(ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញាតឲ្យប្រធានរដ្ឋសភាឡាវ លោកស្រី ប៉ានី យ៉ាថទូ (PANY YATHOTOU) ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកបង្ហាញនូវ ផលវិជ្ជមានល្អៗជាច្រើនក្នុងទំនាក់ទំនងរវាងកម្ពុជា-ឡាវ ដែលក្នុងនោះមានទាំងការគាំទ្រលើការសាងសង់វារីអគ្គិសនីដនសាងហុងរបស់ឡាវ ពីសំណាក់កម្ពុជាផងដែរ។
បើយោងតាមទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា លទ្ធផលវិជ្ជមានល្អៗ ដែលរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋា ភិបាលឡាវបានសម្រេចនោះមានដូចជា៖ ១. កិច្ចសហប្រតិបត្តិការបើកច្រកទ្វារអន្តរជាតិរវាងប្រទេសទាំងពីរនៅណងនុឃឿន-ត្រពាំងគ្រៀល ដែលនឹងសម្ពោធនៅថ្ងៃទី១០ ខែមករា ២០១៧, ២. ឯកភាពគ្នាដោះដូរអ្នកទោសដោយមិនគិតពីចំនួនឡើយ និង៣. ឯកភាពសហការគ្នាលើវិស័យថាមពល។
ពាក់ព័ន្ធវិស័យថាមពលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ប្រាប់ប្រធានរដ្ឋសភាឡាវថា កម្ពុជាគាំទ្រប្រទេសឡាវក្នុងការកសាងទំនប់វារីអគ្គិសនីដនសាហុង រីឯឡាវសន្យាលក់ថាមពលអគ្គិសនីក្នុងតម្លៃថោកសមរម្យមកឲ្យកម្ពុជា ដើម្បីអភិវឌ្ឍន៍ខេត្តមួយចំនួននៅជាប់ព្រំដែនគ្នា។
បើតាមសម្តេចតេជោ ហ៊ុន សែន កម្ពុជា ក៏បានអនុញ្ញាតឲ្យឡាវប្រើប្រាស់ផ្លូវគមនាគមន៍ និងកំពុងផែកម្ពុជា ក្នុងការដឹកជញ្ជូនទំនិញនាំចេញទៀតផង ព្រោះប្រទេសឡាវគ្មានសមុទ្រ។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ និងពេញចិត្តចំពោះទំនាក់ទំនង និងសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ សម្តេចតេជោថា តាមរយៈទំនាក់ទំនងល្អរវាងកម្ពុជា-ឡាវនេះ នឹងធ្វើឲ្យជីវភាពរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ។
លោកស្រីប្រធានរដ្ឋសភាឡាវ បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ រួមទាំងវិស័យការទូត សេដ្ឋកិច្ច និងនយោបាយ។ ជាពិសេស កិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិកម្ពុជា និងនីតិបញ្ញត្តិឡាវ។
លោកស្រី ប៉ានី យ៉ាថទូថា ប្រទេសឡាវសប្បាយចិត្ត កក់ក្តៅ និងអរគុណ ចំពោះការយកចិត្តទុកដាក់ដោយសុទ្ធចិត្តពីសំណាក់កម្ពុជា។
លោកស្រីប្រធានរដ្ឋសភាឡាវ ក៏បានសំដែងការសាទរផងដែរ ចំពោះកិច្ចព្រមព្រៀងរវាងកម្ពុជា-ឡាវ ក្នុងការបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតប្រទេសទាំងពីរ ពី ១០នាក់ក្នុង១ឆ្នាំ ទៅ ១៥នាក់ក្នុង ១ឆ្នាំ និងសម្រេចតម្លើងតម្លៃអាហារូបករណ៍ពី ១៥០ដុល្លារ ដល់ ១៨០ដុល្លា ក្នុង ១ខែ ដើម្បីជួយសម្រួលដល់ស្ថានភាពរស់នៅសិក្សារបស់និស្សិតឲ្យបានប្រសើរឡើង៕