(ភ្នំពេញ)៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងប្រធានរដ្ឋសភាឡាវ លោកស្រី ប៉ានី យ៉ាថទូ បាននូវសុទិដ្ឋិនិយមយ៉ាងខ្លាំងចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ឡាវនាពេលបច្ចុប្បន្ន ព្រមទាំងលើកទឹកចិត្តឲ្យរដ្ឋាភិបាលប្រទេសទាំងពីរបន្តដោះស្រាយបញ្ហាសេសសល់ ដើម្បីបន្តដំណើរការបោះបង្គោលព្រំដែនប្រទេសទាំងពីរ។
ការចង់ឲ្យរដ្ឋាភិបាលកម្ពុជា-ឡាវ បន្តការបោះបង្គោលព្រំដែននេះ បានធ្វើឡើងក្នុងពេលដែលលោកស្រី ប៉ានី យ៉ាថទូ អញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
លោកស្រីប្រធានរដ្ឋសភា បានគូសបញ្ជាក់ក្នុងជំនួបសម្តែងការគួរសមនោះថា តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំស្ថា ប័នកំពូលៗនៃប្រទេសទាំងពីរ ជាពិសេសដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក ថងលួន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ បានធ្វើឲ្យទំនាក់ទំនង និងកិច្ចសហការរវាងកម្ពុជា ឡាវ កាន់តែមានភាពល្អប្រសើរ។ លោកស្រីជឿថា តាមរយៈទំនាក់ទំនងល្អនេះ នឹងធ្វើឲ្យប្រទេសទាំងពីរមានការរីកចម្រើនថែមទៀត។
លោកស្រី ប៉ានី យ៉ាថទូ បានបង្ហាញនូវទស្សនៈសុទិដ្ឋិនិយមថា ការបើកច្រកទ្វារព្រំដែនអន្តរជាតិ ណងនុឃឿន-ត្រពាំងគ្រៀល គឺជាការបើកសករាជថ្មី សម្រាប់បន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោកស្រី ក៏បានឲ្យដឹងដែរថា ដោយផ្អែកលើកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរនេះ នៅឆ្នាំ២០១៧ នឹងមានការសាងសង់ស្ពានឆ្លងកាត់ទន្លេល្ពៅ ដែលនឹងធ្វើឲ្យការឆ្លងដែនរបស់ប្រជាពលរដ្ឋប្រទេសទាំងពីរកាន់តែមានភាពងាយស្រួលថែមទៀត។ ដោយសារកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ប្រទេសទាំងពីរ ក៏បានព្រមព្រៀងគ្នា ដើម្បីដោះដូរអ្នកទោសដោយឥតមានលក្ខខ័ណ្ឌ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានយល់ស្របដូចលោកស្រីប្រធានរដ្ឋសភាឡាវផងដែរ ចំពោះភាពរីកចម្រើន នៃទំនាក់ទំនងកម្ពុជា-ឡាវ។ សម្តេច សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដែលសម្រេចបានក្នុងការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈផ្សេងៗខាងផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌ និងបញ្ហាព្រំដែនប្រទេសទាំងពីរ ដែលធ្វើការពិនិត្យខ្សែព្រំដែននៅលើដីជាក់ស្តែងបាន ៨៦% នៅសេសសល់១៤% ទៀតកំពុងដោះស្រាយ។
សម្តេច សាយ ឈុំ ក៏បានលើកទឹកចិត្តដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ បន្តដោះស្រាយបញ្ហា ដែលនៅសេសសល់ ដើម្បីឈានទៅបោះបង្គោលព្រំដែនៃប្រទេសទាំងពីរឲ្យបានរួចរាល់ ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចាត់ទុកដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានរដ្ឋសភាឡាវ ជាដំណើរទស្សនកិច្ចនាំមកនូវការពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជាគុណប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជន និងប្រទេសទាំងពីរ និងជាឱកាសពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងអង្គការនីតិប្បញ្ញត្តិទាំងពីរ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
សម្តេចវិបុលសេនាភក្តី បានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រីនៅកម្ពុជាមានអត្ថន័យ ពិសេសស្របពេលដែលប្រទេសទាំងពីរ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ (១៩៥៦-២០១៦) នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រធិបតេយ្យប្រជាមានិតឡាវ។ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងសភានៃប្រទេសទាំងពីរ បានផ្លាស់ប្តូរលិខិតអបអរសាទរទៅវិញទៅមក និងបានរៀបចំ ការប្រកួតបាល់ទាត់មិត្តភាព សម្តែងសិល្បៈរួមគ្នា រៀបចំសិក្ខាសាលា និងធ្វើបាឋកថាស្តីពី ប្រវត្តិទំនាក់ទំនង កម្ពុជា-ឡាវ ៦០ឆ្នាំ។
ក្នុងជំនួបនេះសម្តេច សាយ ឈុំ បានរំលឹកទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ក្រោមស្នាព្រះហស្ត អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំឡាវជំនាន់មុន។ ផ្អែកលើប្រវត្តិសាស្រ្តនៃប្រទេសទាំងពីរ គឺធ្លាប់មានប្រវត្តិតស៊ូពុះពារឆ្លងកាត់ឧបសគ្គ លំបាក និងជួយគ្នាទៅវិញទៅមក ដើម្បីបុព្វហេតុរំដោះជាតិប្រឆាំងការឈ្លានពានត្រួតត្រារបស់អាណានិគមនិយម៕