(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំតាម៉ឺន និងឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង លោក សួស អង្គារ៍ បានថ្លែងថា សមាជិកគាំទ្រ CPP នៅថ្នាក់មូលដ្ឋាន ត្រូវធ្វើអំពើល្អគ្រប់បែបយ៉ាងរហូតជូនប្រជាពលរដ្ឋទូទៅដោយមិនប្រកាន់និន្នាការអ្វីឡើយ និងជម្រុញឲ្យអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្តិភាព៩ទាំងចំណុច ព្រមទាំងបម្រើសេវាសាធារណៈឲ្យបានល្អ។
លើកឡើងយ៉ាងដូច្នេះរបស់លោក គឺនៅព្រឹកថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៦នេះ ក្នុងពិធីប្រជុំត្រួតពិនិត្យប្រចាំខែវិច្ឆិកា ពង្រឹងថ្នាក់ដឹកនាំបក្សមូលដ្ឋាន សាខាបក្សភូមិ សកម្មជនបក្ស នៅទីស្នាក់ការបក្សឃុំអូតាគីស្រុកថ្មគោល ព្រមទាំងបានចែកមូលនិធិសម្តេចក្រឡហោមចំនួន១៥លាន៦សែនរៀលដល់ប្រជាពលរដ្ឋទាំង២ឃុំចំនួន៧៨នាក់ផង។
លោក សួស អង្គារ៍ បានបញ្ជាក់ថា បន្ទាប់ពីយុទ្ធការចុះឈ្មោះបោះឆ្នោតជិតដល់ថ្ងៃបញ្ចប់នាចុងខែវិច្ឆិកានេះ ក្រុមការងារបានចុះត្រួតពិនិត្យលទ្ធផលនៃការចុះឈ្មោះបោះឆ្នោតក្នុងឃុំទាំង២ គឺឃុំអូរតាគីនិងឃុំតាម៉ឺនក្នុងស្រុកថ្មគោល ក្នុងនោះនៅឃុំតាម៉ឺនប្រជាពលរដ្ឋបានមកចុះឈ្មោះមានចំនួន៦.៨៧៤នាក់ក្នុងមានស្រី៣.៧៣០នាក់ស្មើនឹង៥៤.៨៧% អ្នកមិនទាន់ចុះឈ្មោះមានចំនួន៥.៦៥២នាក់(មានស្រី២.៧៤១នាក់) ការសន្និដ្ឋានអ្នកគាំទ្រCPP មានចំនួន៤.០១៧នាក់(ស្រីមាន២.១០៣នាក់)ស្មើនឹង៩៣.៧៦%។ ចំណែកនៅឃុំអូរតាគីមានអ្នកចុះឈ្មោះចំនួន៧.៧៩៤នាក់(មានស្រី៤.២០៣នាក់)ស្មើនឹង៥៦.៤៨% អ្នកមិនទាន់ចុះទាន់ចុះឈ្មោះមាន៦.០០៥នាក់(ស្រី២.៥៩៧នាក់)ស្មើនឹង៤៣.៥២% ការសន្និដ្ឋានអ្នកគាំទ្រCPP មានចំនួន ៤.៣១២នាក់(ស្រី៣.២០៩នាក់) ស្មើនឹង៩១.៦០% ។
លោកប្រធានក្រុមការងារបានសង្កត់ធ្ងន់ថា ក្នុងនាមថ្នាក់ដឹកនាំបក្សមូលដ្ឋានទាំងអស់ ត្រូវធ្វើយ៉ាងណាបម្រើសេវាសាធារណៈជូនពួកគាត់ ក្នុងករណីធម្មតា ក៏ដូចជាករណីចាំបាច់ ត្រូវបម្រើជូនពួកគាត់ឲ្យបានលឿននិងឆាប់រហ័សទាន់ចិត្ត បើអាចយកទៅជូនដល់ផ្ទះពួកគាត់បានផងកាន់តែប្រសើរ។ មិនតែប៉ុណ្ណោះក៏ត្រូវចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៩ចំណុច ពិសេស ល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរនិងប្រើប្រាស់គ្រឿងញៀន គោរពច្បាប់ចរាចរណ៍ផង។
បន្ទាប់ពីប្រជុំត្រួតពិនិត្យរបាយការណ៍រួចហើយ ប្រធានក្រុមការងារបានអញ្ជើញចុះតាមខ្នងផ្ទះប្រជាពលរដ្ឋចំនួ ន៧៨នាក់ ក្នុងនោះនៅឃុំតាម៉ឺនស្រ្តីសម្រាលកូនមាន២៥នាក់ គ្រួសារអ្នកមរណៈមាន១៣នាក់។ នៅឃុំអូរតាគីមានស្រ្តីសម្រាលកូន៣៥នាក់ និងគ្រួសារអ្នកមរណៈ៥នាក់ ម្នាក់ៗបានទទួល២០ម៉ឺនរៀល ដោយឡែកស្រី្តសម្រាលកូន៦០នាក់ទាំង២ឃុំមានបន្ថែមឃីដ១កញ្ចប់ជារបស់ប្រើប្រាស់របស់កូនងាមាន៦មុខថែមទៀតផង។ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យនាឱកាសនោះ ប្រធានក្រុមការងារក៏បានជូនថវិកាដល់សមាជិកបក្សមូលដ្ឋានដែលអញ្ជើញមកពីឃុំទាំង២ចំនួន៧៤នាក់ម្នាក់ៗទទួលបាន២ម៉ឺនរៀលសរុបចំនួន១លាន៤សែន៨ម៉ឺនរៀលទៀត។
ស្រ្តីទើបសម្រាលកូននិងគ្រួសារអ្នកមរណៈទាំងអស់ក៏បានថ្លែងអំណរគុណដល់លោកប្រធានក្រុមការងារ ដែលបាននាំមូលនិធិសម្តេចក្រឡាហោម មកជូនប្រជាពលរដ្ឋរៀងរាល់ខែ ដោយមិនប្រកាន់និន្នាការបក្សនយោបាយអ្វីឡើយ ពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច ស ខេង អនុប្រធានគណបក្ស ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តនិងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ នៅពេលដែលពួកគាត់បានជួបប្រទះគ្រោះធម្មជាតិផ្សេងៗកន្លងមកក៏ដូចជាបច្ចុប្បន្ន។
បន្ទាប់ពីបានថ្លែងអំណរគុណហើយពួកគាត់ក៏បានប្តេជ្ញាចិត្តផងដែរថា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដណ្តើមជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជាក្រុមប្រឹក្សា សង្កាត់នា ឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសតំណាងរាស្រ្តឆ្នាំ២០១៨ខាងមុខនេះ បានដឹកនាំប្រទេសជាតិបន្តទៀតនិងបន្តកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនិងបានទទួលសុខសន្តិភាពរៀងរហូតតទៅ៕