(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅទីស្នាក់ការ CPP គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំប្រកាសបញ្ចូលមន្ត្រីវ័យក្មេងចំនួន ៧០០នាក់ ថែមទៀត ដែលជាមន្រ្តីរាជការរបស់ក្រសួងចំណុះឱ្យសាខាបក្សទាំង៣២ ចូលជាសមាជិក CPP។
ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាពលោកបណ្ឌិត អុិត សំហេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលស្របតាមលក្ខន្តិៈ បទបញ្ជាផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា និងសេចក្តីណែនាំរបស់គណៈកម្មាធិការកណ្តាលស្តីពីតួនាទី ភារកិច្ច សិទ្ធិ រចនាសម្ព័ន្ធ អង្គការចាត់តាំង និងរបៀបរបបធ្វើការរបស់គណៈកម្មាធិការគណបក្សក្រសួង។
ក្នុងឱកាសនេះ លោកប្រធាន បានសម្តែងនូវការអបអរសាទរ និងថ្លែងអំណរគុណចំពោះសមាជិក សមាជិកាគណបក្សក្រសួង ដែលបានគាំទ្រហើយសម្រេចចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា និងកោតសរសើរចំពោះសាខាគណបក្សទាំង៣២ និងលេខាធិការដ្ឋានគណបក្សក្រសួង ដែលបានខិតខំកសាងសមាជិកបក្ស និងរៀបចំបែបបទបញ្ចូលសមាជិកបក្ស ហើយបានរៀបចំពិធីប្រកាសជាផ្លូវការនៅថ្ងៃនេះ។
ជាមួយនេះ លោកប្រធានបានជម្រាបជូនអំពីប្រវត្តិ ស្នាដៃ ឧត្តមគតិគណបក្ស នយោបាយគណបក្ស និងសមិទ្ធផលមិនអាចកាត់ថ្លៃបានរបស់គណបក្សប្រជាជនកម្ពុជា ដែលបានខិតខំតស៊ូរំដោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ទទួលបានជ័យជំនះ ៧ មករា ធ្វើអោយប្រទេសជាតិទទួលបានឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម កសាងខឿនការពារជាតិ បង្រួបបង្រួមជាតិ ពង្រឹងនីតិរដ្ឋ ពង្រឹងលិទ្ធិប្រជាធិបតេយ្យ ការកែទម្រង់រដ្ឋដ៏សុីជម្រៅ កសាងនិងអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ លើកស្ទួយជីវភាពប្រជាជន លើកកម្ពស់ចលនាយុវជន យុវនារី ស្តារកិត្តិយសនិងកិត្យានុភាពជាតិ ក្លាយជាប្រទេសដែលមានលក្ខណៈស្មើភាព និងស្មើសិទ្ធិជាមួយបណ្តាប្រទេសលើពិភពលោក ដែលទាំងអស់នេះជាសមិទ្ធផលដ៏ធំធេងកើតចេញពីនយោបាយឈ្នះ ឈ្នះ របស់គណបក្សប្រជាជនកម្ពុជា។
ទន្ទឹមនេះ លោកប្រធាន បានជម្រាបជូនអង្គពិធីនូវគោលបំណងរបស់គណបក្ស គឺប្រមូលកំលាំងគ្រប់ជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រលាញ់ប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកំលាំងគ្នាការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ គណបក្សប្រជានកម្ពុជា ជាគណបក្សកើតចេញពីប្រជាជន ធ្វើអ្វីៗដើម្បីប្រជាជន។
លោកប្រធាន បានផ្តល់អនុសាសន៍ដល់សមាជិក សមាជិកាគណបក្ស ត្រូវខិតខំកសាងសាមគ្គីភាព ឯកភាព ការពារអោយបានរឹងមាំនូវសមិទ្ធផល ស្នាដៃ និងអនុវត្តតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ប្រឆាំងដាច់ខាតចំពោះគណបក្សណាដែលមានឧបាយកលពិសពុលមកលើគណបក្សប្រជាជនកម្ពុជា។ ទន្ទឹមនោះក៏ត្រូវពង្រឹងស្មារតីពុះពារអប់រំ កសាងខ្លួនជាប្រចាំ ខិតខំរៀនសូត្រ និងខិតខំប្រតិបត្តិអោយបានត្រឹមត្រូវតាមកម្មវិធីនយោបាយបក្ស លក្ខន្តិកៈរបស់បក្ស បទបញ្ជាផ្ទៃក្នុងគណបក្ស វិន័យបក្ស កសាងអំពើល្អ និងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្សដល់ប្រជាជន ដើម្បីបោះឆ្នោតជូនគណបក្ស ឈានទៅដណ្តើមភាពឈ្នះជូនគណបក្សប្រជាជនកម្ពុជា៕