(ភ្នំពេញ)៖ ឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប បានបញ្ជាក់ថា ក្រុមហ៊ុន «ប៉ាប៉ា ភេត្រូលៀម (PAPA PETROLEUM Co.,Ltd)» ដែលជាបុត្រសម្ព័ន្ធថ្មី នៃមុខជំនួញរបស់លោកនោះ មានអាជ្ញាប័ណ្ណគ្រប់គ្រាន់ក្នុងការចែកចាយ និងលក់ប្រេងឥន្ធនៈនៅទូទាំងប្រទេសកម្ពុជា។
ការបញ្ជាក់របស់ឧកញ៉ា ទ្រី ភាព បានធ្វើឡើងបន្ទាប់ពីមានការលើកឡើងតាមទំព័រព័ត៌មានក្នុងស្រុកមួយបានលើកឡើងថា ក្រុមហ៊ុនប៉ាប៉ា ភេត្រូលៀម របស់ឧកញ៉ា ទ្រី ភាព បានសុំត្រឹមអាជ្ញាប័ណ្ណសាងសង់ស្ថានីយស្ដុកប្រេង តែមិនទាន់បានសុំអាជ្ញាប័ណ្ណសម្រាប់ប្រតិបត្តិការលក់រាយ។
ឆ្លើយតបការលើកឡើងនេះ ឧកញ៉ា ទ្រី ភាព បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទពេលកំពុងបំពេញការងារនៅក្នុងប្រទេសចិនថា អ្វីដែលព័ត៌មានបានចុះផ្សាយ និងការលើកឡើងនោះ ជារឿងមិនត្រឹមត្រូវឡើយ។ លោក ទ្រី ភាព ថា ក្រុមហ៊ុនរបស់លោក បានសុំ និងទទួលបានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួងរ៉ែ និងថាមពល ព្រមទាំងក្រសួពាក់ព័ន្ធក្នុងការចែកចាយប្រេងឥន្ធនៈ។
លោកឧញ៉ា បានបញ្ជាក់យ៉ាងដូច្នេះ «អ្វីដែលលើកឡើងនោះ គឺជារឿងដែលចាស់យូរហើយ មកដល់ពេលនេះយើងបានសុំអាជ្ញាប័ណ្ណត្រឹមត្រូវក្នុងការស្តុក និងចែកចាយប្រេងនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំរកស៊ី ខ្ញុំគោរពច្បាប់ និងធ្វើទៅតាមច្បាប់»។
សូមបញ្ជាក់ថា ឧកញ៉ា ទ្រី ភាព បានពង្រីកជំនួញថ្មីមួយទៀត ដោយបាននាំចូល និងចែកចាយប្រេងឥន្ធនៈក្នុងប្រទេសកម្ពុជា ដែលមានឈ្មោះថា «ប៉ាប៉ា ភេត្រូលៀម»។ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ ឧកញ៉ា ទ្រី ភាព បានចុះហត្ថលេខាជាមួយក្រុមហ៊ុន PTTGC (PTT GLOBAL CHEMICAL PUBLIC COMPANY LIMITED) របស់ថៃ ក្នុងការនាំយកប្រេងឥន្ធនៈមកចែកចាយនៅកម្ពុជា។
បើតាមឧកញ៉ា ទ្រី ភាព បច្ចុប្បន្នក្រុមហ៊ុនបានសាងសង់ស្ថានីយសម្រាប់លក់ប្រេងឥន្ធនៈបានចំនួន ៥៦ស្ថានីយរួចហើយនៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុន ក៏កំពុងសាងសង់ស្ថានីយបន្ថែមផងដែរ។ ក្រុមហ៊ុន ក៏បានសាងសង់កំពង់ផែសម្រាប់បម្រើដល់ការដឹកជញ្ជូនប្រេងនៅក្នុងខេត្តកំពត និងសាងសង់កន្លែងស្តុកប្រេង នៅក្នុងខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ៕