(កណ្ដាល)៖ ប្រតិបត្តិការបង្ក្រាបក្រុមចាប់ជំរិត នារីជនជាតិចិននៅផ្ទះសំណាក់ «ដាល្លារ៉ាន់» ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅនេះ បានបញ្ចប់ទៅ​ដោយជោគជ័យ ក្រោយពីកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល បានចាប់ខ្លួនជនសង្ស័យ២នាក់ ជាជនជាតិចិន និងសង្គ្រោះនារីជនជាតិចិន ខណៈដែលពួកគេកំពុងលាក់ខ្លួន នៅបន្ទប់លេខ១១៣ នៃផ្ទះសំណាក់មួយនេះ។

ទោះបីប្រតិបត្តិការបានចប់ទៅហើយក្ដី ប៉ុន្តែអ្វីដែលបន្សល់ទុក នៃការឆ្លើយឆ្លងគ្នា រវាងស្ថាប័នអយ្យការ និងស្ថាប័នសមត្ថកិច្ចនគរបាល បានអូសបន្លាយរហូតមកដល់ពេលនេះ ពោលព្រះរាជ​អាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់ថា ប្រតិបត្តិការរបស់សមត្ថកិច្ចចូលទៅក្នុងផ្ទះសំណាក់ ដើម្បីចាប់ក្រុមជនល្មើសមិនបានរាយការណ៍ទៅគាត់នោះទេ។

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល លោក លឹម សុគន្ថា បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា ប្រតិបត្តិការរបស់សមត្ថកិច្ចនៅថ្ងៃទី២៤ ខែវិច្ឆិកានោះ លោកមិនបានដឹងទាល់តែសោះ ពោលឃើញព័ត៌មាននេះ នៅតាមការសែតទៅវិញទេ។ មជ្ឈដ្ឋានខ្លះបានលើកឡើងថា តាមនីតិវិធីច្បាប់ ការដែលសមត្ថកិច្ចចូល​ទៅក្នុងទីតាំងអ្វីមួយ ក៏ត្រូវសុំការសម្របសម្រូល ពីតំណាងអយ្យការផងដែរ បើមិនសុំការឯកភាពពីតំណាងស្ថាប័នមួយនេះទេ គឺជាការរំលោភសិទ្ធិបុគ្គលយ៉ាងខ្លាំង។

ពាក់ព័ន្ធការលើកឡើង របស់លោកព្រះរាជ្ញា អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ ដែលបានដឹកនាំកម្លាំងផ្ទាល់ចុះបង្ក្រាបករណីនេះ ក៏បានចេញមកបញ្ជាក់ និងការពារខ្លួន យ៉ាងច្បាស់ថា នៅពេលតាមស្រាវជ្រាវ និងតាមបង្ក្រាបក្រុមចាប់ជំរិត នៅក្រុងតាខ្មៅ ខេត្តកណ្ដាលនោះ លោកដែលជាម្ចាស់ករណី បានរាយការណ៍រួចរាល់ហើយ ទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ និងព្រះរាជអាជ្ញារង រាជធានីភ្នំពេញមួយរូប ហើយក៏បានសុំសហការជាមួយ កម្លាំងនគរបាលក្រុងតាខ្មៅ ខេត្តកណ្ដាលផងដែរ។

ដូច្នេះពេលចុះបង្ក្រាបនោះ គឺកម្លាំងនគរបាលខេត្តកណ្ដាល ជាអ្នករាយការណ៍សុំការសម្របសម្រូល ពីព្រះរាជអាជ្ញារបស់ខ្លួនជាម្ចាស់ទឹកដី ហើយលោកគ្មានសិទ្ធិនោះទេ។

ដោយឡែក អធិការនគរបាលក្រុងតាខ្មៅ លោក សឹម ប៊ុនបណ្ឌិត នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានប្រាប់អង្គភាព Fresh News ដោយទទួលស្គាល់ថា សមត្ថកិច្ចរបស់លោក មិនបានសុំការឯកភាពពីព្រះរាជអាជ្ញានោះមែន ដោយសារតែវាជារឿងបន្ទាន់ ដោយធ្វើតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ ខេត្តកណ្ដាល អ៊ាវ ចំរើន ដើម្បីចូលទៅជួយសង្គ្រោះជនរងគ្រោះ ដោយខ្លាចថា ក្រុមចាប់ជំរិតសម្លាប់នាងចោល។

ជាមួយគ្នានេះ អំឡុងនៃប្រតិបត្តិការបង្ក្រាបក្រុមចាប់ចំរិតខាងលើនេះ ក៏មានការរិះគន់ពីសមត្ថកិច្ចទៅលើម្ចាស់ផ្ទះសំណាក់ «ដាល្លារ៉ាន់» ដែលគេស្គាល់ថាជា ភរិយារបស់លោក ចាន់ សាវឿន ស្នងការរងនគរបាលខេត្តកណ្ដាលផងដែរ។

ការរិះគន់នោះ ដោយសារម្ចាស់ផ្ទះសំណាក់ មិនបានចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចនោះទេ ហើយថែមទាំងកុហកសមត្ថកិច្ចទៀតផងថា ក្រុមជនល្មើស និងនារីរងគ្រោះដែល​ត្រូវគេបង្ខាំងនោះ មិនស្ថិតនៅបន្ទប់ក្នុងផ្ទះសំណាក់របស់ខ្លួននោះទេ។

កុំតែបានកម្លាំងសមត្ថកិច្ចក្រោមការបញ្ជាផ្ទាល់ពីព្រះរាជអាជ្ញាសម្រុកចូលទៅក្នុងបន្ទប់នោះ កុំអីប្រតិបត្តិការមួយនេះនឹងបរាជ័យ ចាប់ជនល្មើសមិនបានឡើយ ដោយសារតែម្ចាស់ផ្ទះ​សំណាក់មិនសហការជាមួយ។

ប៉ុន្ដែម្ចាស់ផ្ទះសំណាក់ តាមរយៈលោក ចាន់ សាវឿន ដែលជាប្ដីបានចេញមកបកស្រាយ ដោយបដិសេធចំពោះការចោទប្រកាន់នេះ និងចោទសមត្ថកិច្ចថា ពេលសម្រុកចូលផ្ទះសំណាក់របស់លោក មិនមានការអនុញ្ញាតពីព្រះរាជអាជ្ញាទៀតផង។

លោក ចាន់ សាវឿន ដែលបានអះអាងថា ខ្លួនបម្រើការងារផ្នែកសន្ដិសុខ អស់រយៈពេលប្រមាណ១៥ឆ្នាំ បានលើកឡើងថា រូបភាពចាប់ជំរិត ហាក់បីដូចជាករណីផ្សេងដោយហេតុថា នារីរងគ្រោះមើលទៅ មានទំនាក់ទំនង និងបង្ហាញភាពស្និតស្នាលជាមួយក្រុមជនល្មើស ដូចជា ការបណ្ដើរគ្នា ទៅទិញនំប៉័ងហូបនៅខាងក្រៅ ហើយត្រឡប់មកវិញអង្គុយជជែកគ្នាលើសាឡុង ថែមទាំងនារីរងគ្រោះ បានឡើងទៅលើបន្ទប់ដេកមុនទៀតផង។

លោក ចាន់ សាវឿន បានប្រាប់ថា បើករណីជំរិតគួរតែ នៅក្នុងបន្ទប់ជនល្មើសចាប់ចងនារីរងគ្រោះ ឬធ្វើករណីដែលធ្ងន់ធ្ងរជាងនេះ ផ្ទុយទៅវិញ ពេលសមត្ថកិច្ចចូលទៅដល់បន្ទប់ បែរជាឃើញពួកគេទាំង២នាក់ នៅក្នុងបន្ទប់ជាធម្មតា។

លោក ចាន់ សវឿន ក៏បានបង្ហាញវីដេអូ ពីសកម្មភាពរបស់ជនល្មើស និងនារីរងគ្រោះដើរចូលបន្ទប់ ទៀតផង។

* សូមចុចទីនេះ ជាការបកស្រាយរបស់ម្ចាស់ផ្ទះសំណាក់

ផ្ទុយពីការអះអាង និងលើកហេតុផល របស់ម្ចាស់ផ្ទះសំណាក់ «ដាល្លារ៉ាន់» សម្រាប់អធិការខណ្ឌពោធិ៍សែនជ័យវិញ បានបញ្ជាក់ថា សមត្ថកិច្ចរបស់លោក ធ្វើឡើងដោយមានពាក្យបណ្ដឹង​ពីនារីរងគ្រោះ និងសាច់ញាតិ ហើយពេលបង្ក្រាបពួកគេបានជនល្មើស ក៏បានសារភាព ពីទង្វើរបស់ខ្លួនដោយចាប់ជំរិតនាង ពីបុរីញូថោន ទៅដល់ផ្ទះសំណាក់ នាក្រុងតាខ្មៅ ហើយជនល្មើស ក៏បានសារភាពទៀតថា មូលហេតុដោយមិនទាន់សម្លាប់នារីរងគ្រោះនោះ នាងអង្វរកយ៉ាងខ្លាំង ដោយប្រាប់ថា ទើបនឹងមកស្រុកខ្មែរលើកដំបូង ហើយបងប្អូននៅស្រុកចិន បានស្លាប់ទៅទៀត ដូច្នេះជនល្មើសបានគំរាមនារីរងគ្រោះរហូត។

លោកអធិការខណ្ឌ ក៏បានបញ្ជាក់ផងដែរថា ពេលចូលទៅចាប់ជនល្មើសនៅក្នុងបន្ទប់ នៃផ្ទះសំណាក់នោះ សមត្ថកិច្ចបានឃើញភ័ស្ដុតាងជាក់ស្ដែងរួមមាន កាំបិត និងខ្សែលីឡុង ដែលជា​ឧបករណ៍​អាចសម្លាប់មនុស្សបាន។

លោកសួរថា «ចឹងប្រជាជនប្តឹងថា មានករណីចាប់ជំរិតគំរាមសម្លាប់ផ្ទាល់ត្រចៀក យើងទុកបណ្តោយឲ្យគេស្លាប់សិន ទើបចាត់ទុកថា ជាការចាប់ជំរិតមែនអី។ សមត្ថកិច្ច​នគរបាល យើងបម្រើប្រជាពលរដ្ឋ ពាក់ព័ន្ធបញ្ហាសន្តិសុខការពារប្រជាពលរដ្ឋ យើងត្រូវបញ្ចេញប្រតិបត្តិការជួយសង្គ្រោះសិនមិនមែនទុកឲ្យគេស្លាប់សិន ទើបថានេះមិនមែន​ជា​ករណីចាប់ជំរិត?»

សូមបញ្ជាក់ថា ជនជាតិចិន២នាក់ បានរៀបចំគម្រោងចាប់ជំរិតនារីម៉ាស្សាជនជាតិចិន ដូចគ្នាដោយទាមទារប្រាក់ពីម្ចាស់ហាងម៉ាស្សា អ៊ីសាំងម៊ី ជាថៅកែនារីរងគ្រោះចំនួន​១ម៉ឺនដុល្លារបើមិនឲ្យទេ នឹងសម្លាប់ចោលនៅម៉ោង៣រសៀលថ្ងៃដដែលនោះ។ ប៉ុន្តែជនសង្ស័យទាំង២នាក់ត្រូវបានចាប់​ខ្លួនរួមមានទី១-ឈ្មោះ យាក ពីង អាយុ៣៨ឆ្នាំ និងទី២-ឈ្មោះ អើ ជឺសៀង អាយុ៤២ឆ្នាំ អ្នកទាំងពីរមានមុខរបរ និងស្នាក់នៅមិនពិតប្រាកដ ចំណែកនារីរងគ្រោះឈ្មោះ ស៊ឹង ពីងយី អាយុ២៤ឆ្នាំ មានមុខរបរជានារីម៉ាស្សាមួយកន្លែង នៅក្នុងបុរីញូថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សម្រាប់ជនសង្ស័យទាំង២នាក់ រហូតមកដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ កំពុងស្ថិតនៅក្នុងដៃព្រះរាជអាជ្ញានៅឡើយ មិនទាន់មានការចោទប្រកាន់នោះទេ៕