីបង្ហាញអំពីបទពិសោធន៍ និងសមិទ្ធផល នៃការគ្រប់គ្រងរមណីយដ្ឋានពិភពលោកអង្គរ។

ក្នុងនោះ លោក សុខ សង្វារ ចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ «ការគ្រប់គ្រងទេសចរណ៍ នៅរមណីយដ្ឋានពិភពលោកអង្គរ» និងលោក លី វណ្ណា ធ្វើបទបង្ហាញស្តីពី «អង្គរជារមណីយដ្ឋាន បេតិកភណ្ឌពិភពលោក និងសារមន្ទីររស់»៕