(ឈីលី)៖ ទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១ នៃអាជ្ញាធរមីន បាននិងកំពុងដឹកនាំប្រតិភូកម្ពុជាមួយក្រុមចូលរួមសន្និសីទលើកទី១៦ នៃសន្ធិសញ្ញាអន្តរជាតិស្តីពីការហាមប្រាម ការលុបបំបាត់ ការស្តុកទុក ការដោះមីន និងការកម្ទេចគ្រាប់មិនទាន់ផ្ទុះបន្សល់ពីសង្រ្គាម ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ នៅប្រទេសឈីលី។
លោកទេសរដ្ឋមន្រ្តី សេរី កុសល បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ពីប្រទេសឈីលីនាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា សន្និសីទនេះ មានការចូលរួមពីតំណាងពាក់ព័ន្ធលើបញ្ហាមីន និងគ្រាប់មិនទាន់ផ្ទុះបន្សល់ពីសម័យសង្រ្គាម ដែលជារដ្ឋភាគី និងរដ្ឋមិនចូលជាភាគីសរុប ១៦២ប្រទេស។ បើតាមលោក សេរី កុសល នៅក្នុងសន្និសីទអន្តរជាតិនេះ ប្រទេសជារដ្ឋភាគី និងប្រទេសមិនមែនជារដ្ឋភាគី រួមទាំងកម្ពុជាផងដែរ នឹងលើកឡើងពីលទ្ធផល នៃសកម្មភាពបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះ រួមទាំងបញ្ហាដែលកំពុងប្រឈមផងដែរ។
លោកទេសរដ្ឋមន្រ្តី បានលើកឡើងផងដែរ ក្រៅពីការចូលរួមសន្និសីទរូបលោក ដែលជាតំណាងប្រទេសកម្ពុជា ជារដ្ឋភាគីមួយដែរនោះ ក៏នឹងជួបសំណេះសំណាលលក្ខណៈទ្វេភាគីជាមួយបណ្តាតំណាងប្រទេសជាមិត្តមួយចំនួនផងដែរ។
លោកទេសរដ្ឋមន្រ្តី សេរី កុសល បានឲ្យដឹងថា តាមរយៈសន្និសីទ និងជំនួបទ្វេភាគីនេះ លោកប្រឹងប្រែងស្វែងរកជំនួយបន្ថែមទៀត ដើម្បីបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលនៅសេសសល់លើផ្ទៃដីប្រមាណ ១,៩៤៦គីឡូម៉ែត្រក្រឡា។ លោក សេរី កុសល បានបញ្ជាក់ផងដែរថា កម្ពុជាបានដាក់ចេញទិសដៅបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះនេះឲ្យអស់នៅក្នុងឆ្នាំ២០២៥ ដោយគ្រោងចំណាយថវិកាប្រមាណ ៤០៦លានដុល្លារអាមេរិក។
ដោយសារតែភ្លើងសង្រ្គាមជាច្រើនទសវត្សរ៍ កម្ពុជា បានក្លាយទៅជាប្រទេសមួយ ដែលរងគ្រោះ និងរងនូវភាពខ្ទេចខ្ទាំយ៉ាងខ្លាំង។ ទន្ទឹមនិងភាពខ្ទេចខ្ទាំទាំងនេះ គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាច្រើនត្រូវបានបន្សល់ស្ទើរពាសពេញផ្ទៃប្រទេស។ គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះទាំងនេះ បានបន្តតាមលូងបន្លាច ធ្វើទុកបុកម្មេញ ធ្វើឲ្យប្រជាពលរដ្ឋជួបភាពពិការ និងឆក់យកអាយុជីវិតរហូតមកដល់បច្ចុប្បន្ន។
ចាប់តាំងពីកម្ពុជាបានរកឃើញនូវពន្លឺសន្តិភាពជាថ្មី កម្ពុជា តាមរយៈអាជ្ញាធរមីនក្រោមជំនួយពីប្រទេសជាមិត្តយ៉ាងច្រើន បានប្រឹងប្រែងធ្វើសកម្មភាពបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះ រំដោះយកផ្ទៃដីសម្រាប់ប្រជាពលរដ្ឋរស់នៅ និងបង្កបង្កើនផលបានយ៉ាងច្រើនផងដែរ។
របាយការណ៍របស់អាជ្ញាធរមីន បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩២មក កម្ពុជាសម្រេចបានការបោសសំអាតមីន និងគ្រាប់លើផ្ទៃដីជាង ១,៥០០គីឡូម៉ែត្រការ៉េ ក្នុងនោះបោសសំអាតមីនប្រឆាំងមនុស្សបានជាង ១លានគ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានជាង ២លាន ៦សែនគ្រាប់ កាត់បន្ថយអត្រាគ្រោះថ្នាក់ពី ៤,៣២០នាក់នៅឆ្នាំ១៩៩៦ មកត្រឹមក្រោម ២០០នាក់នៅឆ្នាំ២០១២ និងមកត្រឹម ៧៥នាក់ គិតត្រឹមខែតុលា ឆ្នាំ២០១៦។
អាជ្ញាធរមីន បានបញ្ជាក់ថា សមិទ្ធិផលសម្រេចបានកន្លងមក គឺបានចូលរួមចំណែក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងអត្រាប្រចាំឆ្នាំប្រមាណជា ៧ភាគរយ តាមរយៈការរំដោះដីធ្វើកសិកម្ម កសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ហើយក៏បានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រសម្រាប់ប្រជាជន ព្រមទាំងបានលើកស្ទួយកម្រិតជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជននៅតាមជនបទស្រែចំការផងដែរ៕