(កំពង់ស្ពឺ)៖ មន្ដ្រីយោធាម្នាក់ បម្រើការនៅអង្គភាព K៨២ បានបាញ់សម្លាប់ខ្លួនឯងក្រោយពេលមានទំនាស់ពាក្យសម្ដីជាមួយប្រពន្ធ ខណៈដែលកំពុងដេកជាមួយគ្នានៅលើគ្រែ។
ហេតុការណ៍បាញ់សម្លាប់ខ្លួនឯងនេះ កើតឡើងនៅវេលាម៉ោង៣៖៣០នាទី ទាបភ្លឺថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចរោងមាន់ ស្ថិតក្នុងភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះជាមន្ដ្រីយោធា ឈ្មោះ ម៉ាក់ គឹមហាក់ អាយុ៤៩ឆ្នាំ ឋានស័ក្ដិអនុសេនីយ៍ឯក អាវុធដែលបាញ់សម្លាប់ខ្លួន ចំក្រោយគុំត្រចៀកនោះ ម៉ាក K59 លេខ៥៥៥៥ មានលិខិតបញ្ជាបេសកកម្ម លេខ៨៥ ទ.ប.ទ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ និងមានប្រពន្ធឈ្មោះ ហេង គីមអេង អាយុ៤២ឆ្នាំ។
លោកឧត្តមសេនីយ៍ត្រី សំ សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់អង្គភាព Fresh News ដែរថា ក្រោយពីមានការសួរនាំពីមន្ដ្រីជំនាញ ម្ដាយក្មេក និងប្រពន្ធរបស់ជនរងគ្រោះ បានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅខេត្តសៀមរាប ស្រាប់តែជួបករណីគ្រោះថ្នាក់ចរាចរណ៍ ដោយបានចំណាយលុយច្រើន ហើយត្រឡប់មកវិញក៏មានទំនាស់ពាក្យសម្ដីគ្នាបន្ដិចបន្ដួចជាមួយប្រពន្ធ នៅម៉ោង៧យប់ លុះដល់ម៉ោងកើតហេតុ ប្រពន្ធគ្រាន់តែឭសំលេង អាមេកាំភ្លើងភ្លាម ក៏ផ្ទុះទើបភ្ញាក់ផ្អើលដឹងថាប្ដីសម្លាប់ខ្លួន។
ក្រោយពេលកើតហេតុ មន្ដ្រីនគរបាលជំនាញ បានចុះទៅដល់កន្លែងកើតហេតុភា្លមៗ ដើម្បីស្រាវជ្រាវបន្ថែម៕