(សៀមរាប)៖ ក្រសួងទេសចរណ៍ សហការជាមួយសាកលវិទ្យាល័យ អង្គរ បានរៀបចំបើកវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញ ជំនាន់ទី២៣ ក្រោមអធិបតីភាពលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដើម្បីឆ្លើយតបទៅនឹង​តម្រូវការសេវា​កម្មទេសចរណ៍ និងកំណើនទេសចរ ដែលកំពុងកើនឡើងឥតឈប់ឈរ។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលមានការចូលរួមពី លោកប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប, មន្រ្តីរាជការនៃក្រសួងទេសចរណ៍, តំណាងសមាគមមគ្គុទ្ទេសក៍ទេសចរណ៍, សាស្រ្តាចារ្យ   សិស្ស-និស្សិត សិក្ខាកាមមគ្គុទ្ទេសក៍ទេសចរណ៍ សរុបប្រមាណ ២០០នាក់។

លោករដ្ឋលេខាធិការ បានឲ្យដឹងថា «ការបើកវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ ថ្នាក់តំបន់សៀមរាប និងតំបន់ជុំវិញ ជំនាន់ទី២៣នេះ គឺជាការឆ្លើយតបនឹងកំណើនភ្ញៀវទេសចរមកកម្ពុជា ពិសេសក្នុងខេត្តសៀមរាប ដែលមានចំនួនកើនឡើងជាបន្តបន្ទាប់។ ដោយឈរលើគោលការណ៍នៃការអភិវឌ្ឍទេសចរណ៍ ប្រកបដោយនិរន្តភាព កម្ពុជាសង្ឃឹមថា នឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧,៥ ទៅ ៨លាននាក់ នៅឆ្នាំ២០២០ ដោយនាំមកនូវចំណូលចូលសេដ្ឋកិច្ចជាតិ ៥ពាន់លានដុល្លារ និងបង្កើតការងារផ្ទាល់ជូនប្រជាពលរដ្ឋ ជាង១លាននាក់»។

លោកបានបន្តថា នៅពេលដែលកំណើនទេសចរ ចូលមកកម្ពុជាកាន់តែច្រើន តម្រូវការអ្នកផ្តល់សេវាកម្មកាន់តែច្រើន ដូច្នេះការបណ្តុះបណ្តាលធនធានមនុស្ស លើជំនាញវិជ្ជាជីវៈទេសចរណ៍ គឺជាកត្តាដ៏ចម្បង។ ក្នុងន័យនេះ ដើម្បីផ្តល់សេវាកម្មប្រកបដោយទំនុកចិត្ត និងផ្តល់ភាពកក់ក្តៅដល់ទេសចរ គឺត្រូវការមគ្គុទ្ទេសក៍ទេសចរណ៍មានសមត្ថភាព មានការទទួលខុសត្រូវខ្ពស់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ បន្ថែមទៀត។

លោក ប៉ាក៉ សុខុម ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សារយៈពេល ៦ខែ និងគោរពបទប្បញ្ញត្តិរបស់សាលាឲ្យបានល្អ សំដៅធ្វើយ៉ាងណាក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងមានចំណេះដឹងទូលំទូលាយ សមត្ថភាពគ្រប់គ្រាន់ និងមានជំនាញវិជ្ជាជីវៈពិតប្រាកដ អាចបម្រើការងារក្នុងវិស័យទេសចរណ៍ បានយ៉ាងល្អប្រសើរ៕