(ភ្នំពេញ)៖ លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាលកម្ពុជា បានប្រាប់ អ្នកសារព័ត៌មានឲ្យដឹងថា មកដល់ម៉ោងនេះ ថ្ងៃនេះ គ្មានករណីឆ្លងជំងឺហ្ស៊ីកា (Zika) នៅកម្ពុជាទេ។ លោកថា បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល កំពុងពង្រឹងការងារ ទប់ស្កាត់ការឆ្លងជំងឺរាតត្បាលហ្ស៊ីកា កើតលើ ប្រជាពលរដ្ឋកម្ពុជាឡើយ។
លោក លី សូវ៉ាន់ បានបញ្ជាក់បែបនេះ ខណៈលោក បានចូលរួមនៅក្នុង សិក្ខាសាលាបណ្តុះបណ្តាល និងផ្សព្វផ្សាយ ដល់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន រៀបចំធ្វើ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះនៅ មន្ទីរពេទ្យកុមារជាតិ។
លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ឲ្យដឹងថា «រហូតមកដល់ម៉ោងនេះ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ គ្មានករណីឆ្លងជំងឺZika នៅកម្ពុជាទេ។ ខ្ញុំសូមជម្រាបដល់សាធារណជនផងដែរពីតម្លាភាពរបស់ ក្រសួងសុខាភិបាលថា យើងមិនលាក់លៀមទេ រាល់ករណីដែលយើងរកឃើញភ្លាម យើងត្រូវប្រើសាធារណជនឲ្យបានដឹងភ្លាម ដើម្បីយើងនាំគ្នាបង្ការកុំឲ្យជំងឺនានា ក្នុងហ្នឹង មានជំងឺហ្ស៊ីការីករាលដាលក្នុងប្រទេសកម្ពុជា»។
អ្នកនាំពាក្យនៃក្រសួងសុខាភិបាលកម្ពុជា លោក លី សូវ៉ាន់ បានឲ្យដឹងថា កន្លងមក ក្រសួងសុខាភិបាល បានចេញផ្សាយ និងចែកចាយសេចក្តីប្រកាសព័ត៌មាន អំពីការបង្ការជំងឺឆ្លងបណ្តាលមកពីវីរុសZika នៅក្នុងគេហទំព័ររបស់នាយកដ្ឋានប្រុទ្ធប្រឆាំងនឹងជំងឺឆ្លង និងនៅក្នុង Facebook នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ហើយក្រៅពីនោះ ក៏មានការចែកចាយសេចក្តីប្រកាសព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយទូទាំងប្រទេសកម្ពុជា។
ក្រសួងសុខាភិបាល ក៏បានជូនដំណឹងស្តីពីការត្រៀមលក្ខណៈបង្ការ និងឆ្លើយតបទៅនឹងជំងឺថ្មី ដែលបណ្តាលមក ពីវីរុសZika ដល់ប្រធានមន្ទីរសុខាភិបាលរាជធានីខេត្តទូទាំង២៥។
លោក លី សូវ៉ាន់បន្តថា ក្រសួងក៏បាន ប្រជុំជាមួយភាគីពាក់ព័ន្ធ បណ្តុះបណ្តាលអ្នកសារព័ត៌មាន ពង្រឹងប្រព័ន្ធផ្សព្វផ្សាយ ពង្រឹងសមត្ថភាពក្រុមឆ្លើយតបបន្ទាន់ ពង្រឹងមន្ទីរពិសោធន៍រកវីរុសជាដើម។
គួររំលឹកឲ្យដឹងថា លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ម្តងរួចមកហើយថា មិនមាន ករណីមេរោគ Zika ណាមួយបានមកដល់ប្រទេសកម្ពុជានោះទេ ខណៈដែលនៅលើបណ្តាញសង្គម Facebookមានការ បំផុសតៗគ្នាថា មានករណីយុវតីខ្មែរម្នាក់បានស្លាប់ដោយ សារជំងឺ Zika នៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា វីរុស Zika ដែលស្ងប់ស្ងាត់ជាច្រើនឆ្នាំ បានរីករាលដាល់ជាថ្មីនៅលើពិភពលោក ជាពិសេសនៅប្រទេសអាស៊ាន។ នាថ្មីៗនេះ នៅទីក្រុងបាងកកប្រទេសថៃ បានផ្ទុះឡើងនូវករណីឆ្លងវីរុស្ស Zika រហូតដល់ទៅ ២១ករណី។ ចំណែកនៅប្រទេសសិង្ហបុរី រហូតដល់ពេលនេះ ករណីវីរុស Zika ក្នុងប្រទេសនេះកើនឡើងដល់៣១៨ករណីហើយ ខណៈដែលបណ្តាប្រទេសអាស៊ានផ្សេងៗទៀត កំពុងព្រួយបារម្ភ។
ដើម្បីទប់ស្កាត់ការចម្លងជំងឺនេះមកដល់ប្រទេសកម្ពុជា ក្រសួងសុខាភិបាល ក៏បានបំពាក់ម៉ាស៊ីនស្ទង់កម្តៅខ្លួនមនុស្ស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងច្រកអន្តរជាតិមួយចំនួនទៀតក្នុងប្រទេសកម្ពុជាផងដែរ ដើម្បីឃ្លាំមើលអ្នកដំណើរ ដែលមានសីតុណ្ហភាពក្នុងខ្លួនខុសធម្មតា និងករណីអាចមានផ្ទុកវីរុសZika៕