(ភ្នំពេញ)៖ វេជ្ជបណ្ឌិតផ្នែកតម្រងនោម លោក លីម វឌ្ឍនៈ និងជាប្រធានសមាគម គ្រូពេទ្យតម្រងនោមកម្ពុជា បានថ្លែងនូវក្តីសង្ឃឹម និងជឿជាក់ថា នៅថ្ងៃខាងមុខ តម្លៃនៃការពិនិត្យជំងឺតម្រងនោម និងការលាងឈាម នឹងមានការបន្ធូរបន្ថយសម្រាប់អ្នកជំងឺ ដើម្បីកាត់បន្ថយដល់ការចំណាយ ក្នុងការពិនិត្យព្យាបាល។
ការថ្លែងបែបនេះរបស់លោកវេជ្ជបណ្ឌិត ធ្វើឡើងក្នុង «សន្និសីទសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា ប្រចាំឆ្នាំលើកទី១» នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានការចូលរួមពីសំណាក់ ក្រុមគ្រូពេទ្យ យ៉ាងច្រើនកុះករ។
លោក លីម វឌ្ឍនៈ បានថ្លែងថា «ខ្ញុំសង្ឃឹមថា នៅថ្ងៃខាងមុខតម្លៃនៃការពិនិត្យជំងឺតម្រងនោម និងការលាងឈាម នឹងមានការបន្ធូរបន្ថយសម្រាប់អ្នកជំងឺ ហើយរាល់ថ្ងៃនេះ យើងកំពុងស្វែងរកដៃគូ ដើម្បីជួយទៅដល់អ្នកជំងឺ ដែលត្រូវមកលាងឈាម និងដើម្បីជួយសម្រាលបន្ទុក ក្នុងការចំណាយរបស់ពួកគាត់»។
លោកវេជ្ជបណ្ឌិតបានថ្លែងបន្ដទៀតថា «ក្រោយការបង្កើត សមាគមតម្រងនោមកម្ពុជានេះ ខ្ញុំក៏សង្ឃឹមយ៉ាងមុតមាំថា នឹងអាចជួយទៅដល់ប្រជាជនបានច្រើន ដោយព្យាយាមពន្យល់ ឲ្យពួកគាត់យល់ដឹងពីបញ្ហាសុខភាព ជាពិសេសគឺលើបញ្ហាសុខភាព ផ្នែកតម្រងនោម។ បញ្ហាជំងឺតម្រងនោមនេះ គឺមានសារសំខាន់ខ្លាំងណាស់ សម្រាប់ពួកគាត់ ព្រោះថាប្រសិនបើតម្រងនោមខូច គឺមិនអាចជាសះស្បើយ ដូចជំងឺដទៃទៀតនោះឡើយ»។
លោកបានបញ្ជាក់ទៀតថា សព្វថ្ងៃនេះ មានការកើនឡើងនៃជំងឺតម្រងនោមច្រើន ព្រោះមានកត្តាមួយចំនួន ដូចជាការយល់ដឹង របស់ប្រជាពលរដ្ឋកម្ពុជា ផ្នែកជំងឺតម្រងនោម នៅមានកម្រិត ការហូបចុក ការប្រើប្រាស់ថ្នាំបុរាណ ការប្រើប្រាស់អាហារបំប៉នមួយចំនួន អាចបណ្ដាលឲ្យមានផលប៉ះពាល់ ទៅលើតម្រងនោម។
លោកក៏បានបញ្ជាក់បន្ថែមថា សូមប្រជាពលរដ្ឋទាំងអស់ កុំជឿលើអបិយជំនឿច្រើនពេក ពេលដែលមានបញ្ហា ឬជំងឺត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីជៀសវាងការប្រើប្រាស់ខុស៕