(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបើកសិក្ខាសាលាស្ដីពី ការអភិវឌ្ឍសមត្ថភាពដល់រដ្ឋបាលថ្នាក់ក្រោមជាតិ អំពីការគ្រប់គ្រង និងការអនុវត្តមុខងារដែលបានផ្ទេរ និងផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីការអនុវត្តប្រកាសប្រតិភូកម្មមុខងារការគ្រប់គ្រងមណ្ឌលកម្សាន្តមនុស្សពេញវ័យ។
សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាព លោក នួន សុម៉េត អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងរបស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាទីស្ដីការក្រសួងទេសចរណ៍ ដោយមានការចូលរួមពី សមជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត ប្រធានក្រុមប្រឹក្សាក្រុង អភិបាលក្រុង នៃខេត្តគោលដៅទាំង៤ (សៀមរាប កំពង់ចាម ព្រះសីហនុ និងពោធិ៍សាត់), តំណាងលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប), ប្រធាន-អនុប្រធានមន្ទីរខេត្តគោលដៅទាំង៤ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។
លោក នួន សុម៉េត បានឲ្យដឹងថា «គោលបំណងនៃការបើកសិក្ខាសាលានេះ គឺដើម្បីស្ដាប់របាយការណ៍លទ្ធផលការងារ ដែលសម្រេចបានកន្លងមក, ធ្វើការពិភាក្សាមុខងារដែលត្រៀមផ្ទេរ នៅពេលខាងមុខ ដូចអ្វីដែលបានពិភាក្សាគ្នាក្នុងសិក្ខាសាលា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ សំដៅធ្វើឲ្យមានលក្ខណៈសមស្រប និងគ្រប់ជ្រុងជ្រោយ ដើម្បីមានមូលដ្ឋាន និងធានាបាននូវការផ្ទេរឲ្យទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ នាពេលខាងមុខ»។
លោកអនុរដ្ឋលេខាធិការ បានលើកឡើងនូវវឌ្ឍនភាពនៃដំណើរការផ្ទេរមុខងារ និងធនធានឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការបែងចែកការទទួលខុសត្រូវ ថ្នាក់រដ្ឋបាលនានា លើមុខងារមួយចំនួន នៃវិស័យទេសចរណ៍ ហើយបានលើកឡើងនូវផែនការអនុវត្តបន្ត ប្រាប់ដល់ភាគីពាក់ព័ន្ធនៅក្នុងសិក្ខាសាលានោះ ផងដែរ។
លើសពីនេះ លោក នួន សុម៉េត ក៏បានណែនាំដល់អង្គសិក្ខាសាលា ត្រូវយកចិត្តទុកដាក់ពិភាក្សាគ្នាឲ្យបានផុសផុល ដើម្បីស្វែងរកចំណុចល្អ និងគន្លឹះថ្មីៗថែមទៀត ក្នុងការពិនិត្យមើលមុខងារឡើងវិញ និងពិនិត្យលទ្ធភាពផ្ទេរមុខងារ និងធនធានឲ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅឆ្លើយតបនឹងស្ថានភាពជាក់ស្ដែង និងសំណូមពររបស់ប្រជាពលរដ្ឋ៕