(កំពង់ធំ)៖ នៅសាលាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវខេត្តកំពង់ធំ ព្រឹកថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០១៦នេះ បានធ្វើជាវេទិការ ការងារមួយស្តីពី “យុវជន និង ការងារ” ក្រោមអធិបតីភាពលោក ណេន ចិន្តា សាស្រ្តាចារ្យគ្រប់គ្រងអាជីវកម្ម និងជានាយកសាខា នៃសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា ប្រចាំខេត្តកំពង់ធំ។
កម្មវិធីនេះមានការចូលរួមពីសិស្សនិស្សិត ព្រះសង្ឃប្រមាណជាង២៣៥នាក់ ។
លោក រិន វិទ្យាដារ៉ូ នាយករងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវខេត្តកំពង់ធំបានលើកឡើងអំពីគោលបំណង នៃវេទិការនាពេលនេះចង់ឲ្យសិក្ខាកាមស្វែងយល់អំពីការសម្រេចចិត្ត ក្នុងការស្វែងយល់អំពីការស្រាវជ្រាវ ហើយក្នុងនោះដែរនិស្សិតត្រូវយល់ដឹងអំពីតួនាទីភារកិច្ច ត្រូវតែមានចំណេះដឹង និងជំនាញច្បាស់លាស់ សមត្ថភាពធ្វើការងារហើយត្រូវមានទិសដៅឲ្យបានច្បាស់លាស់។
លោក ខៀវ វឿន ជាប្រធានភ្នាក់ងារ និងរបរជាតិប្រចាំខេត្តកំពង់ធំបានបង្ហាញឲ្យឃើញថាកម្មវិធីនេះផ្តល់ឱកាសដល់សិស្សនិស្សិតក្នុងការដកស្រង់នូវបទពិសោធន៍ក្នុងការរៀបចំផែនការអាជីព និងវិជ្ជាជីវៈ ព្រមទាំងសិក្សាពីព័ត៌មានទីផ្សារកាងារក្នុងប្រទេសកម្ពុជាដើម្បីយកទៅផ្ទៀងផ្ទាត់ជាមួយនឹកការសម្រេចចិត្តក្នុងការជ្រើសរើសជំនាញសិក្សានៅថ្នាក់ឧត្តមសិក្សា។
ជាមួយគ្នានេះដែរ សិស្សនិស្សិតនឹងមានឱកាសចុះឈ្មោះស្វែងរកការងារធ្វើផ្ទាល់នៅនឹងកន្លែងតែម្តង ដែលមានមជ្ឈមណ្ឌលការងារខេត្តកំពង់ជាសេនាធិការឱ្យទីភ្នាក់ងារជាតិមុខរបរនិងការងារក្នុងការងារផ្តល់សេវាជួនសាធារណជនទូទៅក្នុងប្រទេសកម្ពុជា។
លោកសាស្រ្តាចារ្យ ណេន ចិន្តា បានលើកឡើងអំពី ”ភាពជោគជ័យរបស់យុវជន ” ដែលខ្លឹមសារទាំងនោះគឺមានបីគឺ ១-តួនាទីនិងភារកិច្ចរបស់យុវជន គឺយុវជនជាទំពាំងស្នងប្ញស្សី យុវជនត្រូវតែមានចំណេះដឹង និងជំនាញច្បាស់លាស់ហើយត្រូវតែចេះជំនាញបន្ថែម(ភាសាអង់គ្លេស និងកុំព្យូទ័រ និងការចូលរួមកសាងសមត្តភាពតាមរយៈ សិក្ខាសាលា និងសន្នសីទផ្សេងៗ) ២-លក្ខណៈវិនិច្ឆ័យយុវជនល្អគឺត្រូវមានសមត្ថភាពធ្វើការងារ មានគុណធម៌ មានប្រសិទ្ធភាពក្នុងការធ្វើការងារ។ ៣-ទិសដៅរបស់យុវជនគឺត្រូវមានវិធីសាស្រ្តជោគជ័យសម្រាប់ខ្លួន ភាពសុខដុមនីកម្ម ការកសាងមិត្តភាព និងទំនាក់ទំនងល្អក្នុងសង្គម។ ដូច្នេះដើម្បីឆ្លើយតបយុវជនយើងត្រូវតែមាន (ច៣) គឺ ទី១ ចង់(ឆន្ទះ) ទី២ ចូល (ចូលរួមសកម្មភាព) ទី៣ ចងចាំ ( ចាំនូវអ្វីដែលបានចូលរួម) ។
លើសពីនេះទៅទៀតនោះលោកសាស្ត្រចារ្យ បានថ្លែងថា ដើម្បីឲ្យយុវជនមានគុណភាពក្នុងការបម្រើការងារ និងការរស់នៅ នោះយុវជនត្រូវមាន ជំនាញផ្នែករឹង និងផ្នែកទន់៕