(ភ្នំពេញ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកសន្ទុក បានអញ្ជើញចូលរួមផ្សព្វផ្សាយ គោលនយោបាយ អភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០១៧-២០២០ របស់គណបក្សប្រជាជនកម្ពុជា ជូនទៅដល់មន្ដ្រីថ្នាក់ ឃុំទូទាំងស្រុកសន្ទុក សម្រាប់ជាមូលដ្ឋាន ដល់មន្ដ្រីថ្នាក់ឃុំ ដើម្បីអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន បន្ទាប់ពីការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ នៅឆ្នាំ២០១៧ ខាងមុខនេះ។
ការផ្វព្វផ្សាយឯកសារ ស្ដីពី គោលនយោបាយអភិវឌ្ឍឃុំ សង្កាត់ ឆ្នាំ២០១៧-២០២០ របស់គណបក្សប្រជាជនកម្ពុជានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦
ដោយមានការចូលរួមពី សំណាក់មន្រ្តីថ្នាក់ឃុំ និងស្រុក ប្រមាណ៥០០នាក់ បានចូលរួមសិក្សាស្វែងយល់។
លោក ជា ចាន់តូ បានឲ្យដឹងថា ធនធានហិរញ្ញវត្ថុ ដែលត្រូវបានផ្ទេរឲ្យរដ្ឋបាលឃុំ សង្កាត់បានកើនឡើង ជារៀងរាល់ឆ្នាំ គិតមកដល់ឆ្នាំ២០១៦ បានកើនឡើងជិត១២ដង បើប្រៀបធៀបនឹងធនធានហិរញ្ញវត្ថុ បានផ្ទេរក្នុងឆ្នាំ២០០២។ នៅក្នុងរយៈពេលជាង១៤ឆ្នាំកន្លងមកនេះ ធនធានហិរញ្ញវត្ថុមានសរុបប្រមាណជាង៥០០លានដុល្លាអាមេរិក ត្រូវបានផ្ទេរឲ្យរដ្ឋបាលឃុំ សង្កាត់៕