(សៀមរាប)៖ មហាសន្និបាតសភាតំបន់អាស៊ី(APA) លើកទី៩ ដែលសភានៃកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ បានមកដល់ហើយ។
នៅថ្ងៃអាទិត្យនេះគណៈប្រតិភូសភា នៃប្រទេសសមាជិកសភាតំបន់អាស៊ី បានធ្វើដំណើរមកដល់ទឹកអង្គរបណ្តើរៗហើយ ក្នុងការចូលរួមមហាសន្និបាត។ ពិធីបើកមហាសន្និបាតលើកទី៩ ជាផ្លូវការនឹងប្រារព្ធធ្វើនៅរសៀលថ្ងៃទី២៨ វិច្ឆិកា ដោយមានព្រះរាជសារស្វាគមន៍របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មហាសន្និបាត។
ថ្នាក់ដឹកនាំស្ថាប័នកំពូលៗ នៃកម្ពុជាមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានសភាតំបន់អាស៊ី នឹងអញ្ជើញថ្លែងសុន្ទរកថា គន្លឹះពេលបើកមហាសន្និបាតនេះ។
គណៈប្រតិភូសភា នៃប្រទេសសមាជិកសភាតំបន់អាស៊ីយ៉ាងតិច២៣ប្រទេស នឹងអញ្ជើញមកចូលរួមក្នុងមហាសន្និបាតសភា តំបន់អាស៊ីលើកទី៩ នៅលើទឹកដីអង្គរ ក្រោមប្រធានបទ «ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងតំបន់អាស៊ី»។
នេះជាឆ្នាំទី២ហើយ ដែលសភានៃកម្ពុជាទទួលរៀបចំមហាសន្និបាតសភាតំបន់អាស៊ី។ កាលពីឆ្នាំ២០១៥ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាត ស្ថាប័ននីតិប្បញ្ញត្តិប្រចំាតំបន់នេះម្តងរួចហើយ៕