(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្តីជូនដំណឹង បញ្ជាក់ពីថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយនានា នៅកម្ពុជារៀងរាល់១០ថ្ងៃម្តង ដើម្បីកំណត់ឲ្យក្រុមហ៊ុនទាំងឡាយ ដែលកំពុងរកស៊ីត្រូវលក់តម្លៃឲ្យបានត្រឹមត្រូវ មិនឲ្យលើសពីថ្លៃដែលក្រសួង បានកំណត់នោះឡើយ។
បើសង្កេតមើលរយៈពេលចុងក្រោយពោលគឺពីខែតុលា ដល់ខែវិច្ឆិកា ឆ្នាំ២០១៦ តម្លៃប្រេងឥន្ទនៈរួមមាន សាំងស៊ុបពែ និងសាំងធម្មតា និងប្រេងម៉ាស៊ូត មានការធ្លាក់ថ្លៃបន្តិច។
ដោយនៅក្នុងខែតុលា តម្លៃប្រេងសាំងស៊ុបពែ ថ្លៃ៣៦០០រៀល តម្លៃសាំងធម្មតាថ្លៃ៣៥០០រៀល និងម៉ាស៊ូតថ្លៃ៣២០០រៀល ប៉ុន្តែនៅចុងខែវិចិ្ឆកានេះ តម្លៃសាំងស៊ុបពែ បានធ្លាក់មកនូវ៣៣៥០រៀល (ធ្លាក់២៥០រៀល) តម្លៃសាំងធម្មតា នៅត្រឹម៣៣០០រៀល (ធ្លាក់២០០រៀល) និងម៉ាស៊ូតនៅត្រឹម៣០០០រៀល (ធ្លាក់២០០រៀល)។
បើក្រឡេកទៅមើលតម្លៃប្រេងឥន្ធនៈ នៅទីផ្សារអន្តរជាតិវិញ បានបង្ហាញថា តម្លៃប្រេងឆៅក្នុងមួយបារែល (១៥៩លីត្រ) មានតម្លៃ៦៦ដុល្លារ ខណៈប្រេងសាំង ១ Gallon (៣.៧លីត្រ) មានតម្លៃ១.៤០ដុល្លារ។
កម្ពុជាជាប្រទេសដែលនាំចូល ប្រេងឥន្ធនៈជាច្រើនតោនក្នុង១ឆ្នាំ ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ ខណៈដែលប្រទេសក្នុងតំបន់អាស៊ានមួយនេះ កំពុងរុករកប្រេងក្នុងដែនសមុទ្ររបស់ខ្លួនផងដែរ។ កាលពីខែកក្កដា ឆ្នាំ២០១៦ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ម៉េង សក្តិធារ៉ា បានបញ្ជាក់ថា ប្រេងកាតប្លុក A របស់កម្ពុជា នឹងអាចបូមបាននៅក្នុងឆ្នាំ២០១៨ ឬ២០១៩ ខាងមុខនេះ។
លោក ម៉េង សក្ដិធារ៉ា បានបញ្ជាក់ថា «តាមផែនការរបស់ក្រសួង ប្រសិនបើថ្លៃប្រេងមិនធ្លាក់ចុះនោះទេ ហើយអាចនឹងងើបឡើងវិញ ក្រុមហ៊ុន KrisEnergy អាចនឹងធ្វើការចាប់ផ្ដើមផលិតប្រេង លើកទី១របស់ខ្លូន ក្នុងអំឡុងប្រហែលជាឆ្នាំ២០១៨ ឬ២០១៩ខាងមុខនេះ ប្រសិនបើមិនមានឧបសគ្គដោយសារថ្លៃប្រេងនេះទេ ប៉ុន្ដែបើច្នៃដន្យថ្លៃប្រេងនៅលើពិភពលោក នៅតែបន្ដធ្លាក់ចុះ វានឹងអាចធ្វើឲ្យមានការយឺតយ៉ាវបន្ដទៀត»។
គួរបញ្ជាក់ថា កម្ពុជាបាននាំចូលប្រេងឥន្ធនៈក្នុងឆ្នាំ២០០៥ ចំនួនប្រមាណ ៧៣៤ពាន់តោន បានកើនឡើងដល់១.៥លានតោន នៅឆ្នាំ២០១០, ១.៧លានតោន នៅឆ្នាំ២០១៤។ ទីផ្សារនាំចូលប្រេងសំខាន់កម្ពុជា រួមមានវៀតណាម សិង្ហបុរី និងថៃ៕