(ភ្នំពេញ)៖ ថ្មីៗនេះ បុរី ប៉េង ហួត តំណាងឲ្យប្រទេសកម្ពុជាបានចូលរួម និងទទួលបានពានរង្វាន់អចលនទ្រព្យ ចំនួន៣ ពីកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីអាគ្នេយ៍ប្រចាំឆ្នាំ២០១៦ ដែលរៀបចំឡើងដោយក្រុមហ៊ុន Property Guru នៅសណ្ឋាគារ Shangri-La Hotel ប្រទេសសិង្ហបុរី។
ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីអាគ្នេយ៍ឆ្នាំ២០១៦នៅសិង្ហបុរីនេះ បុរី ប៉េង ហួត បានទទួលពានរង្វាន់ថ្នាក់ប្រទេសចំនួន៣រួមមាន៖(១) ក្រុមហ៊ុនអភិវឌ្ឍ ដែលល្អជាងគេ (២) ពានរង្វាន់រចនាស្ថាបត្យកម្មលំនៅដ្ឋានដែលល្អជាងគេ និង(៣) ពានរង្វាន់អភិវឌ្ឍលំនៅដ្ឋាន/វីឡាដែលល្អជាងគេ។
ការផ្ដល់ជូននូវពានរង្វាន់ថ្នាក់ប្រទេសនេះ ត្រូវបានពិនិត្យនិងវាយតំលៃនិងទទួលស្គាល់ដោយ គណៈកម្មការជំនាញទាំង៨ប្រទេសមានដូចជា៖ (សិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម ឥណ្ឌូនេស៊ី ហ៊្វីលីពីន កម្ពុជា និង មីយ៉ាន់ម៉ា) និងគណៈកម្មការជំនាញរបស់ក្រុមហ៊ុន Property Guru ផងដែរ។ នេះជាឱកាសដ៏ល្អមួយ ដែលបុរី ប៉េង ហួត បានចូលរួម និងឈានជើងចូលក្នុងវេទិការអន្តរជាតិ និងជាលើកទីមួយតំណាងឲ្យប្រទេសកម្ពុជា ហើយវាជាឱកាសដែលយើងបានទំនាក់ទំនង ចែករំលែក បទពិសោធន៏និង រៀនសូត្រពីគ្នា ទៅវិញទៅមក ជាមួយនិងអ្នកជំនាញ និងក្រុមហ៊ុនអភិវឌ្ឍផ្សេងៗ។ នេះបើតាមប្រសាសន៏របស់តំណាងបុរី ប៉េង ហួតដែលបានចូលរួមក្នុងកម្មវិធីពានរង្វាន់លំដាប់អន្តរជាតិនេះ។
តំណាងរបស់របស់បុរី ប៉េងហួត បានបន្ថែមថា «ជាមួយនឹងបទពិសោធន៏លើកនេះ បុរី ប៉េង ហួត នឹងខិតខំបន្តអភិវឌ្ឍគំរោងនានាឲ្យបានកាន់តែល្អ និង កាន់តែមានភាពប្រកួតប្រជែង ដើម្បីចូលរួមជាមួយគោលនយោបាយទីក្រុងស្អាត និងនាំយកកិត្តិយសមកជូនប្រទេសកម្ពុជាឲ្យបានកាន់តែច្រើន»។លោកបន្តថា «ឆ្លៀតក្នុងឱកាសនេះដែរ សូមថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជាដែលខិតខំរក្សារ បាននូវសន្តិភាព និងសេ្ថរភាព សង្គម នយោបាយ និងកំណើតសេដ្ឋកិច្ចខ្ពស់ ដែលជាកត្តាអំណោយផលដល់វិនិយោគិនគ្រប់វិស័យ»។
តំណាងដដែលបានឲ្យដឹងទៀតថស ជាមួយគ្នានេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ បុគ្គលិកក្រុមហ៊ុនបុរីប៉េងហួតគ្រប់ជាន់ថ្នាក់ ព្រមទាំងបងប្អូនកម្មករទាំងអស់ ដែលបានខិតខំ និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍគំរោងនានារប់សបុរីប៉េងហួត។ ជាចុងក្រោយនិងជាពិសេស សូមថ្លែងអំណរគុណដល់អតិថិជន របស់បុរីប៉េងហួត ដែលជានិច្ចជាកាលតែងតែបន្តគាំទ្រ និងផ្ដល់កំលាំងចិត្តដល់យើងខ្ញុំ។ ការចូលរួមរបស់អ្នកទាំងអស់គ្នាគឺជាភាពជោគជ័យដ៏ធំបំផុតរបស់ក្រុមហ៊ុន។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០១៦ បុរីប៉េងហួតគឺជាក្រុមហ៊ុនដែលលេចធ្លោជាគេក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍនានាក្នុងប្រទេសកម្ពុជា ដោយទទួលបានពានរង្វាន់រហូតចំនួន៥ ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា ឆ្នាំ២០១៦ រៀបចំដោយក្រុមហ៊ុន Property Guru នៅសណ្ឋាគារសូហ៊្វីតែល រាជធានីភ្នំពេញ។ ពានរង្វាន់និមួយៗ ត្រូវបានពិនិត្យ និង វាយតំលៃ ដោយអ្នកជំនាញ និង គណៈកម្មការឯករាជ្យក្នុងស្រុក និង គណៈកម្មការជំនាញបរទេស៕