(រតនគិរី)៖ កម្លាំងនគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវប្រចាំគោលដៅភូមិ ឃាត់ខ្លួនជនជាតិវៀតណាម ម្នាក់ និងរឹបអូសបានអាវុធខ្លីមួយដើមប្រគល់ឲ្យនគរបាលស្រុកអូរយ៉ាដាវ នៅវេលាម៉ោង១០៖១០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
លោកម៉ៅ សាន់ អធិការនគរបាលស្រុកអូរយ៉ាដាវប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ Pham Van Oanh និងអាវុធខ្លី មួយ ដើមម៉ាក K59 មាន៨គ្រាប់ មានទីលំនៅឃុំយ៉ាងទម ស្រុកដាក់កឺ ខេត្តយ៉ាឡាយ មុខរបរកម្មករក្រុមហ៊ុនកុងថាង ហើយជនសង្ស័យរូបនេះ បានឆ្លងដែនមកទិញឈើនៅទឹកដីខេត្តរតនគិរី។
លោកម៉ៅ សាន់ បន្តថាដោយប្រើប្រាស់វិធានការជំនាញជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានលួចឆ្លងដែនដោយ ជិះម៉ូតូចូលមកកម្ពុជាតាមច្រករបៀងក្នុងគោលបំណងយកប្រាក់២លានរៀលមកឲ្យឈ្មោះមិញជនជាតិវៀតណាមដែល កំពុងរង់ចំានៅគោលដៅខាងលើ(គល់ស្ពានផ្លូវបំបែកចូលភូមិភិ) ហើយអាវុធនេះបានទិញពីជនជាតិខ្មែរម្នាក់(មិនស្គាល់ឈ្មោះ) តម្លៃ៥០០ដុល្លាសំរាប់ប្រើប្រាស់។
បន្ទាប់ធ្វើការសាកសួរកម្លាំងនគរបាលជំនាញអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវបានបញ្ជូនជនសង្ស័យ និងអាវុធខ្លី១ដើមមកស្នងការដ្ឋាននគរបាលខេត្តរតនគិរីដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់។
ស្នងការនគរបាលខេត្តរតនគិរី លោកឧត្តសេនីយ៍ត្រីងួន គឿង បានប្រាប់ភ្នាក់ងារ Fresh News នៅវេលាម៉ោង ៣៖៤០នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០១៦ តាមទូរស័ព្ទយ៉ាងខ្លីថាជនសង្ស័យជនជាតិវៀតណាម និង វត្ថុតាងអាវុធខ្លីK៥៩ មាន៨គ្រាប់ បញ្ជូនទៅសាលាដំបូងខេត្តរតនគិរី តាំងពីព្រឹកមិញម្ល៉េះ៕