(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ឲ្យដឹងថា ចលនាកីឡាស្ប៉េស្យាល់អូឡាំពិកកម្ពុជា សម្រាប់កីឡាករខ្សោយសតិបញ្ញា បាន និងកំពុងវិវត្តទៅមុខ ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ លោករដ្ឋមន្រ្តី បានបន្តឲ្យដឹងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញគោលការណ៍លើកទឹកចិត្តផ្តល់ប្រាក់រង្វាន់ដល់ជ័យលាភី កីឡាករខ្សោយសតិបញ្ញា គ្រូបង្វឹក-គ្រូជំនួយ និងអ្នកថែទាំង ក្នុងការចូលរួមប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ពិភពលោក រដូវក្តៅ រដូរវងារ ស្ប៉េស្យាល់អូឡាំពិកអាស៊ីប៉ាស៊ីហ្វិក និងអនុតំបន់មេគង្គផងដែរ។
លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានលើកឡើងបែបនេះ ខណៈលោក ចូលរួមជាអធិបតីភាពបើកការប្រកួត ព្រឹត្តិការណ៍កីឡាស្ប៉េស្យាល់អូឡាំពិកអនុតំបន់ទន្លេមេគង្គលើកទី៦ ឆ្នាំ២០១៦ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅពហុកីឡាជាតិអូឡាំពកកម្ពុជា ដោយមានការចូលរួមពី កញ្ញា សាវ៉ារ៉ូស សាងសាវ៉ាង តំណាងគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកអាស៊ីប៉ាស៊ីហ្វិក និងកីឡាករ-កីឡាការិនី នៃបណ្តាប្រទេសអនុតំបន់ទន្លេមេគង្គរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម ព្រមទាំងគណៈប្រតិភូជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
លោក វង សូត បានបញ្ជាក់បន្ថែមថា «ការរៀបចំព្រឹត្តិការណ៍កីឡានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះថា ចលនាកីឡាធ្វើឲ្យក្មួយៗ កីឡាករ កីឡាការិនី មានសុខភាពល្អ កាយសម្បទាមាំមួន ពិសេសបង្កើនចំណងមិត្តភាព សាមគ្គីភាពរវាងកីឡាករ និងកីឡាករ រវាងជាតិសាសន៍មួយ និងជាតិសាសន៍មួយឲ្យកាន់តែល្អប្រសើរ និងធ្វើឲ្យប្រទេសផ្សេងៗក្នុងសាកលលោក ដែលមិនធ្លាប់ស្គាល់ អាចស្គាល់ និងបង្កើនការចាប់អារម្មណ៍កាន់តែទូលំទូលាយឡើង»។
លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានបញ្ជាក់ថា សម្រាប់ជនពិការសតិបញ្ញា ក៏ដូចជា កីឡាករសម្រាប់ជនពិការកាយសម្បទាដទៃទៀត ត្រូវបានក្រសួងសង្គមកិច្ច ចាត់ទុកថា ជាការងារអាទិភាព ក្នុងការពង្រឹងព្រីកសេវាសុខមាលភាពជនពិការ និងស្តារលទ្ធភាពពលកម្ម។
គួរបញ្ជាក់ថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានបង្កើតឡើង នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០០៥ ដែលជាចលនារបស់ស្ប៉េស្យាល់អូឡាំពិកពិភពលោក។ដោយមានការទទួលស្គាល់ពីអង្គការស្ប៉េស្យាល់អូឡាំពិកអន្តរជាតិ និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងការជួយឧបត្ថម្ភពីអង្គការជាតិ អន្តរជាតិ ក្រុមហ៊ុន សប្បុរសជននានា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំការប្រកួតជារៀងរាល់ឆ្នាំ ដោយក្នុងនោះកម្ពុជា ទទួលបានមេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត។
បច្ចុប្បន្ន គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានបង្កើតអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកថ្នាក់រាជធានី ខេត្តចំនួន១០ ដែលមានកីឡាករ កីឡាការិនីខ្សោយសតិបញ្ញាសរុបជាង២៣០០នាក់ និងគ្រូបង្វឹកចំនួន១៤០នាក់។
ប្រទេសកម្ពុជា វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា បានរៀបចំការប្រកួតលើកទី១ ក្នុងឆ្នាំ២០០៩ ដែលថៃជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡានេះ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤ ,លើកទី២ ក្នុងឆ្នាំ២០១១ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយបានបប្តូរឈ្មោះទៅជាបាត់ទាល់ស្ប៉េស្យាល់អូឡាំពិកអនុតំបន់ទន្លេមេគង្គវិញ កម្ពុជាទទួលបានមេដាយមាស, លើកទី៣ ក្នុងឆ្នាំ២០១២ ប្រទេសមីយ៉ាន់ម៉ាជាម្ចាស់ផ្ទះ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៥, លើកទី៤ ក្នុងឆ្នាំ២០១៤ វៀតណាមធ្វើជាម្ចាស់ផ្ទះ កម្ពុជាទទួលបានមេដាយប្រាក់,លើកទី៥ ក្នុងឆ្នាំ២០១៥ ថៃធ្វើជាម្ចាស់ផ្ទះ កម្ពុជាទទួលបានមេដាយប្រាក់ និងលើកទី៦នេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី២ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ៕