(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌមានជ័យ លោក តេង សីុណូ បានបញ្ជាក់ថា រហូតមកដល់រសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលរបស់លោក បាននិងកំពុងជជីកសួរនាំ ជនរងគ្រោះដែលអះអាងថា មានក្រុមប្រដាប់អាវុធបានប្លន់ម៉ូតូរបស់ខ្លួន។
លោក តេង សីុណូ បានបន្តថា តាមការសួរនាំជាជំហានដំបូងនោះ គឺក្រុមជនល្មើសមិនមានកាំភ្លើង ដូចអ្វីដែលជនរងគ្រោះអះអាងឡើយ ហើយករណីនេះសង្ស័យជារឿងផ្សេង និងម្យ៉ាងទៀត អាចថា ជនរងគ្រោះនិងក្រុមជនល្មើសជាមនុស្សស្គាល់គ្នាទៀតផង។
យ៉ាងណាក៏ដោយ នៅពេលនេះកម្លាំងជំនាញរបស់លោក និងកម្លាំងនគបាលមូលដ្ឋាន បាននិងកំពុងធ្វើការស្រាវជ្រាវស្វែករកការពិតហើយ។
សូមបញ្ជាក់ថា បុរសម្នាក់ត្រូវជនល្មើសប្រដាប់ដោយកាំភ្លើងខ្លីមួយដើមភ្ជង់ប្លន់បានសំរេច នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៦នៅចំណុចផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តែសំណាងល្អជនរងគ្រោះមិនរងគ្រោះដល់អាយុជីវិតនោះឡើយ។
ជនរងគ្រោះមានឈ្មោះ នាង ឌឿន អាយុ២៨ឆ្នាំមុខរបរកម្មករលក់ផ្លែឈើ ស្នាក់បន្ទប់ជួលតាមផ្លូវលំ ស្ថិតភូមិរស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញជាម្ចាស់ម៉ូតូម៉ាកឌ្រីមសង់សេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ:1GD-3453 សេរីឆ្នាំ២០១៧។
ជនរងគ្រោះបានប្រាប់ថា មុនកើតហេតុគាត់ជិះមូ៉តូចេញពីធ្វើការ មកបន្ទប់ជួល ស្រាប់តែមកដល់មុខបន្ទប់ជួលក៏មានជនសង្ស័យ៣នាក់ជិះម៉ូតូស្គុបពីពណ៍ក្រហមមិនចាំស្លាកលេខហើយដកកាំភ្លើងមកភ្ជង់ប្លន់យកម៉ូតូ រួចហើយជិះគេចខ្លួនបាត់តែម្ដង។
ក្រោយកើតហេតុកម្លាំងកងរាជអាវុធហត្ថបាននាំបុរសរងគ្រោះ មកសាកសួរនាំនិងនាំទៅដាក់ពាក្យបណ្ដឹង ដើម្បីស្វែងរកក្រុមចោរដែលបានធ្វើសកម្មភាពនោះ៕