(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការ ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានចុះពិនិត្យការជួសជុលផ្លូវទំនប់៧មករា ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក និងសង្កាត់ព្រែកកំពឹស ប្រវែង ប្រមាណ២០០០ម៉ែត្រ ដែលរងការខូចខាត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរ ជាបណ្តោះអាសន្ន។
ក្នុងឱកាសជួបជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវទំនប់៧មករា លោកអភិបាលខណ្ឌ បានលើកឡើង អំពីគម្រោងស្ថាបនាផ្លូវទំនប់៧មករា នេះ នៅដើមឆ្នាំ២០១៧ខាងមុខ ដែលជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តាមរយៈលោកអភិបាលរាជធានីភ្នំពេញ ដោយស្ថាបនាជាបេតុង ឆ្អឹងដែក កម្រាស់ ០,២ម៉ែត្រ។
អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងការដឹកនាំរបស់លោកអភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដង្កោ បានដាក់គ្រឿងចក្រឈូសឆាយកិនបង្ហាប់ និងក្រាលថ្មមិច ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវនេះជាបណ្តោះអាសន្ន មុនពេលដែលការបើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មីនេះ នឹងចាប់ផ្តើមនៅដើមឆ្នាំ២០១៧ ដ៏ឆាប់ខាងមុខនេះ។
បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនេះ និងអ្នកដែលប្រើប្រាស់ផ្លូវមួយខ្សែនេះសម្រាប់ការប្រកបរបរទទួលទាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី លោកអភិបាលរាជធានីភ្នំពេញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងគិតគូរ និងយកចិត្តទុកដាក់ ចំពោះកការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងថ្លែងនូវការអបអរសាទរចំពោះសមិទ្ធផលថ្មីនេះ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕