(កោះកុង)៖ ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) រួមមានថ្នាក់ដឹកនាំ វេជ្ជបណ្ឌិត គ្រូពេទ្យជំនាញ និងនិស្សិតពេទ្យស្ម័គ្រចិត្តចំនួន២៣០នាក់ បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃចំនួន៣,១៧៩នាក់ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានថ្លែងថា «ការចុះមកពិនិត្យព្យាបាលជូនបងប្អូន ពូ មីង ប្រជាពលរដ្ឋនៅពេលនេះ ធ្វើឡើងតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តឹព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំង២ តែងតែគិតគូយកចិត្តទុកដាក់ចំពោះសុខទុក្ខ ជីវភាពរស់នៅប្រចាំថ្ងៃ និងជាពិសេសសុខភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ ជាក់ស្តែងសម្រាប់ កម្មវិធីព្យាបាលក្នុងខេត្តកោះកុង ថ្ងៃនេះក្រុមការងារយើងបានត្រៀម នឹងធ្វើការពិនិត្យនូវប្រភេទជំងឺទូទៅ ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺរោគស្រ្តី និងអេកូស្រ្តីមានផ្ទៃពោះ និងជំងឺមាត់ធ្មេញ ឬសដូងបាត ពិនិត្យឈាម ហើយថ្ងៃនេះ ក៏មានការទទួលវះកាត់តូចផងដែរ»។
លោក ហ៊ុន ម៉ាណែត ក៏ថ្លែងអំណរគុណដល់បងប្អូន ពូ មីង អុំ តាយាយ ដែលបានទុកចិត្ត និងគាំទ្រលើការដឹកនាំ ការកសាងអភិវឌ្ឍប្រទេសជាតិ របស់សម្តេចតេជោ ហ៊ុន សែន និងថ្លែងអំណរគុណដល់ក្រុមហ៊ុន អង្គការ អជ្ញាធរ យុវជន អង្គការដៃគូរពាក់ព័ន្ធផ្សេងទៀត ដែលបានចំណាយពេលវេលាចូលរួម ក្នុងសកម្មភាពមនុស្សធម៌នេះ ដើម្បីប្រជាពលរដ្ឋ។
ជាមួយគ្នានោះដែរ លោក ប៊ុន លើត អភិបាលខេត្តកោះកុង បានថ្លែងអំណរគុណដល់ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលបានចុះមកពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ខេត្តកោះកុងដោយឥតគិតថ្លៃនាពេលនេះ ហើយវត្តមានរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នាពេលនេះ គឺជាសក្ខីភាពបញ្ជាក់ពីមនោសញ្ចេតនា យកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ចំពោះសុខទុក្ខរបស់ប្រជាជន។
ប្រជាពលរដ្ឋបានបង្ហាញអារម្មណ៍រីករាយ ដែលបានការយកចិត្តទុកដាក់ និងបានទទួលនូវសេវាចុះពិនិត្យ ព្យាបាលដោយឥតគិតថ្លៃ ពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។ ជាពិសេស ថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា គោលបំណងរបស់សមាគមគឺ ទី១៖ ផ្តល់ការព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា អ្វីឡើយ។ ទី២៖ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ និងទី៣៖ ផ្តល់ឱកាសដល់បងប្អូនដែលស្រឡាញ់នូវការងារមនុស្សធម៌ (ជាពិសេសបងប្អូន ដែលមានវិជ្ជជីវៈពេទ្យ) មានឱកាសបានចូលរួម ក្នុងកិច្ចការសង្គមមួយនេះ ហើយរហូត មកដល់ពេលនេះសមាគម បានចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋប្រមាណជាង១៧ម៉ឺននាក់ នៅទូទាំងប្រទេស៕