(កំពង់ស្ពឺ)៖ លោកយាយជរា​ព្រះជន្ម​ ១១៦ឆ្នាំ​ និងមានកូន​២នាក់​ ម្នាក់អាយុ​៧០ឆ្នាំ​ និងម្នាក់ទៀតអាយុ​៧២ឆ្នាំ​ ព្រមទាំងចាស់ៗជរាគ្មានទីពឹងចំនួន​២៣គ្រួសារ​ទៀត​ រស់នៅឃុំព្រៃក្មេង​ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ មានក្តីរំភើបស្ទើរស្រក់ទឹកភ្នែក នៅពេលបានការសណ្តោសប្រណីពី​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលបានចាត់ឱ្យ​ លោកស្រី​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ រួមនឹងសហការី​ នៃសាខាកាកបាទ ក្រហមកម្ពុជា​ ខេត្តកំពង់ស្ពឺ​ ចុះជួបសួរសុខទុក្ខ​ ព្រមទាំងបាននាំយកអំណោយមនុស្សធម៌ជូនពួកគាត់​ដល់លំនៅឋានផ្ទាល់​ នៅថ្ងៃទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៦​នេះ។

លោកយាយ​ លោកតា​ ទាំង​អស់​ បានសំដែងនូវការដឹងគុណ​ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដោយគ្មានថ្ងៃបំភ្លេចបានឡើយ​ ព្រោះ​អំណោយដ៏ថ្លែថ្លានេះ​នឹងជួយសម្រាលការលំបាកដល់ជីវភាពរស់នៅរបស់ពួកគាត់​បានមួយរយៈពេល ហើយពួកគាត់បានថ្លែងទៀតថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ គឺជាមាតាមនុស្សធម៌ដ៏ឆ្នើមបំផុតមិនអាចខ្វះបាន​ ដែលសម្ដេច តែងតែបានយកចិត្តទុកដាក់​ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋដោយមិនលំអៀង​ មិនប្រកាន់វណ្ណៈ​ ពូជសាសន៍​ ពណ៌សម្បុរ​ ឬនិន្នាការនយោបាយអ្វីឡើយ»។

ក្នុងដំណើរចុះសួរសុខទុក្ខដល់លំនៅឋាននេះ​ លោកស្រី អគ្គលេខាធិការរងទី​១​ បានពាំនាំនូវក្តីនឹករលឹក​ និងការគិតគូរខ្ពស់ពីសំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ជូនចំពោះលោកយាយ លោកតា​ ថ្វីបើនៅពេលនេះ​សម្តេច​មិនបានអញ្ជើញចុះមកផ្ទាល់​ ក៏លោក​ បានចាត់ឱ្យក្រុមការងារចុះមកជួបផ្ទាល់ជាមួយ​ចាស់ៗ​ ដែលរស់នៅម្នាក់ឯង​ ឬគ្មានអ្នកថែទាំបានដិតដល់។

សូមបញ្ជាក់ថា​ អំណោយត្រូវប្រគល់ជូនគ្រួសារលោកយាយ​ ប៉ែន​ រី​ ដែលមាន​ព្រះជន្ម ១១៦ឆ្នាំនោះ​ រួមមាន​៖​ អង្ករ​ ១១០គីឡូក្រាម​ មី​ ២កេស​ ទឹកប្រទាល កន្ទុយក្រពើ​ ២កេសធំ​ ទឹកត្រី​ ១២ដប​ ទឹកស៊ីអ៊ីវ​ ១២ដប​ នំផ្អែម​ ១ថង់ធំ​ មុង​២​ ភួយ២​ សារុង២​ ក្រមា២​ និងថវិកា​ ៥០០,០០០រៀល​។

ដោយឡែក​ សម្រាប់លោកយាយ លោកតា​២៣គ្រួសារទៀត​ ក្នុងមួយគ្រួសារៗ ទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី​ ៦ដប​ ទឹកស៊ីអ៊ីវ​ ៦ដប​ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា ១០០,០០០រៀល៕