(ភ្នំពេញ)៖ លោកបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ បានថ្លែងថា ប្រទេសកម្ពុជា បានចាត់ទុកប្រទេសចិន ជាមហាមិត្តក្នុងនាមជាដៃគូ ពាណិជ្ជកម្មដ៏ធំមួយក្នុងតំបន់ និងជាម្ចាស់ជំនួយដ៏ធំមួយ ហើយចិនក៏បានចាត់ទុកប្រទេសកម្ពុជា ជាមហាមិត្តរបស់ខ្លួនផងដែរ អ្វីៗទាំងអស់នេះហើយដែលជាចំណុចវិជ្ជមានល្អ ក្នុងការទាក់ទាញអ្នកវិនិយោគទុន ពីប្រទេសចិនមកកម្ពុជាឱ្យកាន់តែច្រើន។
ការថ្លែងរបស់លោកបណ្ឌិត ធ្វើឡើងក្នុងឱកាសដែល លោកអញ្ជើញអធិបតី និងជាវាគ្មិនចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងសិក្ខាសាលាមួយរបស់ សាកលវិទ្យាល័យអាស៉ី អឺរ៉ុន ក្រោមប្រធានបទស្តីពី «ការឈ្វេងយល់ អំពីច្បាប់ពាណិជ្ជកម្មអាស៊ាន និងពិភពលោក» ដល់គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតទាំងអស់សរុបចំនួន៣៧១នាក់ ដើម្បីបំពេញបន្ថែមលើចំណេះដឹងស្របតាមតម្រូវការជាក់ស្តែងរបស់សង្គមជាតិ និងនិន្នាការរីកចម្រើនរបស់តំបន់ និងពិភពលោក។
លោកបណ្ឌិត សុក ស៊ីផាន់ណា ក៏បានលើកឡើងអំពី ច្បាប់ពាណិជ្ជកម្មនៃការធ្វើពាណិជ្ជកម្មរវាងប្រទេសសមាជិកអាស៊ាន រវាងអាស៊ានជាមួយនឹងប្រទេសមហាអំណាច ដូចជា ចិន អាមេរិក និងជប៉ុន ជាដើម។ កត្តាទាំងអស់នេះហើយដែលជំរុញការការផលិត និងបង្កើនគុណភាពទំនិញ ដោយឈរលើទីផ្សារប្រកួតប្រជែងក្នុងឆាកអន្តរជាតិ។
ជាមួយគ្នានេះ លោកបណ្ឌិត សុក ស៊ីផាន់ណា បានសរសើរចំពោះសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលបានចូលរួមចំណែក ក្នុងការបណ្តុះបណ្តាលប្រកបដោយ គុណភាពផ្អែកលើគោលការណ៍ អន្តរជាតូបនីយកម្ម នៃកម្មវិធីសិក្សា បានធ្វើកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ ជាមួយដៃគូជាតិ និងអន្តរជាតិជាច្រើន ក្នុងការអភិវឌ្ឍវិស័យអប់រំ និងបាន អញ្ជើញវាគ្មិនល្បីៗជាតិ-អន្តរជាតិ ដើម្បីធ្វើបទបង្ហាញជូនដល់និស្សិត។
ការត្រៀមខ្លួនដើម្បីប្រកួតប្រជែង ជាមួយប្រទេសដែលជាសមាជិកអាស៊ាន ក្នុងបរិបទសង្គមនាបច្ចុប្បន្ន គឺផ្តើមចេញពីយុវជនជាដំបូង ការខិតខំរៀនសូត្រ និងការប្រើប្រាស់ភាសាបរទេស ឱ្យបានល្អសម្រាប់ការទំនាក់ទំនង។ ការចុះបញ្ជីចូលជាសមាជិក អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានជំរុញឱ្យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានការរីកចម្រើន ជាពិសេស ការនាំចេញទំនិញទៅកាន់ បណ្តាលប្រទេសនៅអឺរ៉ុប៕