(ភ្នំពេញ)៖ បើទោះបីច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០១៧ ត្រូវបានរដ្ឋសភាអនុម័តរួចរាល់ទៅហើយក្តីកាលពីថ្ងៃទី២២ ខែវិច្ឆិកា តែសង្រ្គាមពាក្យសម្តីជុំវិញការអនុម័តច្បាប់ថវិកាជាតិនេះ មិនទាន់បានស្ងប់ស្ងាត់នៅឡើយ។ តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ CNRP មិនបានលើកដៃគាំទ្រលើច្បាប់ថវិកាជាតិនេះឡើយ ព្រមទាំងបានរិះគន់លើផែនការចំណាយថវិកាជាតិរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០១៧នេះផងដែរ។
ឆ្លើយតបការរិះគន់ និងការជំទាស់របស់តំណាងរាស្រ្តមកពីគណបក្សប្រឆាំងនេះ លោក ស សុខា ដែលជាតំណាងរាស្រ្តវ័យក្មេងមួយរូប មកពីគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការមិនលើកដៃគាំទ្ររបស់តំណាងរាស្រ្តគណបក្សប្រឆាំងវាជាទម្លាប់ទៅហើយ គ្មានអ្វីចម្លែកនោះឡើយ។
លោក ស សុខា បានបញ្ជាក់នៅលើទំព័រ Facebook របស់លោកនាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា «ជាការពិត ខ្ញុំទទួលស្គាល់ថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពិតជាមិនបានលើកដៃគាំទ្រការអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិឆ្នាំ២០១៧នេះប្រាកដមែន តែអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាចំនួន៦៦រូប បានលើកដៃបោះឆ្នោតអនុម័ត។ និយាយឲ្យខ្លីពុំមានអ្វីចម្លែកនោះទេ គណបក្សសង្គ្រោះជាតិមិនលើកដៃអនុម័តលើសេចក្ដីព្រាងច្បាប់នេះនោះទេ តែនៅឆ្នាំកន្លងទៅ ក៏គណបក្សនេះពុំចូលរួមប្រជុំអនុម័ត ឬក៏ចូលក៏ពុំដែលលើកដៃអនុម័តនោះទេ ព្រោះជាបក្សប្រឆាំង ត្រូវតែប្រឆាំងខ្លាចប្រជាជនថាបក្សប្រឆាំងដើរស្របនឹងបក្សកាន់អំណាច នាំឲ្យបាត់បង់សេចក្តីទំនុងចិត្ត និងការគាំទ្រផងដែរ»។
លោកតំណាងរាស្រ្តរូបនេះបន្តថា «ការមិនគាំទ្រលើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៧ ពីសំណាក់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមិនមែនជារឿងថ្មីទេ។ ឧទាហរណ៍កាលពីឆ្នាំ២០១៥កន្លងទៅ ក៏អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំងនោះមិនចូលរួមកិច្ចប្រជុំរដ្ឋសភា ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៦នោះដែរ»។
លោកតំណាងរាស្រ្តវ័យក្មេងរូបនេះ នៅបានចំអកទៅឲ្យបក្សប្រឆាំងថែមទៀតថា ការមិនលើកដៃអនុម័តនេះ ដោយ សារតែតំណាងរាស្រ្តបក្សប្រឆាំងមិនចង់ឲ្យមានការតម្លើងប្រាក់បៀវត្សរ៍ជូនមន្រ្តីរាជការ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធផងដែរ។
លោក ស សុខា បានបញ្ជាក់ដូច្នេះ «ការមិនអនុម័តច្បាប់ថវិកាជាតិពីសំណាក់គណបក្សសង្គ្រោះជាតិ គឺស្មើនិងមិនចង់តម្លើងប្រាក់ខែដល់មន្ត្រីរាជការ ធ្វើគ្រាន់តែជានយោបាយទូងស្គរ។ ព្រោះថា ក្នុងច្បាប់ថវិកាជាតិឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលបានតម្លើងប្រាក់ខែ ប្រាក់បំណាច់់មុខងារ ប្រាក់សោធននិវត្តន៍ ដល់មន្ត្រីរាជការ»។
បើតាមលោក ស សុខា សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៧ ក៏បានកំណត់ពីការតម្លើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចាប់ពីខែមករា ឆ្នាំ២០១៧ ហើយនៅខែមេសា ឆ្នាំ២០១៧ នឹងមានការតម្លើងម្តងទៀត។ ក្នុងនោះ រាជរដ្ឋាភិបាល គ្រោងថវិកា ៦,៨០៤,០៥៩ លានរៀល គឺកើនឡើង ២០,៧% ធៀបនឹងច្បាប់ឆ្នាំ២០១៦ ដើម្បីចំណាយលើបន្ទុកបុគ្គលិក រួមមាន៖ បៀវត្សរ៍មូលដ្ឋាន ប្រាក់បំណាច់មុខងារ ប្រាក់ឧបត្ថម្ភ និវត្តជន លាភការ និងរង្វាន់ផ្សេងៗ សម្រាប់បុគ្គលិកក្របខណ្ឌអចិន្ត្រៃយ៍ មន្ត្រីជាប់កិច្ចសន្យា។
ក្នុងនោះ ក៏មានការតម្លើងបៀវត្សរ៍មូលដ្ឋាន ក្នុងអត្រា ១២% ដោយគិតចាប់ពីខែមករា ឆ្នាំ២០១៧ និងការតម្លើងប្រាក់ឧបត្ថម្ភប្រពន្ធ កូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ដោយឲ្យកូនម្នាក់ ចំនួន ១០,០០០រៀល ក្នុង១ខែ និងប្រពន្ធ ១៥,០០០រៀលក្នុង១ខែ គិតចាប់ពីខែមករា ឆ្នាំ២០១៧។
ច្បាប់ថវិកាជាតិឆ្នាំ២០១៧ ក៏មានការតម្លើងប្រាក់បំណាច់មុខងារផងដែរ។ ការដំឡើងប្រាក់បំណាច់មុខងារ នឹងត្រូវអនុវត្តចាប់ពីខែមេសា ឆ្នាំ២០១៧ តាមកម្រិតនៃប្រាក់បំណាច់មុខងារ ឆ្នាំ២០១៦។ ការតម្លើងប្រាក់បំណាច់មុខងារនោះចាប់ពី ៤០,០០០ រៀល រហូតដល់ ១០០,០០០ រៀល លើប្រាក់ខែរបស់មន្ត្រីរាជការស៊ីវិល គ្រូបង្រៀន គ្រូពេទ្យ និងកងកម្លាំងប្រដាប់អាវុធ។
ក្រៅពីនោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបម្រើការងារ គឺមន្ត្រីរាជការ ដែលចូលនិវត្តន៍ ក៏ត្រូវបានតម្លើងប្រាក់សោធននិវត្តន៍ផងដែរ។ ក្នុងនោះនៅឆ្នាំ២០១៧ រាជរដ្ឋាភិបាល បានគ្រោងថវិកាចំនួន ៤៤ប៊ីលានរៀល សម្រាប់ផ្តល់ជូនបន្ថែមដល់និវត្តជន ដែលជាមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ដែលមានប្រាក់របបសោធនប្រចាំខែទាប ឲ្យឡើងដល់៤២០,០០០រៀល ក្នុងមួយខែ។
ឆ្លើយតបការលើកឡើងរបស់តំណាងរាស្រ្តគណបក្សប្រឆាំងថា រដ្ឋសភាមិនកោះហៅរដ្ឋមន្ត្រីនីមួយៗចូលមកបំភ្លឺនៅក្នុងរដ្ឋសភានោះ លោក ស សុខា បានបញ្ជាក់ថា មុននឹងសេចក្ដីច្បាប់នេះ ដាក់ចូលរដ្ឋសភាពិភាក្សា ក្រុមការងារជំនាញរបស់ក្រសួងនីមួយៗ បានជួបពិភាក្សាជីកឫសជីកគល់ រហូតដល់មានឯកភាព បន្ទាប់ពីមានការពន្យល់ហេតុផលជាក់លាក់អំពីការរៀបខ្ទង់ចំណាយប្រចាំឆ្នាំរបស់ខ្លួន ព្រោះមានតែក្រសួងជំនាញប៉ុណ្ណោះ ដែលដឹងច្បាស់ខ្លួនឯង។ តែក៏មិនមែនមានន័យថា បិទសិទ្ធិសេរីភាពតំណាងរាស្ត្រមិនឲ្យសួរដេញដោលក្នុងពេលប្រជុំសភាទេ។