(ព្រៃវែង)៖ ក្រុមយុវជនស្ម័គ្រចិត្តជាច្រើននាក់ បានបើកការហាត់សមចម្រៀងត្រៀមពិធីរំលឹក គុណសម្ដេច ជា ស៊ីម និងលោកជំទាវ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។

ការហាត់សមនាព្រឹកនេះ បានធ្វើឡើង នៅមុនថ្ងៃពិធីរំលឹកគុណ សម្ដេច ជា ស៊ីម និង លោកជំទាវ ដែលគ្រោងធ្វើ នឹងមាន មហាជន ជាង៨ពាន់នាក់ចូលរួម ក្នុងនោះ ក៏មានថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបក៏ចូលរួមផងដែរ។ នេះបើយោងតាម Facebook Page ផ្លូវការរបស់លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត និងជាតំណាងរាស្រ្តវ័យក្មេងមកពីគណបក្សប្រជាជនកម្ពុជា បង្ហោះឲ្យដឹងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

យោងតាម Facebook Page ផ្លូវការរបស់លោក ស សុខា បានបញ្ជាក់ឲ្យដឹងថា «យុវជនហាត់សមហាត់សមចម្រៀង ត្រៀមពិធីរម្លឹកគុណសម្ដេច ជា ស៊ីម និងលោកជំទាវ ថ្ងៃទី២ ខែធ្នូ ខាងមុខនៅក្រុងព្រៃវែង។ មហាជន ជាង៨ពាន់នាក់នឹងចូលរួមកម្មវិធីនេះ ជាពិសេស ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូបក៏ចូលរួមផងដែរ។ យុវជនជំនាន់នេះចងចាំនិងរៀនសូត្រពីយុវជនជំនាន់មុន ដើម្បីជាគុណប្រយោជន៍ ដល់យុវជនជំនាន់ក្រោយ ពិសេសប្រទេសជាតិទាំងមូល»

គួរបញ្ជាក់ថា សម្តេច ជា ស៊ីម ដែលមានជំងឺទឹកនោមផ្អែម បានទទួលមរណភាព ដោយសារជំងឺ នៅវេលាម៉ោង ៣៖៤៥ នាទីរសៀល នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥៕