(ពោធិ៍សាត់)៖ កម្មករមកពីការដ្ឋានទី១ ទី២៨ ទី៣០ និងទី៣១ ជាង២០០នាក់ ក្នុងក្រុមហ៊ុនភាពីម៉ិច របស់លោកស្រីឧកញ៉ា ជឹង សុភា ហៅយាយភូ ដែលអភិវឌ្ឍន៍លើដំណាំដំឡូងមី បានប្រមូលគ្នាមកប្តឹងតវ៉ាទាមទារឲ្យថៅកែចិន បើកប្រាក់បៀរវត្សប្រចាំខែឲ្យបានទៀងទាត់ ខណៈដែលនៅជំពាក់ពួកគេជាង៣ខែមកហើយ។
ការប្រមូលគ្នាមកប្តឹងតវ៉ាទាមទារខាងលើនេះ ផ្ទុះឡើងកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចតាអក (ការដ្ឋានទី១) ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្រុមកម្មករបានឲ្យដឹងថា មុននឹងឈានដល់ការប្រមូលគ្នាប្តឹងតវ៉ាទាមទារខាងលើនេះ ដោយសារតែពួកគាត់ទ្រាំលែងបាន ចំពោះថៅកែចិន ដែលមិនបានបើកប្រាក់បៀរវត្សប្រចាំខែឲ្យពួកគាត់បានទៀតទាត់ ពោលគឺនៅជំពាក់ជាង៣ខែមកហើយ ចាប់តាំងពីខែកញ្ញា ខែតុលា រហូតមកដល់ខែវិច្ឆិកានេះ ក្រុមហ៊ុននៅតែមិនទាន់បើកបានម្តងណាឡើយ។
លោកស្រី លីន តំណាងក្រុមហ៊ុនភាពីម៉ិច បានសូមអភ័យទោសចំពោះបងប្អូនប្រជាពលរដ្ឋ ដែលខកខានក្នុងការបើកប្រាក់បៀរវត្សប្រចាំខែជូនឲ្យបានទៀតទាត់ ដោយសារតែថៅកែនៅចិន បង្វិលលុយមិនទាន់។ ជាមួយគ្នានេះ លោកស្រីតំណាងក្រុមហ៊ុនបានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុននឹងបើកប្រាក់បៀរវត្សប្រចាំខែកញ្ញា និងខែតុលា ជូនបងប្អូនក្នុងចន្លោះថ្ងៃចន្ទដល់ថ្ងៃសុក្រ ចុងខែវិច្ឆិកានេះ ហើយប្រាក់បៀរវត្សប្រចាំខែវិច្ឆិកា ក្រុមហ៊ុននឹងរៀបចំបើកជូនឲ្យបានមុនថ្ងៃទី១២ ខែធ្នូ។
ចំពោះដំណោះស្រាយខាងលើនេះ បងប្អូនប្រជាពលរដ្ឋបានទទួលយក និងឯកភាពតាម តែបើក្រុមហ៊ុនមិនគោរពតាមការកំណត់នោះទេ ពួកគេនឹងធ្វើកូដកម្មទាមទារបន្តទៀត លុះត្រាតែក្រុមហ៊ុនបើកប្រាក់ឲ្យពួកគាត់៕