(កណ្ដាល)៖ ជនសង្ស័យមា្នក់បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ដែលម្ចាស់ដាក់នៅលើចិញ្ចើមផ្លូវ បានសម្រេចតែ១០ម៉ែត្រ ក៏ត្រូវម្ចាស់គេទាន់ ស្រែកផ្អើលគេឯងជួយដេញចាប់បានមកវិញ។ ហេតុការណ៍នេះ កើតឡើងនៅព្រឹកព្រលឹម ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅមុខផ្សារបែកចាន ក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ដ្រីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ទឹម សំអុល អាយុ៥៣ឆ្នាំ បានជិះម៉ូតូម៉ាក Honda C110 ពាក់ស្លាកលេខ ឃ-8306-កណ1 ដឹកឥវ៉ាន់យកទៅលក់ ពេលទៅដល់ ទុកម៉ូតូលើចិញ្ចើមផ្លូវមុខតូបលក់ដូររបស់ខ្លួន ហើយលើកឥវ៉ាន់ដាក់តូប ពេលនោះជនសង្ស័យ បានមកលួចបណ្តើរម៉ូតូរបស់ជនរងគ្រោះ យកចេញទៅទិសខាងកើត បានប្រហែល១០ម៉ែត្រ ជនរងគ្រោះមើលឃើញទាន់ក៏ស្រែកឲ្យគេជួយ និងរត់ដេញចាប់បានជនសង្ស័យយកម៉ូតូ បានមកវិញភ្លាមៗ ហើយត្រូវប្រជាពលរដ្ឋព្រួតវាយមួយដៃមួយជើងម្នាក់ រងរបួសទើបប្រគល់ខ្លួនឲ្យសមត្ថកិច្ចមូលដ្ឋាន។ នគរបាលបញ្ជាក់ថា ជនសង្ស័យឈ្មោះ ធី រ័ត្នមន្នី អាយុ២៤ឆ្នាំ។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្ដ៕