(បាត់ដំបង)៖ ក្រុមចោរប្រដាប់អាវុធមួយក្រុម បានចូលទៅបាញ់ប្លន់ថៅកែលក់ និងទិញស្រូវ នៅចំពីមុខក្លោងទ្វារវត្តពពាលខែ ស្ថិតនៅភូមិក្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាតដំបង នៅយប់ថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០១៦ ដោយបានយកលុយបាតជាង១០មឺុនបាត និងលុយខ្មែរផងដែរ តែសំណាងល្អ ថៅកែស្រូវ និងក្រុមកម្មករមិនរងគ្រោះដល់អាយុជីវិតនោះឡើយ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះចំនួនពីរនាក់ ដែលមានមុខរបរជាអ្នកទិញស្រូវ ត្រូវបានក្រុមចោរប្លន់ប្រដាប់អាវុធ បាញ់គំរាមប្លន់យកលុយអស់យ៉ាងសន្ធឹកសន្ធាប់ ខណៈដែលជនរងគ្រោះទាំងពីរនាក់ កំពុងអង្គុយទូទាត់លុយថ្លៃទិញស្រូវពីប្រជាពលរដ្ឋទាំងយប់ ហើយត្រូវក្រុមចោរចូលទៅភ្ជង់ប្លន់តែម្តង។

នៅពេលកើតហេតុនោះ ក្រុមកម្មករ បានលីបាវស្រូវឡើងលើឡានបានរួចរាល់អស់ទៅហើយ គឺទាំងថៅកែទិញស្រូវ ក៏ដូចជាកម្មករលីបាវស្រូវក៏បានឈប់សំរាកនិងអង្គុយជែកលែងជាធម្មតា ដោយនៅពេលនោះដែរស្ត្រីរងគ្រោះទាំងពីរនាក់ដែលជាដង្ខៅទិញស្រូវ ក៏កំពុងអង្គុយរាប់លុយដើម្បីទូទាត់លុយអោយម្ចាស់ស្រូវដែរ។

នៅពេលនោះស្រាប់តែមានជនមិនស្គាល់មុខចំនួន៣នាក់ ពាក់អាវប៉ារ៉ាក្រឡាធំ ពណ៌ខៀវពាក់មួកក្រតិបមានរិម ប្រដាប់ដោយកាំភ្លើងម៉ាកអាកាបត់ចំនួន២ដើម និងកាំបិតបុ័ងតោចំនួន១ បានធ្វើសកម្មភាពបាញ់ភ្ជុចដីមួយគ្រាប់ ដើម្បីបំបាក់ស្មារតី ព្រមទាំងបានភ្ជង់ទៅលើកម្មករទាំងអស់ មិនអោយតបតឡើយ។

ភ្លាមៗនោះ ក្រុមចោរ បានឆក់យកកាបូបរបស់ជនរងគ្រោះទាំងពីរនាក់ ដោយមុននឹងចាកចេញពួកគេ បានបាញ់ទៅលើដីបន្ថែមចំនួន២គ្រាប់ថែមទៀត រួចក៏បានគេចខ្លួនទៅទិសខាងលិចបាត់ស្រមោល។

បើតាមសមត្ថកិច្ច ជនរងគ្រោះទាំងពីរនាក់នោះមានឈ្មោះ អ៊ុក អឿ ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិថ្មី ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាតដំបង ទ្រព្យសម្បត្តិដែលបាត់បង់រួមមាន ក្របូបស្ពាយពណ៌ក្រម៉ៅចំនួន១ ប្រាក់បាត ៥០ ០០០ បាត ប្រាក់រៀលចំនួន១លានរៀល ចំណែកជនរងគ្រោះទីពីរមានឈ្មោះ មួង សុីណាត ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិ ព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ទ្រព្យសម្បត្តិដែលបាត់បង់រួមមាន ប្រាក់បាត អស់ចំនួន ៧៥ ០០០ បាត ប្រាក់រៀលអស់ចំនួន ៥០ មុឺនរៀល ទូរសព្ទ័ដៃមួយគ្រឿង ប៉ុន្តែសំណាងល្អដែរ ដែលពុំមាននរណាម្នាក់រងរបួស ដោយក្រុមចោរគ្រាន់តែធ្វើការបាញ់គម្រាមសំឡុតទៅលើដីតែប៉ុណ្ណោះ។

បច្ចុប្បន្នសមត្ថកិច្ចទាំងពីរស្ថាប័នកំពុងសិក្សា និងពិនិត្យនៅកន្លែងកើតហេតុដើម្បីតាមស្រាវជ្រាវរកមុខសញ្ញា យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕