(កំពង់ធំ)៖ លោក ថោង ខុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបារាយណ៍ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សស្រុកបារាយណ៍ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យចុងក្រោយ ពីការងារចុះឈ្មោះបោះឆ្នោត ការបន្តជំរុញកសាងសមាជិកបក្សថ្មី។
ជំនួបប្រជុំខាងលើនេះ ក៏ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីរៀបចំសន្និបាតត្រៀម និងសន្និបាតពេញសិទ្ធិរបស់ គណៈកម្មាធិការគណបក្សឃុំ នៃស្រុកបារាយណ៍ ដោយមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល ខេត្ត ស្រុក ឃុំ និងសកម្មជនយុវជនគណបក្សគ្រប់ថ្នាក់។
លោក ថោង ខុន បានណែនាំឲ្យក្រុមការងារគ្រប់ភូមិ និងឃុំទូទាំងស្រុក បង្កើនការយកចិត្តទុកដាក់ឲ្យបានសកម្ម នៅដំណាក់កាលចុងក្រោយនេះ ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋ បានទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
លោករដ្ឋមន្រ្តី ក៏បានណែនាំឲ្យក្រុមការងារសហការគ្នាឲ្យបានជិតស្និទ្ធ ជាមួយគណៈកម្មាធិការគណបក្សគ្រប់លំដាប់ថ្នាក់ ដើម្បីត្រៀមរៀបចំសន្និបាតត្រៀម និងសន្និបាតពេញសិទ្ធិរបស់គណៈកម្មាធិការគណបក្សឃុំ ឲ្យបានល្អប្រសើរ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋទូទាំងស្រុកបារាយណ៍ បានទៅចុះឈ្មោះបោះឆ្នោត មានចំនួន ៩១,៧៦៨នាក់ ស្មើនឹង ៧៣,០៦ភាគរយ នៃប្រជាពលរដ្ឋសរុប (១២៥,៦០៤នាក់ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតរបស់ គ.ជ.ប)៕