(ភ្នំពេញ)៖ ក្រោយពីបានការអនុញ្ញាត ពីប្រមុខរដ្ឋាភិបាលកម្ពុជា លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដឹកនាំគណប្រតិភូក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទៅធ្វើទស្សនកិច្ច នៅអង្គភាពកម្មសិទ្ធិបញ្ញាសហភាពអឺរ៉ុប (European Union Intellectual Property Office=EUIPO) ទីក្រុង អាលីកង់ទេ ប្រទេស អេស៉្បាញ និងនៅអង្គការកម្មសិទ្ធិបញ្ញា ពិភពលោកទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី ២៤ ដល់២៥ខែ វិច្ឆិកា ឆ្នាំ២០១៦ ដោយទទួលបាននូវលទ្ធផលជាផ្លែផ្កា ជូនជាតិដូចខាងក្រោម៖
១. នៅទី២៤ ខែ វិច្ឆិកា ឆ្នាំ ២០១៦ លោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី បានជួបពិភាក្សាជាមួយលោក Antonio Campinos, ប្រធានអង្គភាពកម្មសិទ្ធិបញ្ញាសហភាពអឺរ៉ុប (European Union Intellectual Property Office=EUIPO) ដែលមានមូលដ្ឋាន នៅក្នុងទីក្រុង អាលីកង់តេ (Alicante) ប្រទេសអេស្ប៉ាញ។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងដើម្បីជួបពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបតិ្តការ លើវិស័យកម្មសិទ្ធិឧស្សាហកម្ម រវាងអង្គភាព EUIPO នៃសហភាពអឺរ៉ុប ជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្មនៃព្រះរាជាណាចក្រកម្ពុជា។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ អំពីការគ្រប់គ្រងកម្មសិទ្ធិបញ្ញា ជាពិសេសលើការ ចុះបញ្ជីគំនូរឧស្សាហកម្ម និងការចូលជាសមាជិកសន្ធិសញ្ញាអន្តរជាតិ កម្មសិទ្ធិបញ្ញា។
ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រីបានថ្លែងកោតសរសើរ ដល់លោក Antonio Campinos និងសហការី ដែលបានឯកភាពជួយពង្រឹង កិច្ចសហប្រតិបត្តិលើប្រព័ន្ធចុះបញ្ជីការពារគំនូរ ឧស្សាហកម្មនៅកម្ពុជា ហើយលោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំ អំពីការរីកចម្រើនថ្មីៗក្នុងវិស័យកម្មសិទ្ធិបញ្ញាកម្ពុជា ក្នុងនេះការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយអង្គភាពប្រកាសនីយបត្រតក្កកម្មអឺរ៉ុប (European Patent Office= EPO) ការចូលជាសមាជិកសន្ធិសញ្ញា សហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម (The Patent Cooperation Treaty = PCT) ដែលស្ថិតក្រោមការគ្រប់គ្រង របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (The World Intellectual Property Organization =WIPO) និងការរៀបចំដាក់លិខិត តូបករណ៍របស់កម្ពុជា ក្នុងការចូលជាសមាជិកកិច្ចព្រមព្រៀង ទីក្រុងហេច (ឡាអេ) ស្តីពីការចុះបញ្ជីគំនូរឧស្សាហកម្ម ជាអន្តរជាតិ (The Hague Agreement concerning the International Registration of Industrial Design= Hague Agreement) នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០១៦។
លោក Antonio Campinos ប្រធានអង្គភាពកម្មសិទ្ធិបញ្ញា សហភាពអឺរ៉ុប បានជម្រាបជូន លោកទេសរដ្ឋមន្ត្រី អំពីការអនុវត្តដ៏ជោគជ័យ នៃគម្រោង ECAP-3 ចំពោះប្រទេសអាស៊ាន និងបន្តរហូតដល់បញ្ចប់ កម្មវិធីនៅខែកុម្ភៈ ឆ្នាំ ២០១៧ ខាងមុខ នឹងបន្តកិច្ចសហប្រតិបត្តិការ ផ្នែកម្មសិទ្ធិបញ្ញាបន្តទៀតលើគម្រោង ECAP-4 ត្រូវបានបង្កើតឡើង ហើយបន្តរយៈពេល៣ឆ្នាំ ទៅមុខទៀត ផ្តោតសំខាន់ទៅលើការការពារ ម៉ាក និងគំនូរឧស្សាហកម្ម សម្រាប់សកម្មភាពថ្នាក់តំបន់ និងសកម្មភាពថ្នាក់ជាតិ សម្រាប់កិច្ចសហប្រតិបត្តិការ ទ្វេភាគី ជាពិសេស ជួយដល់ប្រទេសបី គឺ កម្ពុជា ឡាវ និងភូមា។
ប្រធានស្ថាប័នទាំងពីរ បានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការ លើផ្នែកគំនូរឧស្សាហកម្ម នឹងពង្រឹងភាពជាដៃគូរឲ្យបានរឹងមុំា លើចំណុចសំខាន់ៗដូចខាងក្រោម៖
- ជួយបណ្តុះបណ្តាល ដល់មន្ត្រីទទួលបន្ទុកការងារគំនូរឧស្សាហកម្ម និងផ្នែកពាក់ព័ន្ធ
- ជួយរៀបចំអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យា សម្រាប់ការគ្រប់គ្រងទិន្ន័យគំនូរឧស្សាហកម្ម
- ជួយបណ្តុះបណ្តាល សហគ្រាសធុនតូច និងមធ្យម ឲ្យយល់ដឹងអំពីផលប្រយោជន៍ នៃកិច្ចការពារគំនូរឧស្សាហកម្ម
- ជួយរៀបចំតភ្ជាប់ប្រព័ន្ធទិន្ន័យ នៃការចុះបញ្ជីគំនូរឧស្សាហកម្មកម្ពុជា ជាមួយប្រព័ន្ធទិន្ន័យចុះបញ្ជី គំនូរឧស្សាហកម្មសហភាពអឺរ៉ុប ដើម្បីជាប្រយោជន៍ដល់អាជីវករ ឧស្សាហករ និងអ្នកវិនិយោគិនឲ្យមានភាពងាយស្រួល ក្នុងការស្វែងរកទិន្ន័យ។
- ផ្តល់ការគំទ្រផ្នែកបច្ចេកទេស ដល់កម្ពុជា ក្នុងការចូលជាសមាជិកកិច្ចព្រមព្រៀងទីក្រុងហេច ស្តីពីការចុះបញ្ជីគំនូរឧស្សាហកម្ម ជាអន្តរជាតិ។
លោកទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់លោក Antonio Campinos និងសហការី ដែលបានឯកភាពពង្រឹង កិច្ចសហប្រតិបត្តិនេះថែមទៀត លើកិច្ចការពារកម្មសិទ្ធិបញ្ញា នៅកម្ពុជាក្នុងពេលអនាគខាងមុខនេះ។
២. នៅថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី បានចូលរួមពិធីប្រគល់លិខិតតូបករណ៍ នៃការចូលជាសមាជិកសន្ធិសញ្ញា ទីក្រុងហ្សឺណែវ(ឆ្នាំ១៩៩៩)នៃកិច្ចព្រមព្រៀងទីក្រុងហេច(ឡាអេ) ស្តីពីការចុះគំនូរឧស្សហកម្ម អន្តរេជាតិ(The Geneva Act 1999 of the Hague Agreement Concerning International Registration of Industrial Designs = Hague Agreement) របស់កម្ពុជា នៅការិយាល័យកណ្តាល នៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក( the World Intellectual Property Organization= WIPO) ដែលមានមូលដ្ឋាន នៅទីក្រុងហ្សឺណែវប្រទេសស្វីស។
នៅក្នុងពិធីដ៏សំខាន់នេះ លោកទេសរដ្ឋមន្ត្រីបានប្រគល់លិខិត តូបករណ៍នៃការចូលជាសមាជិកកិច្ចព្រៀង ទីក្រុងហេចរបស់កម្ពុជា ជូនលោកស្រី Wang Bying អគ្គនាយករង ជាតំណាងលោក Francis Gerry អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញា ពិភពលោក(WIPO)។ អង្គការ WIPO បានទទួលស្វាគមន៍ យ៉ាងរីករាយចំពោះកម្ពុជា ដែលបានសម្រេចចិត្តចូលជាសមាជិក កិច្ចព្រមព្រៀងទីក្រុងហេចនេះ។
ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរយោបល់គ្នា អំពីការអភិវឌ្ឍន៍កម្មសិទ្ធិបញ្ញានៅកម្ពុជា ហើយបានសន្យាបន្តពង្រឹងកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការបន្តទៀត ដើម្បីជម្រុញវិស័យកម្មសិទ្ធិបញ្ញា នៅកម្ពុជាឲ្យបានរឹងមាំ។ កម្ពុជានឹងក្លាយជា សមាជិកទី៦៧ នៃកិច្ចព្រមព្រៀងទីក្រុងហេចនេះ បន្ទាប់ពីរយៈពេលបីខែ នៃការប្រគល់លិខិតតូបករណ៍។
នេះជាការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលជាសមាជិកសន្ធិសញ្ញា អន្តរជាតិកម្មសិទ្ធិបញ្ញា ដើម្បីអភិវឌ្ឍនវិស័យកម្មសិទិ្ធ បញ្ញាកម្ពុជា។
ទាក់ទងការចូលជាសមាជិក កិច្ចព្រមព្រៀងទីក្រុងហេចនេះ ព្រះរាជាណាចក្រកម្ពុជា នឹងអាចទទួលបាននូវផលប្រយោជន៍ជាច្រើន ចំពោះការអភិវឌ្ឍន៍ឧស្សាហកម្ម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដូចខាងក្រោម៖
- សម្រួលដល់ពាណិជ្ជករ ឧស្សាហករ អ្នកច្នៃម៉ូដ កម្ពុជានាំយកគំនូរឧស្សាហកម្មថ្មីៗ របស់កម្ពុជាទៅ ការពារកម្មសិទ្ធិបញ្ញានៅក្រៅប្រទេសបានច្រើនប្រទេស ដោយបំពេញបែបបទងាយស្រួលតែមួយ ហើយគ្រាន់តែគូសជ្រើសរើសយកប្រទេស ដែលចង់ការពារជាការស្រេច មិនចាំបាច់ធ្វើដំណើរទៅ កាន់ប្រទេសទាំងនោះឡើយ។
- សំណុំលិខិតស្នើ សុំចុះបញ្ជីគំនូរឧស្សាហកម្មតែមួយ អាចដាក់នៅកម្ពុជា ឬនៅអង្គការកម្ម សិទិ្ធបញ្ញាពិភពលោក អាចមានប្រសិទ្ធភាពដូច បានដាក់សំណុំលិខិតស្នើសុំ នៅថ្នាក់ជាតិ ឬថ្នាក់អន្តរជាតិ នៅប្រទេសទាំងឡាយជា សមាជិកនៃកិច្ចព្រមព្រៀងនេះ ។
- ការបង់កម្រៃ សុំការពារគំនូរឧស្សាហកម្មជាអន្តរជាតិនេះ អស់តិចជាងការដាក់ពាក្យសុំ តាមប្រទេសនីមួយៗ។
- អ្នកដាក់ពាក្យសុំមានសញ្ជាតិកម្ពុជា ឬមានទីលំនៅនៅក្នុងប្រទេសកម្ពុជា ត្រូវបានអនុគ្រោះដោយ ចុះតំលៃបាន ១០% លើថ្លៃចំណាយក្នុងការដាក់សំណុំ លិខិតស្នើសុំអន្តរជាតិ។
- លើកទឹកចិត្តឲ្យមានការច្នៃប្រឌិត និងង្កើតគំនូរឧស្សាហកម្មថ្មីៗ ស្វែងរកការការពារគំនូរឧស្សាហកម្មនៅកម្ពុជា និងអន្តរជាតិ។
- មានការកើនឡើងនូវការផ្ទេរបច្ចេកវិជ្ជាពីបរទេស ដោយផ្អែកលើមូលដ្ឋាននៃការការពារគំនូរ ឧស្សាហកម្ម និងជំរុញឲ្យមានការហូរចូលនូវវិនិយោគទុនបរទេស តាមរយៈការធ្វើអាជីវកម្ម បច្ចេកវិជ្ជាគំនូរឧស្សាហកម្មថ្មីៗ។
- ជំរុញ លើកទឹកចិត្តដល់ឧស្សាហករ ពាណិជ្ជករ សហគ្រាសធុនតូច និងមធ្យមឲ្យមានការបង្កើតស្នាដៃថ្មីៗ ប្រកួតប្រជែងស្របច្បាប់ មិនលួចចម្លងកម្មសិទ្ធិបញ្ញា និងការអភិវឌ្ឍន៍ ឧស្សាហកម្ម
- ក្នុងស្រុកព្រមទាំងបង្កើតការងារថ្មីៗថែមទៀត។
- បង្កើនសកម្មភាពសិក្សាស្រាវជ្រាវគំនូរឧស្សាកម្មថ្មីៗ នៅក្នុងស្រុក ស្របទៅនឹងការរីក ចម្រើននៃសេដ្ឋកិច្ច និងបច្ចេកវិជ្ជា។
- សម្រួលឲ្យមានការបើកទីផ្សារនាំចេញ នូវផលិតផលឧស្សាហកម្មក្នុងស្រុក និងបង្កើនការងារក្នុងស្រុក។
- មន្ត្រីកម្ពុជា និងផ្នែកឯកជនពាក់ព័ន្ធ នឹងទទួលបានការបណ្តុះបណ្តាល ផ្នែកបច្ចេកទេសទាក់ទងទៅនឹងនីតិវិធី នៃចុះបញ្ជីការពារគំនូឧស្សាហកម្មអន្តរជាតិ និងចំណេះដឹងអំពី គំនូរឧស្សាហកម្មថែមទៀត។
- បង្កើនចំណូលជូនជាតិ បានមកពីការបង់កម្រៃការពារគំនូរឧស្សាហកម្ម តាមរយៈប្រព័ន្ធនៃ កិច្ចព្រមព្រៀងទីក្រុងហេចនេះ។
ដំណើរទស្សនកិច្ចរបស់លោក ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធិ នៅអង្គភាពកម្មសិទ្ធិបញ្ញាសហភាពអឺរ៉ុប និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក នាពេលនេះ បាននាំមកនូវលទ្ធផលប្រកប ដោយផ្លែផ្កាជាច្រើន ក្នុងការភិវឌ្ឍន៍វិស័យកម្មសិទ្ធិឧស្សាហកម្ម សិប្បកម្ម និងសេដ្ឋកិច្ចជាតិ៕