(ភ្នំពេញ)៖ គ្រូពេទ្យមួយក្រុមនៃប្រទេសសិង្ហបូរីនៅថ្ងៃសៅរ៍នេះបានចាប់ផ្តើមរួមសហការគ្នាជាលើកដំបូង ជាមួយគ្រូពេទ្យកម្ពុជាមួយក្រុម ដើម្បីជួយបង្ការ និងព្យាបាលជំងឺមហារីកទូទៅ ដូចជាមហារីកសុដន់ មហារីកស្បូន ដៃស្បូន មហារីកសួត មហារីកថ្លើម មហារីកក្រពះ និងពោះវៀនធំជាដើម ព្រមទាំងជំងឺ បេះដូងនៅក្នុងប្រទេសកម្ពុជាផងដែរ។
ថ្លែងនៅក្នុងបទបង្ហាញមួយនៅឯមន្ទីរពហុព្យាបាលអន្តរជាតិខេមាបឹងកេងកងនារាជធានីភ្នំពេញលោក ស្រីវេជ្ជបណ្ឌិត ឡូ ស៊ូ គៀន (Lo Soo Kien) ហៅ ស៊ូ (Sue) ជាអ្នកឯកទេសជាន់ខ្ពស់ផ្នែកមហារីក បានប្រាប់ អ្នកចូលរួមស្តាប់ថា មហារីកដែលកើតមានភាគច្រើននៅលើពិភពលោកចំពោះស្រ្តីគឺមហារីកសុដន់ មហារីក សួត មហារីកក្រពះ មហារីកមាត់ស្បូន និងមហារីកពោះវៀនធំរហូតដល់ទ្វារធំ ហើយបុរសមានមហារីកបំពង់ អាហារ មហារីកសួត មហារីកក្រពះ មហារីកថ្លើម មហារីកក្រពេញប្រូស្តាត និងមហារីកទ្វារធំភ្ជាប់ពីពោះវៀនធំ។
លោកស្រីក៏បានរម្លឹកដែរថា មនុស្សស្លាប់ភាគច្រើនដោយសារជំងឺមហារីកកាលពីឆ្នាំ២០០៧ គឺមហារីកសួត មហារីកក្រពះ មហារីកពោះវៀនធំរហូតមកដល់ទ្វារធំ មហារីកថ្លើម និងមហារីកសុដន់។ លោកស្រី ស៊ូ បានបញ្ជាក់ថា ដោយសារតែមន្ទីរពហុព្យាបាលអន្តរជាតិខេមាបឹងកេងកង រាជធានីភ្នំពេញមាន ឧបករណ៍ស្តង់ដារគ្រប់គ្រាន់ និងគ្រូពេទ្យមានវិជ្ជាជីវៈ ទើបក្រុមគ្រូពេទ្យរបស់លោកស្រីចូលរួមចំណែកក្នុងការ ពិនិត្យនិងព្យាបាលជំងឺទាំងពីរនេះ។
នៅក្នុងបទបង្ហាញដាច់ដោយឡែកមួយទៀត លោកវេជ្ជបណ្ឌិត រិជិណល លូវ (Reginald Liew) ជាអ្នកឯកទេស ជាន់ខ្ពស់ផ្នែកបេះដូងមកពីប្រទេសសិង្ហបូរីបានលើកឡើងថា ជាទូទៅបុរសអាយុចាប់ពី៤៥ឆ្នាំនិងស្រ្តីអាយុចាប់ ពី៥០ជាអាយុដែលត្រូវតែយកចិត្តទុកដាក់ក្នុងការពិនិត្យបញ្ហាបេះដូងជាប្រចាំ ដើម្បីទប់ស្កាត់កុំឲ្យជំងឺកើតមានធ្ងន់ធ្ងរ។ ទោះជាយ៉ានេះក្តី លោក លូវ បានញ្ជាក់ថា បុរសស្រ្តីដែលមានសាវតាគ្រួសារមានជំងឺបេះដូងគឺត្រូវតែពិនិត្យរោគវិនិច្ឆ័យ ឲ្យបានរួសរាន់ ព្រោះពួកគេប្រឈមមុខខ្ពស់ ហើយថា ជំងឺបេះដូងមានរយៈពេលយូរដោយមិនមានរោគសញ្ញាភ្លាមៗទេ រហូតដល់មានសភាពធ្ងន់ធ្ងរ ដែលលោកហៅថា «ឃាតករស្ងៀមស្ងាត់»។ លោក លូវ បានបង្ហាញថា រោគសញ្ញាខ្លះដែលជាជំងឺបេះដូងគឺឈឺទ្រូង ណែនទ្រូង ឈឺកញ្ចឹងក ឈឺពើតតាមដៃ និងដង្ហក់ ហើយការដង្ហក់អាចដាច់សរសៃឈាមនាំឲ្យស្លាប់ភ្លាមៗ។ ទាំងអ្នកស្រី ស៊ូ និងលោក លូវ បានលើកឡើងពីបញ្ហាចម្បងដែលនាំឲ្យមានជំងឺមហារីក និងជំងឺបេះដូង ហើយថា ក្រុមគ្រូពេទ្យឯកទេសផ្នែកនេះរបស់ប្រទេសសិង្ហបូរីនឹងរួមសហការជាមួយវេជ្ជបណ្ឌិតឯកទេសខ្មែរ ដើម្បីផ្តល់ការពិគ្រោះ ពិនិត្យ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺទាំងពីរប្រភេទនេះនៅឯមន្ទីរពហុព្យាបាលអន្តរជាតិខេមាបឹងកេងកង នារាជធានី ភ្នំពេញទៅតាមការណាត់ជួប។
លោកស្រី ស៊ូ និងលោក លូវ បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីធ្វើបទបង្ហាញថា បញ្ហាបេះដូង និងមហារីកគួរតែត្រូវបាន ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋកម្ពុជាបានដឹងឲ្យទូលំទូលាយ ដើម្បីបង្ការ និងព្យាបាលទាន់ពេល៕