(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ សភាកម្ពុជា នឹងទទួលភារៈជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសភាតំបន់អាស៊ី (APA) លើកទី៩ ក្រោមប្រធាន «ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនីរន្តរភាពនៅក្នុងតំបន់អាស៊ី»។
កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅសណ្ឋាគារសុខា ក្នុងខេត្តសៀមរាប ដោយការយាងចូលរួមពីព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និងមានអញ្ជើញចូលរួមពីប្រធានរដ្ឋសភាសម្តេចពញាចក្រី ហេង សំរិន ប្រធានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាផងដែរ។
មហាសន្តិបាតសភាតំបន់អាស៊ីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋសភា ព្រឹទ្ធសភា មកពីបណ្តាប្រទេសជាសមា ជិកសភាតំបន់អាស៊ីយ៉ាងតិច ២៥ប្រទេស ជាមួយនឹងវត្តមានគណៈប្រតិភូបណ្តាប្រទេសជាអ្នកសង្កេតការណ៍ អង្គការដៃគូរបស់សភាតំបន់អាស៊ីជាច្រើនទៀត។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៥កន្លងទៅ កម្ពុជា ក៏បានធ្វើជាម្ចាស់ផ្ទះ នៃមហាសន្តិបាតសភាតំបន់អាស៊ីនេះផងដែរ។ មហាសន្និបាត សភាតំបន់អាស៊ី លើកទី៩ ក្រោមប្រធាន «ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយដោយនីរន្តភាពនៅតំបន់អាស៊ី» នេះ ត្រូវបាន រំពឹងថា នឹងទទួលបានផ្លែផ្កាកាន់តែច្រើនថែមទៀត សម្រាប់ការរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍសម្រាប់ប្រទេសនៅតំបន់អាស៊ី ក៏ដូចជាពិភពលោកផងដែរ។
គ្រាដែលរដ្ឋសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះលើកទី២ នៃមហាសន្និបាតសភាតំបន់អាស៊ី ប្រហែលជាមានប្រជាពលរដ្ឋខ្មែរមួយចំនួនមិនទាន់បានដឹងនៅឡើយទេថា តើអ្វីជាសភាតំបន់អាស៊ី?
សភាតំបន់អាស៊ី ហៅកាត់ថា APA មានឈ្មោះពេញថា «Asian Parliamentary Assembly» ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយបានប្តូរមកពីសមាគមសភាអាស៊ី ដើម្បីសន្តិភាព ហៅកាត់ថា AAPP។ សភាប្រទេសកម្ពុជា ជាសមាជិកស្ថាបនិក AAPP ដែល បានប្រសូត្រឡើងនៅឆ្នាំ១៩៩៩។ AAPP ជាស្ថាប័នមួយ ដែលបានប្រមូលផ្តុំសំឡេងអ្នកតំណាងប្រជាពលរដ្ឋ នៅក្នុងតំបន់អាស៊ី ឲ្យ រួបរួមគ្នាជាធ្លុងតែមួយ ក្នុងគោលដៅស្វែងរកសុខសន្តិភាព និងការផ្សះផ្សាប្រជាជាតិទំាងឡាយនៅក្នុងតំបន់អាស៊ីនេះ ឲ្យក្លាយជាមហា គ្រួសារតែមួយ ទទួលបានសុខសន្តិភាព និងការ អភិវឌ្ឍស្មើៗគ្នាដោយចីរភាព។ បន្តបេសកកម្មពីសមាគមសភាអាស៊ី ដើម្បីសន្តិភាព (AAPP), សភាតំបន់អាស៊ី (APA) បានពង្រីកទំាងទំហំ និង ភារកិច្ចរបស់ខ្លួន ជាលំដាប់ ដែលរហូតដល់ពេលនេះ សភាតំបន់អាស៊ី មានសមាជិកចំនួន ៤២ប្រទេស មានអ្នកសង្កេតការណ៍ចំនួន ១៦ប្រទេស និង អង្គការជាដៃគូចំនួន១០។
ឈរលើគោលបំណង នៃការជំរុញសុខសន្តិភាព និងសមាហរណកម្មសម្រាប់ប្រជាជាតិ ក្នុងតំបន់អាស៊ី APA បានកំណត់ឲ្យមានជំនួប កំពូលជាមហាសន្និបាត នៃថ្នាក់ដឹកនាំសភា នៃបណ្តាប្រទេសដែលជាសមាជិក និងកិច្ចប្រជុំគណៈកម្មាធិការនានា ជាទៀងទាត់ប្រចំា ឆ្នំា ដើម្បីប្រមូលឆន្ទៈរួម ដំណោះស្រាយរួម យុទ្ធសាស្រ្តរួម ដាក់ជូនដល់អ្នកអនុវត្តច្បាប់ គឺរដ្ឋាភិបាល នៃប្រទេសនីមួយៗ នៃរដ្ឋជាសមា ជិក APA ដើម្បីធានាឲ្យបាននូវសុខសន្តិភាពសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជាពិភពលោក។
ក្នុងរយៈពេល ១៦ឆ្នាំ ដែលកម្ពុជាបានចូលរួមជាស្ថាបនិក សមាគមសភាអាស៊ី ដើម្បីសន្តិភាពមក សភាកម្ពុជាធ្លាប់បានទទួលធ្វើជា ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសភាតំបន់អាស៊ី បានជាច្រើនលើកមកហើយ ក្នុងនោះបានទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាតលើកទី២ របស់ សមាគមសភាអាស៊ីដើម្បី សន្តិភាព នៅក្នុងឆ្នាំ២០០១ ដើម្បីជំរុញដំណើរការសមាហរណកម្មសភាតំបន់អាស៊ី និង កិច្ចប្រជុំអនុគណៈ កម្មាធិការស្តីពី «ការកាត់បន្ថយភាពក្រីក្រ ក្នុងតំបន់អាស៊ី» នៅឆ្នាំ២០០៩។
រហូតមកដល់ពេលនេះ សភាតំបន់អាស៊ី បានរៀបចំមហាសន្និបាតចំនួន ៧លើក ព្រមទំាងរៀបចំកិច្ចប្រជុំ គណៈកម្មការជាច្រើនលើក។ ក្រៅពីព្រះរាជាណាចក្រកម្ពុជា ប្រទេសជាសមាជិកផ្សេងទៀត រួមមានសាធារណរដ្ឋអ៊ីស្លាមអ៊ឺរ៉ង ឥណ្ឌូនេស៊ី ស៊ីរី និងប្រទេសប៉ាគីស្ថាន សុទ្ធតែធ្លាប់បានទទួលរៀបចំមហាសន្និបាតប្រចំាឆ្នាំរបស់ APA ។
ប្រធានបទសំខាន់ៗ ត្រូវបានលើកយកមកពិភាក្សា ក្នុងជំនួបប្រចំាឆ្នាំទំាងនោះ។ «សាមគ្គីភាពក្នុងតំបន់អាស៊ីដើម្បីសន្តិភាព និង យុត្តិ ធម៌» ជាប្រធានបទ នៃមហាសន្និបាតលើកទី១ របស់ APA ដែលបានប្រារព្ធធ្វើនៅប្រទេសអ៊ីរ៉ង់ ក្នុងឆ្នាំ២០០៦។ «តួនាទីសភាតំបន់ អាស៊ី ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ ឆ្ពោះទៅរកវិបុលភាព សន្តិភាព និងយុត្តិធម៌ នៅក្នុងតំបន់» ជាប្រធានបទ នៃមហាសន្និបាត លើកទី៤ ដែលប្រទេសឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះ នៅឆ្នាំ២០០៩។
ចំណែកនៅឆ្នាំ២០១៤ កន្លងទៅនេះ មហាសន្និបាតលើកទី៧ របស់ APA ដែលប្រទេសប៉ាគីស្ថានទទួលធ្វើជាម្ចាស់ផ្ទះ បានពិភាក្សា លើប្រធានបទ «កិច្ចស្វះស្វែងរួមគ្នាដើម្បីសម្រេចបាននូវសភាអាស៊ី ក្នុងសតវត្សអាស៊ី»។ ជាមួយគ្នានេះដែរ សមាជិកសភា ដែលជា សមាជិក APA បានឯកភាពគ្នា ធ្វើការសិក្សា ដើម្បីរកមធ្យោបាយមួយ ធ្វើជាផែនទីបង្ហាញផ្លូវក្នុងការប្រែក្លាយពី APA ទៅជា AP (សភាអាស៊ី) នៅពេលអនាគត៕