(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅកម្លាំងនគរបាលខណ្ឌឫស្សីកែវ ចាប់ឃាត់រថយន្ត ដែលដឹកសំពីងសំពោង រថយន្តតទ្រុងខុសច្បាប់ និងគ្មានលិខិតចូលក្រុង ចំនួន១៨គ្រឿង ដើម្បីយកទៅធ្វើការផាកពិន័យតាមច្បាប់។
នាយរងការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ទោ ប៉ែន ឃុន បានបញ្ជាក់ថា ប្រតិបត្តិការចាប់ឃាត់រថយន្តល្មើសច្បាប់ទាំងនេះ បានធ្វើឡើង រយះពេល២ម៉ោង ពោលចាប់ពីវេលាម៉ោង ១០ រហូតដល់ម៉ោង ១២យប់រំលងអាធ្រាត្រចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវលេខ៥៩៨ ខណ្ឌឫស្សីកែវ។
លោក ប៉ែន ឃុន បានបន្តថា «ក្រោយមានបញ្ជារបស់នាយឧត្តមស្នងការ និងលោកវរសេនីយ៍ ចេវ ហាក់ នាយការិយាល័យចរាចរណ៍ផ្លូវគោក រួចមក កម្លាំងនគរបាលរបស់យើង បានចុះទៅចាប់រថយន្តទាំងនេះ ចំនួន១៨គ្រឿង ដែលរថយន្តខ្លះ ដឹកឥវ៉ាន់សំពីងសំពោង រថយន្តខ្លះត ទ្រុងខុសច្បាប់ ហើយរថយន្តខ្លះទៀត គ្មានលិខិតអនុញ្ញាតចូលមកក្រុងនោះឡើយ»។
បើតាមលោក ប៉ែន ឃុន សម្រាប់រថយន្តទាំងនេះត្រូវបានកម្លាំងរបស់លោក យកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីពិនិត្យមើលឯកសារ ហើយធ្វើការផាកពិន័យតាមនីតិវិធី។
ជាមួយគ្នានេះ នាយរងការិយាល័យរូបនេះ បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងអាជីវកម្មទាំងឡាយ ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា ពោលរថយន្តដឹកទំនិញរបស់ខ្លួន ត្រូវមានលក្ខណ:បច្ចេកទេសត្រឹមត្រូវ ដោយមិនត្រូវបើកបរល្មើសច្បាប់នោះឡើយ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងសង្គមជាតិទាំងមូល៕