(បាត់ដំបង)៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា អនុប្រធានក្រុមការងា រគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកសង្កែ និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយឃុំ អន្លង់វិល ឃុំរកា និងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង និងសហការី បានយកអំណោយដែលជា មូលនិធិសប្បុរសធម៌របស់ សម្តេចក្រឡាហោម ស ខេង ប្រធានក្រុមការងារ គណបក្ស ប្រជាជនកម្ពុជាចុះជួយខេត្តបាត់ដំបង ដល់តាមផ្ទះប្រជាពលរដ្ឋ ដែលក្នុងគ្រួសារមានសមាជិក សម្រាលកូន និង គ្រួសារដែលមានសមាជិកទទួលមរណភាព ចំនួន០២ឃុំ គឺមានឃុំរកា និងអូរដំបង១ សរុបចំនួន៥៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា ២០០.០០០រៀល និងសម្ភារៈ មួយចំនួន ផេ្សងទៀតអស់ថវិកាសរុបចំនួន ២២,៦០០,០០០រៀល។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ បានសំណេះសំណាលសួរសុខទុក្ខជាមួយ បងប្អូនប្រជាពល រដ្ឋរស់នៅក្នុង ឃុំរកា និងអូរដំបង១ ហើយបានណែនាំដល់ សមាជិកក្រុមការងារចុះជួយឃុំ និង ក្រុមប្រឹក្សាឃុំទាំងអស់ ឲ្យជួយជម្រុញបងប្អូន ប្រជាពលរដ្ឋដែលមិនទាន់ បានទៅចុះឈ្មោះបោះឆ្នោត អោយរួសរាល់ទៅចុះឈ្មោះបោះឆ្នោត ព្រោះថានៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខជាថ្ងៃបិទបញ្ចប់ នៃការចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ហើយ។
បន្ទាប់ពីសំណេះសំណាលជាមួយ ប្រជាពលរដ្ឋរួចមក លោកឧត្តមសេនីយ៍ ក៏បានផ្តាំផ្ញើរការសួរសុខ ទុកពីសំណាក់សម្តេចក្រឡាហោម ស ខេង និងលោក ជំទាវ ហើយជានិច្ចជាការ សម្តេចក្រឡាហោម និងលោកជំទាវ តែងតែយកចិត្តទុកដាក់ គិតគូដល់សុខ ទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប៕